ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តទំនើបMARCHបុករថយន្តស៊ិនទ្រីពីក្រោយបណ្ដាលរបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីម្នាក់រួមទាំងកូនតូចពីរនាក់បើករថយន្តសេរីទំនើបមួយគ្រឿង បោះពួយយ៉ាងលឿន ហើយរេចង្កូតទៅបុករថយន្តស៊ិនទ្រីកំពុងឈប់ប្រមូលសំរាមពីក្រោយបណ្ដាលឲ្យត្រូវកម្មករស៊ិនទ្រីម្នាក់កំពុងប្រមូលសំរាម រងរបួសធ្ងន់ ចំណែកកូនតូចពីរនាក់ខាងរថយន្តរបួសស្រាល។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវសហពន្ធរុស្ស៊ី ត្រង់ចំណុចបុរីញូថោន ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេស្ត្រីម្នាក់រួមនិងកូនតូចពីរនាក់ទៀត បានបើករថយន្តមួយគ្រឿងម៉ាកMARCH ពាក់ស្លាកលេខភ្នំពេញ2T-6592 ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន និងដោយខ្វះការប្រុងប្រយ័ត្ន ក៏រេចង្កូតទៅបុករថយន្តស៊ិនទ្រី ដែលកំពុងឈប់ប្រមូលសំរាម ចំពីក្រោយពេញទំហឹង បណ្ដាលឲ្យត្រូវកម្មករស៊ិនទ្រីម្នាក់រងរបួសធ្ងន់ ឯក្មេងតូចពីរនាក់ខាងរថយន្តរងរបួសស្រាល ហើយភ្លាមៗ ជនរងគ្រោះទាំងរបួសធ្ងន់ស្រាល ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញ វាស់វែងយករថយន្តទាំងពីរគ្រឿងទៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖