ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋខ្មែរម្នាក់បានរងរបួសនូវគ្រាប់កាំភ្លើងទាហានថៃអស់ជាច្រើនម៉ោងទើបស្លាប់បាត់បង់ជីវិត នៅគ្រាដែលគេសង្ស័យគាត់លួចចូលឆ្លងដែនខុសច្បាប់ ក្នុងគោលបំណងទៅកាប់ដើមឈើគ្រញូង។
ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤ និង១៥នាទី រសៀល ថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចក្នុងព្រៃនៃគល់ឈើ ១ ស្ថិតក្នុងស្រុកមឿង ខេត្តត្រាត(ប្រទេសថៃ)។
លោក វរសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឲ្យអ្នកកាសែតនគរវត្តដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ នេះថា ជនរងគ្រោះ(ស្លាប់)ដោយរងនូវគ្រាប់កាំភ្លើងទាហានជនជាតិថៃឈ្មោះ សះ សុខ ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានរងរបួស(ចំត្រកៀកផ្នែកខាងឆេង)។
លោក អធិការបន្តទៀតថា ជនរងគ្រោះឆ្លងដែនខុសច្បាប់មានគ្នាចំនួន ២នាក់ប៉ុន្តែម្នាក់ទៀតប្រពន្ធកូនមិនស្គាល់អតៈញ្ញាណនោះឡើយ ចូលទៅដើម្បីក្នុងគោលបំណងកាប់ឈើគ្រញូង តែជាអកុសល់ក៍ប៉ះទាហាជនជាតិថៃដេញបាញ់បណ្ដាលឲ្យរងរបួស ខណៈនោះដៃគូព្យាយាមគ្រាហ៍ជនរងគ្រោះដើម្បីគេចខ្លួនពីការប្រមាញ់របស់ទាហានថៃរហូតស្ទើរអស់ខ្យល់ ទើបសម្រេចចិត្តដាក់ជនរងរបួសចោលម្នាក់ឯងនៅចំណុចគល់ឈើ ១នៅក្នុងព្រៃក្បែងកន្លែងកើតហេតុ ក៏ដើរមកដល់ផ្ទះជនរងគ្រោះនៅវេលាម៉ោងជាង៤ទៀបភ្លឺ ថ្ងៃទី២៩ ខែឆ្នាំដដែល ដើម្បីប្រាប់អំពីហេតុការណ៍ដល់ប្រពន្ធកូនជនរងគ្រោះរួចគេចខ្លួនបាត់ លុះភ្លឺឡើងថ្ងៃដដែលក៏បង្កការភ្ញាក់ផ្អើលដល់អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានតែម្តង។
លោក វរសេនីយ៍ឯក បន្តទៀតថា ភ្លាមនោះអាជ្ញាធរមានសមត្ថកិច្ចព្យាយាបទំនាក់ទំនងទៅសមត្ថកិច្ចខាងភាគ្គីថៃតែគ្មានការឆ្លើយតប ប៉ុន្តែកូនៗជនរងគ្រោះហាក់បីដូចស្គាល់ចំណុចទីតាំងក៍នាំទៅរុករកឃើញឪពុកនៅមានដង្ហើមនៅឡើយ ប៉ុន្តែដោយរបួសធ្ងន់ធ្ងរពេកម៉្យាងអាច្រើនម៉ោងផងធ្វើឲ្យហូរឈាមច្រើន ហើយក៍បានដាច់ខ្យល់ស្លាប់នៅតាមផ្លូវក្នុងព្រៃទឹកដីប្រទេសថៃ នៅគ្រាដែលកូនៗព្យាយាមសែងឪពុកមកផ្ទះ សាកសពបានតំកល់ធ្វើបុណ្យតាមប្រណីនៅលំនៅដ្ឋានជនរងគ្រោះ។
គួររំលឹកផងដែរថា៖ តាមសេចក្តីរាយការណ៍នានាពីឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅទឹកដីប្រទេសថៃ ជាប់ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់នេះ មានករណីប្រជាពលរដ្ឋខ្មែរត្រូវបាន ចាប់ខ្លួន រងរបួសស្រាលធ្ងន់ និងស្លាប់ជាបន្តបន្ទាប់ច្រើន ពីសំណាក់សមត្ថកិច្ចប្រទេសថៃ ដោយសារតែការលួចចូលឆ្លងដែនខុសច្បាប់ដើម្បីកាប់ឈើគ្រញូង ខណៈនៅឃុំថ្មដានេះសម្បូរទៅដោយឈ្មួញឈើគ្រញូងឈរចាំប្រមូលទិញបំផុសបំផុលឲ្យចូលទៅកាប់ ហើយអាចមានការឃុបឃិតពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចពិសេសនគរបាលការពារវរៈព្រំដែនផងដែរ ដូច្នេះករណីនេះមន្រ្តីជំនាញថ្នាក់លើគួរតែចុះស្រាវជ្រាវ និងសើបអង្កេតជៀសវាងប្រជាពលរដ្ឋរងគ្រោះឥតឈប់ឈរបន្តទៀត៕ ប៉ឹម ពិន