ភ្នំពេញ៖ តូបលក់ដូរនៅផ្សារកណ្តាល ផ្នែកខាងក្រៅអស់ចំនួន៤តូប(ធំ២តូច២) ត្រូវបានអគ្គិភ័យលេបទ្របាក់ទាំងកណ្ដាលអាធ្រាត្រ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងអាជ្ញាធរខណ្ឌដូនពេញ ចុះអន្តរគមន៍ភ្លាមៗ ដោយសហការជាមួយក្រុមអន្តរាគមន៍ឡានពន្លត់អគ្គីភ័យ ជួយពន្លត់បានភ្លាមៗទាន់ពេលវេលាអស់រយៈពេលកន្លះម៉ោង ។
ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចទីរួមផ្សារកណ្តាល ផ្លូវលេខ១៣ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ មានករណីអគ្គីភ័យឆាបឆេះតូបនៅក្នុងទីរួមផ្សារកណ្តាល បណ្តាលមកពី ឆ្លងចរន្តអគ្គីសនី ។
ក្នុងហេតុការណ៍នោះគេឃើញ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចុះដល់កន្លែងកើតហេតុនិងបានដឹកនាំ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដោយផ្ទាល់ សហការជាមួយក្រុមអន្តរាគមន៍ឡានពន្លត់អគ្គីភ័យ ជួយពន្លត់បានភ្លាមៗទាន់ពេលវេលា ដោយបាញ់ទឹកឲ្យរលត់ទៅវិញ នៅវេលាម៉ោង ១និង៣០នាទីនាថ្ងៃដដែល ។
ករណីខាងលើនេះដែរ ពុំបណ្តាលឲ្យមានមនុស្សស្លាប់ ឬរងរបួសនោះទេ ប៉ុន្តែបណ្តាលឲ្យឆេះតូបផ្សារផ្នែកខាងក្រៅចំនួន០៤តូប(ធំ២តូច២) និង ប្រើប្រាស់ម៉ូតូទឹករបស់រដ្ឋបាលខណ្ឌដូនពេញ អស់ចំនួន០៦ធុង ស្មើនឹង០២គ្រឿង និង រថយន្តពន្លត់អគ្គីភ័យចំនួន០៦គ្រឿង ៕ ស តារា