ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មការកណ្តាលឥស្លាមថៃផ្ញើលិខិតអរគុណ សម្តេចតេជោ​ហ៊ុន សែន ចំពោះការអញ្ជើញមកស្រាយបួសលើកទី៥​ ឆ្នាំ២០១៨

ចែករំលែក៖

ភ្នំពេញ៖ គណៈកម្មការកណ្តាលឥស្លាមប្រទេសថៃ លោក សូរិន ប៉ាឡារ៉េ ជាអគ្គលេខាធិការ ក្នុងនាមគណៈកម្មការកណ្តាលឥស្លាមថៃ និងជួសមុខអោយខុទ្ទការល័យសៃខុល ឥស្លាម ព្រមទាំងវិទ្យាស្ថានស្តង់ដារហាឡាលប្រទេសថៃ យើងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូន ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញយើងខ្ញុំ ចូលរួមក្នុងពិធីពិសារអាហារស្រាយបួសរបស់សាសនិកឥស្លាមកម្ពុជា កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០១៨ ដែលរៀបចំដោយ រាជរដ្ឋាភិបាលកម្ពុជា ។ លិខិតអគុណសម្ដេចនាយករដ្ឋមន្ដ្រីនេះ បានប្រព្រឹត្ដទៅកាលពីថ្ងៃព្រហស្បតិ៏ ២រោចខែជេស្ន ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី៣១ ឧសភា ឆ្នាំ២០១៨ ។

លិខិតនោះបានសសេរថា៖ ក្នុងនាមគណៈកម្មការកណ្តាលឥស្លាមប្រទេសថៃ យើងខ្ញុំក៏សូមអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំពិធីដ៏មានសារៈសំខាន់នេះឡើង ហើយជាក់ស្តែង តាមការកត់សម្គាល់ នេះជាពិធីពិសារអាហារស្រាយបួសដ៏ធំធេងជាងគេបង្អស់ ដែលរៀបចំឡើង ដោយប្រមុខរាជ រដ្ឋាភិបាលកម្ពុជា បានយ៉ាងល្អប្រសើរ ដោយប្រទេសដែលមិនមែនមុស្លិមមួយ នោះកំពុងយកគំរូតាមផងដែរ ។

យើងខ្ញុំពិតជាមានក្តីរំភើប ពេលដែលបានលឺប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានលើកឡើងថា៖ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានបញ្ចូល លោកគ្រូ អ្នកគ្រូខ្មែរឥស្លាម ចំនួន១៥០០នាក់ទៅក្នុងក្របខណ្ឌ័ មន្រ្តីរាជការ គឺឃើញថា វិស័យអប់រំរបស់សហគមន៍ ខ្មែរអ៊ីស្លាម មានការរីកចម្រើន យ៉ាងខ្លាំង ជាពិសេស រាជរដ្ឋាភិបាលកម្ពុជាបានដោះស្រាយវិតប្តិហិរញ្ញវត្ថុ ដែលរៃអង្គាសពីសហគមន៍ និងគ្រួសារ ដើម្បីផ្គត់ផ្គង់ ដល់លោកគ្រូ អ្នកគ្រូ ទាំង អស់នោះ ឥឡូវ បានធូស្រាលមួយកំរិតធំ ផ្នែកហិរញ្ញវត្ថុនេះ ។ ហើយយើងបានកត់សម្គាល់ឃើញថា សិស្សនិស្សិតខ្មែរអ៊ីស្លាម ក៏ទទួលបានការអប់រំក្នុងកម្រិតឧត្តមសិក្សាជាច្រើនបន្តបន្ទាប់។ យើងក៏សូមអំពាវនាវដល់ពួកគាត់ អោយមានការខិតខំប្រឹងប្រែងសិក្សាមិនមែនតែចំណេះដឹងផ្នែកសាសនាប៉ុណ្ណោះទេ គឺត្រូវដើរទន្ទឹមនឹងបច្ចេកវិទ្យា ជំនាញ ដើម្បីស្វែងរកការងារ ធ្វើបានល្អប្រសើរ សម្រាប់លើកកំពស់ជីវភាពរស់នៅរបស់ពួកគេ ផងដែរ ។

ជាក់ស្តែង ដោយមានការការជ្រោមជ្រែងដ៏ខ្ពង់ខ្ពស់របស់សម្តេច គឺសហគមន៍ ខ្មែរអ៊ីស្លាមក្នុងប្រទេសរបស់សម្តេច ពិតជារីកចម្រើនទៅមុខជាបន្តបន្ទាប់ ទទួលបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព។ យើងខ្ញុំសូមបួងសួងពីអល់ឡោះជាម្ចាស់ សូមប្រសិទ្ធពរជ័យ ជូនចំពោះរដ្ឋាភិបាលរបស់សម្តេច និង ប្រជាជនកម្ពុជាទាំងមូល ឲ្យទទួលបានតែសេចក្ដីសុខសន្ដិភាពរីកចម្រើនជារៀងដ៏រាប ។ ជាថ្មីម្តងទៀត យើងសូមជូនពរអោយព្រះរាជាណាចក្រកម្ពុជា ទាំងមូល នឹងត្រូវបានអង្គការសហប្រតិបត្តិការឥស្លាម OIC ទទួលស្គាល់ជាសមាជិតសង្កេតការណ៍នៅក្នុងពេលឆាប់ៗនេះផងដែរ ៕ សំរិត


ចែករំលែក៖