ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រី​ចិន​ធ្វើ​ទារុណកម្ម​ឈ្នួល​បម្រើ​រាប់​ឆ្នាំ​ ប្រឈម​ជាប់​ពន្ធនាគារ​ពី​២ឆ្នាំ​ទៅ​៥ឆ្នាំ​​

ចែករំលែក៖

ភ្នំពេញ​៖ លោក​ ស្រី​ ម៉ាកនី​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ចោទប្រកាន់​ស្ត្រី​ជនជាតិ​ចិន​ដែល​ធ្វើ​ទារុណកម្ម​លើ​ឈ្នួល​បម្រើ​អស់​រយៈពេល​៤ឆ្នាំ​ ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ទាក់ទង​ទៅ​នឹង​ជនរងគ្រោះ​ តាម​មាត្រា​២១៩នៃ​ក្រម​ព្រហ្មទណ្ឌ​ ។ បទល្មើស​នេះ​ កំណត់​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​២ឆ្នាំ​ទៅ​៥ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី​៤លាន​រៀល​ទៅ​១០លាន​រៀល​។

បច្ចុប្បន្ន​ជនត្រូវចោទ​និង​សំណុំរឿង​ ត្រូវ​បាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ ចាត់​ការ​បន្ត​តាម​នីតិវិធី​ ។ នៅ​ថ្ងៃទី​៣១​ ខែ​ឧសភា​ នេះ​ ចៅក្រម​ស៊ើបសួរ​នឹង​សម្រេច​ឃុំ​ខ្លួន​ឬ​មិន​ឃុំ​ខ្លួន​ជនត្រូវចោទ​។

សមត្ថកិច្ច​ កាលពី​ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៨​ បាន​អន្តរាគមន៍​ ជួយសង្គ្រោះ​ក្មេងស្រី​រងគ្រោះ ពី​សំណាក់​ស្ត្រី​ម្ចាស់ផ្ទះ ក្រោយពី​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្បែរ​គ្នា​នោះ ។ ស្ត្រី​ម្ចាស់ផ្ទះ មានឈ្មោះ ម៉េង រ័ត្ន​ពិសី ហៅ​សុភា ជា​អ្នកលក់​សម្លៀកបំពាក់ នៅ​ផ្សារ​បុរី​សន្តិភាព​២ ភូមិ​តំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍សែន​ជ័យ រាជធានី​ភ្នំពេញ​។ ចំណែក​ក្មេងស្រី​រងគ្រោះ ឈ្មោះ ជា ស្រីនូ មាន​ស្រុកកំណើត​នៅ​ភូមិ​ទំនប់​ថ្មី ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​ ក្មេង​ស្រី​រងគ្រោះ ត្រូវ​បាន​គេប្រើ​អំពើហិង្សា​មកលើ​រូបនាង អស់​រយៈពេល​៤​ឆ្នាំ​មកហើយ​។

​កាលពីពេល​ថ្មីៗ​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឱ្យ​ម្ចាស់ផ្ទះ ដែលមាន​លទ្ធភាព​ជួល​អ្នកបម្រើ​ជួយ​មើលថែរក្សា​ផ្ទះ ត្រូវ​យកចិត្តទុកដាក់​លើ​បញ្ហាលំបាក​របស់​ពួកគេ ចៀសវាង​គិតតែ​ពី​អារម្មណ៍​ខ្លួនឯង ដែលជា​ម្ចាស់ផ្ទះ​។​សម្ដេច តេជោ​ហ៊ុន សែន ចាត់ទុក​ការងារ​បម្រើ​តាម​ផ្ទះ គឺជា​ការងារ​លំបាក ដែល​តម្រូវ​ម្ចាស់ផ្ទះ ផ្ដល់​ការគោរព​ឱ្យ​​តម្លៃ និង​មាន​ចិត្តធម៌​ចំពោះ​ពួកគេ​ផងដែរ​៕ ចេស្តា


ចែករំលែក៖