ខេត្តស្ទឹងត្រែង៖ បច្ចុប្បន្នបទល្មើសព្រៃឈើនៅតែកើតមានឡើងជាបន្តបន្ទាប់ ដោយក្រុមឈ្មួញដាក់ទុនឲ្យពលរដ្ឋកាប់អារ នៅក្នុងតំបន់អភិរក្សព្រៃឡង់ និងប្រមូលទិញឈើ ដឹកយកមកស្ទុក និងគរទុក តាមព្រៃចំការចន្ទី ស្ថិតក្នុងភូមិស្រឡៅ ភូមិវាលដេញ ឃុំអន្លុងជ្រៃ រួចដឹកបន្តយកទៅលក់ តាមបណ្តាខេត្ត ដឹកយ៉ាងអនាធិបតេយ្យ ចេញពីរទឹកដីស្រុកថាឡាបរិវ៉ាត់។
ថៅកែឈើលេខពីរដែលធ្វើសកម្មភាពខាងលើត្រូវបានគេស្គាល់ឈ្មោះ ប្រុស ជាថៅកែវ័យក្មេង មានឪពុកឈ្មោះ មា មិត្ត ជាអតីតថៅកែទូកដរ និងឈ្មួញដីដ៏មានឥទ្ធិពល ប្រចាំស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង ហើយក៏ជាកូនដៃឈ្មួញ ទិញឈើប្រណីតយកមកលក់ ឲ្យមេឈ្មួញយាយ ព្រឿង ជនជាតិវៀតណាមអតីត ថៅកែឈើ ដ៏ល្បីឈ្មោះ កាលឆ្នាំ២០១៦កន្លងមក ។
តាមប្រភពពីសមត្ថកិច្ចបានដឹងថា ជារៀងរាល់ថ្ងៃលោក ប្រុស តែងតែប្រមូលទិញ និងដឹកជញ្ជូនឈើចេញពីស្រុកថា ឡាបរិវ៉ាត់ ឆ្លងកាត់ទីរួម ខេត្តស្ទឹងត្រែង យកទៅចែកចាយ តាមដេប៉ូខេត្តផ្សេងទៀត ដូចជាខេត្តព្រៃវែង ស្វាយរៀង និងត្បូងឃ្មុំ ដោយប្រើប្រាស់គោយន្តកន្ត្រៃ និងរឺុម៉កពី៣ទៅ៥គ្រឿងហើយ ក្នុងមួយគ្រឿងៗ អាចផ្ទុកឈើបានមិនតិចជាង៣ទៅ៤ម៉ែត្រគូបទេ។
ហើយសកម្មភាពទាំងនេះគេអាចប្រព្រឹត្តបានយ៉ាងរលូនដោយ មានការឃុបឃិតគ្នាជាប្រព័ន្ធពីសំណាក់អាជ្ញាធ័រនិងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើនៅក្នុងស្រុកផងដែរ។
ពាក់ព័ន្ធករណីខាងលើយើង មិនអាចសុំការបំភ្លឺពីលោកវ៉ា សុខា នាយផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ បានទេនៅព្រឹកថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ដោយទូរស័ព្ទមិនអាចទាក់ទងបាន ។
ដោយឡែកលោកលាង សេង ប្រធានមន្ទីរកសិកម្មខេត្ត ស្ទឹងត្រែងបានឲ្យដឹងថា បញ្ហាខាងលើលោករកមុខថៅកែធំដើម្បីចាត់ការ ៕ មាស សុផាត