ព័ត៌មានទាន់ហេតុការណ៍៖

ខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញឃាត់រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងរកឃើញសត្វព្រៃជាច្រើនប្រភេទជិតកន្លះតោន

ចែករំលែក៖

ភ្នំពេញ៖ ខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញឃាត់រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងដែលលួចដឹកសត្វព្រៃខុច្បាប់ឆែកឆេររកឃើញកេសដឹកសត្វព្រៃជាច្រើនប្រភេទ ។

ប្រតិបត្តិការបង្ក្រាបករណីនេះដឹកនាំដោយលោកគាំ សីហា នាយការិយាល័យរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញកាលពីម៉ោង៥ភ្លឺ ថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលេខ៧០ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។

សមត្ថកិច្ចខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ បានឲ្យដឹងថា រថយន្តដែលបង្ក្រាបបានជាប្រភេទរថយន្តក្រុងដឹកអ្នកដំណើរ របស់ក្រុមហ៊ុន សាលាអង្គរខ្មែ អុិចប្រេស្ស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ:3C-9774 អ្នកបើកបររថយន្តគេចខ្លួនបាត់។

ក្រោយកើតហេតុសមត្ថកិច្ចខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ បានយករថយន្តក្រុងដែលមានលួចលាក់ដឹកសត្វព្រៃមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ នៅខណ្ឌចំការមន រង់ចាំព្រះរាជអាជ្ញា ចុះមកត្រួតពិនិត្យ ដើម្បីប្រគល់ទៅឲ្យអង្គការសត្វព្រៃបន្ត។

បើតាមសម្តីលោកគាំ សីហា នាយការិយាល័យរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ បានឲ្យដឹងថាប្រតិបត្តិការគឺកំលាំងរបស់លោកបានតាមដានស៊ើបអង្កេតរយះពេលមួយសប្តាហ៍មកហើយ ទើបនៅព្រឹកកើតហេតុនេះ បានឃើញរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង ដោយមានការសង្ស័យ ក៏បានឃាត់ឆែកឆេររកឃើញសត្វព្រៃជាច្រើនកេសនៅក្នុងរថយន្ត ។

លោកគាំ សីហា បន្តថា នៅក្នុងប្រតិបត្តិការនេះគឺមានការសម្របសម្រួលដោយលោកហុឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ហើយសត្វព្រៃដែលបង្ក្រាបបានមានចំនួន១៧កេស ក្នុងនោះមានសត្វអន្សង កន្ធាយ អណ្តើក ពស់ និងសត្វប្រវឹង ស្មើនឹង៤២១គីឡូក្រាម។

បន្ទាប់ពីធ្វើរបាយការណ៍រួចសត្វព្រៃទាំងអស់នេះត្រូវបានលោកគាំ សីហា នាយការិយាល័យរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ ប្រគល់ទៅឲ្យអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលមានទីតាំងនៅក្នុងសង្កាត់បឹងត្របែកខណ្ឌចំការមន ដើម្បីយកទៅព្រលែងនៅតាមតំបន់ព្រៃភ្នំ រីឯសត្វដែលងាប់គឺក្រុមការងារយកទៅដុតកំទេចចោល៕ ស រស្មី


ចែករំលែក៖