ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ ជានគរបាលខណ្ឌព្រែកព្នៅ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ក្រោយធ្វើសកម្មភាពបាញ់បោះសេរី នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ។
មន្រ្តីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ក្រោយពីឃាត់ខ្លួនមន្រ្តីទំនើងរូបនេះនាំមកសាកសួររួចបញ្ចប់នីតិវិធី ហើយនៅព្រឹកថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨នេះ សមត្ថកិច្ចបានបញ្ជូនទៅកាន់តុលាការ ដើម្បីបន្តនីតិវិធីច្បាប់ ។
ប្រភពបន្តទៀតថា ជនដៃដល់មានឈ្មោះ ផន សុផល ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរនគរបាលខណ្ឌព្រែកព្នៅ ស្នាក់នៅផ្ទះលេខ ១៤៤ AE1 ផ្លូវ៥៩៨ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងកាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ អន សារី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរសន្តិសុខផ្សារផ្លាហ្សា ។
យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះបានរៀបរាប់ថា នៅល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ ជនសង្ស័យឈ្មោះ ផន សុផល បានជិះម៉ូតូ ម៉ាក ZOOMER X ពណ៍លឿង ក្នុងស្ថានភាពស្រវឹង បានដកកាំភ្លើងម៉ាក K54 បាញ់ឡើងលើ២គ្រាប់ (ផ្ទុះមួយគ្រាប់) នៅចំណុចមុខតូបលេខ ៧១៩០ ក្នុងផ្សារផ្លាហ្សា ផ្លូវលេខ៤៥ ភូមិទី១៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ៕ ស តារា