ព័ត៌មានទាន់ហេតុការណ៍៖

ព្រូដិនសល និង វីង ចាប់ដៃគូគ្នា ដើម្បីសម្រួលដំណើរការទូទាត់

ចែករំលែក៖

ភ្នំពេញ៖ កាលពី ថ្ងៃទី៣០ ខែ ឧសភា ឆ្នាំ២០១៨ ក្រុមហ៊ុនព្រូដិនសលកម្ពុជា ជាមួយ ធនាគារឯកទេស វីង ដែលជាធនាគារផ្តល់សេវាកម្មធនាគារចល័តនាំមុខគេនៅកម្ពុជា បានចុះកិច្ចព្រមព្រៀងភាពជាដៃគូអាជីវកម្មនៅថ្ងៃពុធនេះ។

ក្នុងកិច្ចព្រមព្រៀងនេះ អតិថិជនរបស់ព្រូដិនសលកម្ពុជា នឹងអាចទូទាត់ បុព្វលាភធានារ៉ាប់រងអាយុជីវិតរបស់ពួកគេ នៅតាម ទីតាំងភ្នាក់ងារវីងចំនួន៥០០០កន្លែង តាមរយៈកម្មវិធីស្មាតហ្វូនវីង ឬ *989# ដែលនេះ ផ្ដល់ជាជម្រើសកាន់តែប្រសើរ និងងាយស្រួលដល់អតិថិជនក្នុងការទូទាត់បុព្វលាភរ៉ាប់រងរបស់ពួកគេ។

នាយកប្រតិបត្តិក្រុមហ៊ុនព្រូដិនសលកម្ពុជា លោក David Nutman បានមានប្រសាសន៍នៅឯពិធីចុះហត្ថលេខាថា៖ “ការទូទាត់បុព្វលាភរ៉ាប់រង គឺពិតជាចាំបាច់ខ្លាំងណាស់ចំពោះអតិថិជនរបស់យើង ក្នុងការរក្សានូវការការពារ និងទំនុកចិត្ត នៃគោលនយោបាយធានារ៉ាប់រងអាយុជីវិត។ ដូច្នេះ យើងចង់ធ្វើឱ្យប្រាកដថា អតិថិជនអាចទូទាត់ប្រាក់បុព្វលាភបានយ៉ាងងាយស្រួល មិនថាពួកគេនៅទីណាក៏ដោយ ក្នុងព្រះរាជាណាចក្រកម្ពុជា។”លោកបានបន្ថែមទៀតថា៖ “ការប្រើប្រាស់បណ្ដាញដ៏រឹងមាំ និងមានសុវត្ថិភាពរបស់ វីង អតិថិជនរបស់យើងនឹងអាចទូទាត់បុព្វលាភរ៉ាប់រងគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ការធ្វើបែបនេះគឺស្របគ្នានឹងការខិតខំជាបន្តបន្ទាប់របស់ ក្រុមហ៊ុនព្រូដិនសលកម្ពុជា ដើម្បីទាក់ទាញអតិថិជនក្នុងយុគសម័យបច្ចេកវិទ្យាទំនើប ដើម្បីបម្រើ និងផ្តល់ជូននូវសេវាកម្មដ៏ល្អដាច់គេ។

ក្រុមហ៊ុនព្រូដិនសលកម្ពុជា មានបណ្ដាញនៅពាសពេញផ្ទៃប្រទេសរួចជាស្រេចទៅហើយ តាមរយៈដៃគូធានារ៉ាប់រង គឺធនាគារ អេស៊ីលីដា និងការិយាល័យផ្ទាល់ខ្លួន ដែលស្ថិតនៅក្នុងក្រុងសំខាន់ៗ។ ការចាប់ដៃគូជាមួយធនាគារឯកទេស វីង នឹងអនុញ្ញាតឲ្យក្រុមហ៊ុនទាក់ទាញអតិថិជនកាន់តែច្រើននៅតាមទីប្រជុំជននិងភូមិ។

លោក ចូចូ ម៉ាឡូឡូស អគ្គនាយក ធនាគារឯកទេសវីង បានមានប្រសាសន៍នៅឯពិធីចុះហត្ថលេខាថា៖ ”បន្ថែមពីលើការផ្តល់មធ្យោបាយដ៏ងាយស្រួលដើម្បីបង់បុព្វលាភធានារ៉ាប់រង ភាពជាដៃគូនេះ នឹងបង្កើតជាឱកាសបន្ថែមទៀត សម្រាប់ប្រជាជនដែលប្រើសេវាធនាគារផងនិងមិនប្រើសេវាធនាគារផង ដើម្បីមានលទ្ធភាពប្រើប្រាស់សេវាធានារ៉ាប់រងរបស់ក្រុមហ៊ុនព្រូដិនសល មិនថាពួកគាត់រស់នៅទីណាឡើយ។ ចំនុចនេះគឺបានន័យថា ប្រជាពលរដ្ឋដែលរស់នៅតាមភូមិឋាននិងក្រុងតូចៗទូទាំងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន អាចមានលទ្ធភាពទទួលយកអត្ថប្រយោជន៍ជាច្រើនដែលក្រុមហ៊ុនធានារ៉ាប់រងផ្តល់ជូន ដែលខុសប្លែកពីពេលមុន ដែលពួកគាត់មិនធ្លាប់បានទទួលអត្ថប្រយោជន៍ទាំងនេះទេ។”លោក ម៉ាឡូឡូស បានបន្ដែមទៀតថា៖ “ជាមួយ វីង ការទូទាត់បុព្វលាភរ៉ាប់រង គឺមានភាពងាយស្រួលបំផុត ដោយអតិថិជនគ្រាន់តែធ្វើការទូទាត់តាមរយៈគណនីវីងនៅលើទូរស័ព្ទដៃ ឬភ្នាក់ងារវីងដែលនៅជិតផ្ទះរបស់ពួកគាត់។ នៅ វីង ពួកយើងមានឆន្ទៈចង់បង្កើតប្រព័ន្ធមួយដែលអាចសម្រេចបានជោគជ័យនិងទទួលបានផលចំនេញដែលមានភ្នាក់ងារ អតិថិជន ក្រុមហ៊ុន អាជីវករ បេឡាករ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងរាជរដ្ឋាភិបាល ដែលផ្តល់សេវាកម្មទាំងនៅតាមទីក្រុងនិងទីជនបទដាច់ស្រយាល ទូទាំងព្រះរាជាណាចក្រកម្ពុជាតែម្តង។”សេវាទូទាត់បុព្វលាភរ៉ាប់រងតាមរយៈ ភ្នាក់ងារវីងនិងកម្មវិធីស្មាតហ្វូនវីង ត្រូវបានដាក់ឲ្យដំណើរការហើយ។ ដូច្នេះអតិថិជនរបស់ព្រូដិនសលនៅទូទាំងប្រទេស ឥឡូវនេះអាច បង់ប្រាក់តាមរយៈ លេខកូដវិក្កយបត្រ៕ វឌ្ឍនា


ចែករំលែក៖