ខេត្តឧត្ដរមានជ័យ៖ នាព្រឹកថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ រដ្ឋបាលខេត្តឧត្តរមានជ័យបានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តថ្មីចំនួន២រូប ។
ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព លោក ប៉ាវ ហម ផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅសាលប្រជុំសាលាខេត្តឧត្តរមានជ័យ ព្រមទាំងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀត ។
អភិបាលរងខេត្តថ្មីចំនួនពីររូប ដែលរដ្ឋបាលខេត្តបានរៀបចំប្រកាសចូលកាន់មុខតំណែងនាថ្ងៃនេះ គឺ លោក ឌី រ៉ាដូ អតីតអនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តែងតាំងជាអភិបាលរង ខេត្តឧត្តរមានជ័យ ជំនួសលោកប៊ូ សាខន អភិបាលរងខេត្ត ដែលត្រូវចូលនិវត្តន៍, លោកស្រីមុំ ពទ្ធីតា អតីតអភិបាលរងស្រុកបន្ទាយអំពិល ជំនួសលោកស្រី ឯក សុវណ្ណភារៈ ដែលបានផ្ទេរភារកិច្ចជាអភិបាលរងខេត្តស្វាយរៀង ។
ក្នុងនោះផងដែរ ក៏មានការអញ្ចើញចូលរួមលោក ស ថាវី អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ លោកប្រធានក្រុមប្រឹក្សាខេត្ត លោក អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត លោកប្រធានសាលាដំបូងខេត្ត មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបីរបស់ខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក និងស្ថាបន័ជំនាញពាក់ពន្ធ័មួយចំនួនផងដែរ ៕ ប៉ែន នួន