ខេត្តកំពង់ឆ្នាំង ៖ សិស្សប្រុសម្នាក់បានរងរបួសធ្ងន់ធ្ងរ និងបានស្លាប់ពាក់កណ្តាលផ្លូវ ពេលបញ្ជូនទៅសង្រ្តោះនៅពេទ្យភ្នំពេញ ។ នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយម៉ូតូពីរគ្រឿងបានបុកគ្នា កាលពីវេលាម៉ោង១២និង១០នាទីថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវកោងខាងមុខវត្តយាយទេព ស្ថិតក្នុង ភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំ ក្រុងនិងខេត្តកំពង់ឆ្នាំង ។
សមត្ថិកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ យុវសិស្សឈ្មោះ ណាំ ទិដ្ឋាកា អាយុ១៦ឆ្នាំ ជាសិស្ស បើកម៉ូតូម៉ាកហុងដាគុប ពណ៌ស្លែ ពាក់ស្លាកលេខ ក.០៩៧៦ ក.ឆ១ រស់នៅភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានធ្វើដំណើរពីផ្សារក្រោមមកផ្សារលើនៅពេលមដល់ចំណុចកើតហេតុក៏ស្រាប់តែមានយុវជនម្នាក់ឈ្មោះ អ៊ុល វុទ្ធីអាយុ២៤ឆ្នាំ រស់នៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពាក់ស្លាកលេខ កំពង់ឆ្នាំង ១D -៩៣៥៦ បើកក្នុងល្បឿនយ៉ាងលឿន ក្នុងទិសដៅច្រាស់គ្នា ពេលមដល់ចំណុចកើតហេតុកន្លែងផ្លូវកោង បានជ្រុលទៅបុកម៉ូតូហុងដាគុបពេញមួយទំហឹង បណ្តាលឲ្យអ្នកបើកបរទាំងពីរនាក់ប៉ើងខ្ទាតចេញពីម៉ូតូរៀងៗខ្លួន បោកក្បាលទៅនឹងដី រងរបួសធ្ងន់ធ្ងរ ។
ក្រោយពេលកើតហេតុភ្លាមៗជនរងត្រូវបានដឹកយកមសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដោយសារស្ថានធ្ងន់ធ្ងរជនរងគ្រោះឈ្មោះណាំ ទិដ្ឋាការ ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្នំពេញ និងបានស្លាប់ពាក់កណ្តាលផ្លូវ ។
មធ្យោបាយបង្កទាំងពីរត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការនគរបាលក្រុង កំពង់ឆ្នាំង ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី ៕ ចន្ថា