ខេត្តកំពង់ស្ពឺ៖ អាងស្តុបទឹកទំនប់ចាន់ថ្នាល ត្រូវបានអាជ្ញាធរឃុំឃុបឃិតគ្នាអនុញ្ញាតឲ្យចាក់ដីរំលោភយកធ្វើកម្មសិទ្ធទាំងបំពានច្បាប់ទោះបីជាអភិបាលស្រុកចេញលិខិតផ្អាកចំនួន ៣លើក និងមន្ទីរធនធានទឹក និងឧតុនិយម បានស្នើសុំគោលការទៅអភិបាលខេត្តកំពង់ស្ពឺ ដើម្បីមានវិធានការទប់ស្កាត់សកម្មភាពបោះបង្គោល និងចាក់ដីរំលោភយកធ្វើកម្មសិទ្ធប៉ុន្តែគ្មានប្រសិទ្ធភាព។
ប្រជាពលរដ្ឋ បានឲ្យដឹងថា ដីទំនប់ចាន់ថ្នាល់ ស្ថិតក្នុងភូមិគោកសណ្តែក ឃុំក្រាំងចេក ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ត្រូវបានមន្ត្រីក្រុមប្រឹក្សាឃុំក្រាំងចេក ឃុបឃិតគ្នាចេញចេញលិខិតកាន់កាប់ និងប្រើប្រាស់ទាំងបំពានច្បាប់ ព្រមទាំងអនុញាតិឲ្យចាក់ដីលំលោភយ៉ាងគឃ្លើន។ ប្រជាពលរដ្ឋ បានបន្តទៀតថា លោក ចេង ឃឿង មេឃុំក្រាំងចេក និងស្មៀនស៊ីញ៉េលើពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លីរំលោភយកដីបឹងរបស់រដ្ឋធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនដែលមានទំហំ ២៥ម៉ែត្រគុណ៤០ម៉ែត្រ។
ប្រជាពលរដ្ឋ បានបង្ហើបថា បច្ចុប្បន្នដីអាងស្តុបទឹកចាន់ថ្នាល់ត្រូវបានឈ្មោះ មឿន ថុន និងប្រពន្ធឈ្មោះ ទឹម ស៊ីណា បោះបង្គោលរបងព័ន្ធ និងចាក់ដីបំសាងសង់លំនៅដ្ឋានដោយខុសច្បាប់ដោយឃុបគ្នាជាមួយមន្ត្រីក្រុមប្រឹក្សាឃុំតែម្តង។
ពាក់ព័ន្ធសកម្មភាពចាក់ដីរំលោភអាងស្តុបទឹកចាន់ថ្នាលនេះ ត្រូវបានលោក ងួន វាសនា អភិបាលស្រុកឧដុង្គចេញលិខិតផ្អាកការចាក់ដីនេះចំនួន ៣លើកកន្លងមកហើយ ប៉ុន្តែគ្មានប្រសិទ្ធភាពនោះទេ។
យោងតាមលិខិតផ្អាកចាក់ដីលើកទី៣ លេខ១១៦ សជណ ចុះថ្ងៃ១១ ខែឧសភា ឆ្នាំ២០១៨ បានជម្រាបដល់លោក មឿន ថុន និងប្រពន្ធឈ្មោះ ទឹម ស៊ីណា ផ្អាកសកម្មភាពចាក់ដីរំលោភយកដីយកដីកម្មសិទ្ធរបស់រដ្ឋ (ដីអាងស្តុបទឹកទំនប់ចាន់ថ្នាល់) ស្ថិតជាប់ផ្លូវលេខ១៤៤០ ក្នុងឃុំក្រាំងចេក ដោយរដ្ឋបាលស្រុកមិនអុញ្ញាតឲ្យចាក់ដី សាងសង់ ឬផ្ទេរសិទ្ធលើដីនេះឡើយដោយរងចាំការសម្រេចពីលោកអភិបាលខេត្តសិន។
លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ បានស្នើសុំអន្តរគមទៅលោកអភិបាលខេត្តកំពង់ស្ពឺ ដើម្បីមានវិធានការទប់ស្កាត់ការបោះ បង្គោលលើដីក្នុងអាងសកតុបទឹកចន់ថ្នាល និងសាងសង់សំណង់លើនៅលើដីប្រឡាយ ដែលមានទំហំ២៥ម៉ែត្រគុណ៤០ម៉ែត្រ។ ប្រធានមន្ទីរបានអះអាងថា អាងនេះ ជាអាង ស្តុបទឹកដ៏សំខាន់សម្រាប់បម្រើដល់ការស្រោចស្រប និងប្រើប្រាស់របស់ប្រជាពលរដ្ឋ ដែលរស់នៅជុំវិញអាងទឹក ទាំងរដូវប្រាំង និងវស្សា។
លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក បានចាត់ទុកថា ទង្វើខាងលើនេះ ជាគំរូអាក្រក់ដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរអាងទឹក និងធ្វើឲ្យប៉ះពាល់ដល់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្របផងដែរ៕