ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ឆក់កាបូបពីនារីម្នាក់មិនបានសម្រេចតែត្រូវកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់ កំពុងតែជិះម៉ូតូ មិនបានសម្រេចហើយ ក៏ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ឃាត់ខ្លួនភ្លាមៗ។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃពុក ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ នេះនៅចំណុចមុខភ្លិប Epic នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យដែលឃាត់ខ្លួន១-ឈ្មោះ យ៉ុង ដាលី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិប្រាដក ស្នាក់នៅផ្ទះជួយម្ដុំ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងទី២-ឈ្មោះ ហេង លីម៉េង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុខណៈនារីរងគ្រោះកំពុងតែជិះម៉ូតូម្នាក់ឯងក្បែរស្ពានហង្សកោះពេជ្យ ស្រាប់តែជនសង្ស័យ២នាក់ខាងលើ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១១០ ពាក់ស្លាកលេខ កំពុងស្ពឺ 1E-0707 មកឆក់កាបូបរបស់នាងតែមិនបានសម្រេច រួចក្រុមជនសង្ស័យបានជិះម៉ូតូគេចខ្លួន តែត្រូវកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ដែលកំពុងល្បាតនៅក្បែរនោះឃើញ ក៏ដេញតាមរហូតឃាត់ខ្លួនបានភ្លាមៗតែម្តង។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវនគរបាលប៉ុស្ដិ៍រដ្ឋបាលទន្លេបាសាក់សួរនាំ និងកសាងសាណុំរឿងបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការបន្តតាមនីតិវិធី៕ ស រស្មី


ចែករំលែក៖