ព័ត៌មានទាន់ហេតុការណ៍៖

ទារកកើតក្នុងបន្ទប់ទឹកហើយម្តាយបោះបង់ចោលមានឈ្មោះថា សុគន្ឋវាសនាសំណាង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ គេនៅចាំបានថា កាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ នៅរោងចក្រ វីងស្តាស៊ូ ស្ថិតនៅតាមបណ្តោយផ្លវជាតិលេខ៣នៅភូមិអង្គសុគន្ឋា ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានករណីកម្មការិនីមិនស្គាល់មុខម្នាក់កើតកូនចោលក្នុងបន្ទប់ទឹកជិតចានបង្គន់ ហើយម្តាយបានគេចខ្លួនបាត់ត្រូវបានក្រុមគ្រូពេទ្យ និងរដ្ឋបាលរោងចក្របញ្ជូនទៅកាន់មណ្ឌលសុខភាពត្រាំខ្នារដើម្បីសង្គ្រោះបន្ទាន់ ។ មកដល់ពេលនេះមានរយៈពេលជិតកន្លះខែ មកហើយដែលទារកអភ័ព្វម្នាក់នេះកំពុងសង្រ្គោះនៅក្នុងមន្ទីរពេទ្យត្រាំខ្នារ ហើយអ្វីដែលពិសេសទៀតនោះគឺមាន ប្តី ប្រពន្ធពីរនាក់ដែលរៀបការជាង១០ឆ្នាំមកហើយគ្មានកូនមួយគ្រាប់នឹងគេនោះ បានតាមថែរក្សាបីបាច់ទារកនោះសុំមកធ្វើជាកូនបង្កើតដោយ ដាក់ឈ្មោះវាថា«សុគន្ឋវាសនាសំណាង » ទៀតផង ។

ស្រី្តដែលគ្មានកូន ហើយសុំទារកខាងលើមកចញ្ចឹមធ្វើជាកូនបង្កើតនោះ ឈ្មោះ សុភា អាយុ៣៦ឆ្នាំ ជាកម្មការិនី ចំណែកប្តីឈ្មោះ សុគន្ឋ អាយុ៣៦ឆ្នាំ បំរើការងារនៅរោងចក្រវីងស្តារស៊ូជាមួយប្រពន្ធអស់រយៈពេល៦ឆ្នាំមកហើយ។

ស្រី្តរូបនេះបាននិយាយថា ក្រោយមានការភ្ញាក់ផ្អើលថាមានទារកម្នាក់កើតក្នុងបន្ទប់ទឹកហើយម្តាយរត់ចោល នាងហាក់មានអារម្មណ៍អាណិតទារកនោះជាខ្លាំងរហូតបានទៅជួបហាក់មាននិស្ស័យក៏ទាក់ទងយកមកពេទ្យហើយតាមមើលថែរហូតតាំងពីមន្ទីរពេទ្យត្រាំខ្នារ ដល់មន្ទីរពេទ្យកុមារជាតិ ។នាង និងប្តីបានទុកទារកនេះដូចជាកូនបង្កើតរបស់នាងទៀតផង ។ ព្រោះតែនាង និងប្តីរៀបការអស់រយៈពេលជិត១០ឆ្នាំមកហើយមិនមានកូននឹងគេសោះបើទោះជាទៅបន់ស្រន់សុំកូនពីអារុកអារក្សអ្នកតាយ៉ាងណាក៏ដោយក៏មិនបានដូចបំណងដែរ ។

នាងថា ថ្ងៃមួយក្រោយពេលចូលឆ្នាំខ្មែររួចបន្ទាប់ពីត្រឡប់មកពីស្រុកកំណើតវិញនាងបានបន់ស្រន់សុំកូនពីលោកតាក្រហម.កប្រចាំរោងចក្រមួយនេះមេត្តាជួយឲ្យនាង និងប្តីមានកូនដូចគ្រួសារគេដ៏ទៃគ្រាន់បានប្រឡែងលេងនឹងគេផង ។រហូតដល់យប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ពេលលង់ក្នុងដំណេកស្រាប់តែយល់លសប្តិ្តឃើញមានក្មេងប្រុសម្នាក់មកដេកលើផ្ទៃរបស់នាងធ្វើឲ្យនាងសប្បាយចិត្តជាខ្លាំង និងរំភើបឥតឧបមា ព្រោះតែក្តីរំពឹងចង់បានកូនបានក្លាយជាការពិត។ ផ្ទុយទៅវិញបែរជាអស់សង្ឃឹមព្រោះតែជាការយល់សប្តិសោះ។ រហូតដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ ដែលជាថ្ងៃកើតហេតុមានការភ្ញាក់ផ្អើលនៅក្នុងរោងចក្រថា មានគេកើតកូនហើយបោះចោលនៅក្នុងបន្ទប់ទឹក នាងក៏បានស្វះស្វែងតាមរករហូតដល់ពេទ្យត្រាំខ្នារហើយ ដោយមាននិស្ស័យ និងក្តីអាណិតអាសូរនាងក៏បានស្នើសុំឲ្យពេទ្យបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យកុមារជាតិព្រោះពេទ្យនៅត្រាំខ្នារថាសុខភាពរបស់ទារកខ្សោយខ្លាំងណាស់ ដោយសារតែគេត្រូវបានទុកចោលអោយនៅហាលខ្យល់យូរម៉ោងពេក ។

នៅពេលដែលនាងនៅថែទារកនេះក្នុងមន្ទីរពេទ្យ ធ្វើឲ្យអ្នកនៅទីនោះដែលដឹងរឿងបានលាន់មាត់អាណិតដល់វាសនាទារកដ៏អភ័ព្វនេះថា ពិតជាមានសំណាងណាស់ដែលជួបមនុស្សចិត្តបុណ្យបែបនេះ ពោល ប្តីប្រពន្ធ២នាក់នេះមើលថែទារកនេះបានយ៉ាងល្អប្រសើរបំផុតដែលម្តាយឪពុកខ្លះមើលថែកូនបង្កើតរបស់ខ្លួនពេលឈឺមិនបានល្អដូចអ្នកទាំង២នេះទេ ។

ដោយសារតែនាងមាននិស្ស័យជាមួយទារកនេះហើយទើបនាង និងប្តីបានសម្រេចចិត្តដាក់ឈ្មោះឲ្យទារកអភ័ព្វនេះថា «សុគន្ឋវាសនាសំណាង» ដែលឈ្មោះនេះនាង និងប្តីយល់ថា វាសនាគឺទារកនេះ និងនាងមានវាសនានឹងគ្នាហើយសំណាងសូមឲ្យគេមានសំណាងរួចផុតចាកទុក្ខទោស និងជំងឺទាំងឡាយដើម្បីមានសុខភាពល្អដូចក្មេងដ៏ទៃ ។

យ៉ាងណាម្តាយចិត្តធម៌រូបនេះបានបញ្ជាក់ជាចុងក្រោយថា ក្រោយស្នាក់នៅទទួលការសង្គ្រោះអស់រយៈពេលជិតកន្លះខែមកនេះតាមលោកគ្រូពេទ្យបានប្រាប់គាត់ថាអា(សុគន្ឋវាសនាសំណាង)មានសុខភាពល្អប្រសើរជាងមុនបណ្តើរៗហើយរង់ចាំតែសុខភាពរបស់គេល្អមួយកម្រិតទៀតគ្រូពេទ្យអនុញ្ញាតឲ្យចេញទៅផ្ទះវិញ លែងមានឈ្មោះអាកម្សត់ទៀតហើយ៕ ប្រាថ្នា


ចែករំលែក៖