កន្លងមក ក្រុមអ្នកវិភាគមួយចំនួនបានលើកឡើងពីក្តីបារម្ភ ក្រោយពេលដែល អាមេរិកនិងកូរ៉េខាងជើងត្រូវរ៉ូវគ្នា ហើយ អាមេរិកបណ្តាក់ទុនរកសុីនៅកូរ៉េខាងជើង នឹងធ្វើឲ្យទីក្រុងព្យុងយ៉ាងបោះបង់ចោលសម្ពន្ធមិត្តប្រវត្តិសាស្ត្រក្បែរខ្លួនដែលតែងតែជួយដល់ខ្លួនគ្រប់ពេល គឺប្រទេសចិន ។
ការយល់ឃើញបែបនោះគឺជារឿងមួយបែបផ្សេងទៀត ប៉ុន្តែតាមរយៈអ្វីដែលមេ ដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុនបានធ្វើនាពេលកន្លងមកបង្ហាញឲ្យឃើញថា លោក គីម ជុងអ៊ុនបានចាត់ទុកចិន គឺជាបងធំ នៅក្នុងការដឹកនាំនយោបាយ ។ នៅពេលនេះអាចនិយាយបានថាគូរ៉េខាងជើង បានស្តាប់តាមការបញ្ជាទាំងស្រុងរបស់ចិន ។បើមិនដូច្នោះទេ លោក គីម ជុងអ៊ុន ក៏ មិនទៅជួបប្រធានាធិបតីចិនរហូតដល់ទៅ៣ដងក្នុងរយៈពេលខ្លីដែរ។ លើកទីមួយគឺ ទៅជួបដើម្បី ពង្រឹងទំនាក់ទំនងហើយ ទទួលស្គាល់ថា ចិនជាអាណាព្យាបាល កូរ៉េខាងជើង ។ ទស្សនកិច្ចលើកទីពីរ គឺ ដើម្បីសុំការផ្តល់យោបល់មុនជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង និងចុងក្រោយ គឺក្នុងពេលដែលលោកត្រាំ ប្រកាសលុប ជំនួបនៅសិង្ហបុរី។
មិនតែប៉ុណ្ណោះ នៅក្នុងគម្រោងជួបជា មួយអាមេរិក ក៏ចិនជាអ្នករៀបចំផងដែរ ជាក់ស្តែងគឺ រដ្ឋមន្ត្រីក្រសួងការពារជាតិចិន បានបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាង ជើងដើម្បីពិភាក្សាលើរបៀបវារៈនៅក្នុង ជំនួបរវាង អាមេរិកនឹងកូរ៉េខាងជើង ។ ចំណុចទាំងនោះគឺគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា បើទោះបីមានទំនាក់ទំនងជិតស្និទ្ធិធំ ប៉ុនណាជាមួយអាមេរិក ក៏កូរ៉េខាងជើងមិនអាចបោះបង់ចោលចិនបានទេ។
ប៉ុន្តែក៏មានការវិភាគផ្ទុយគ្នាជាច្រើន ជុំវិញជំនួបកំពូលរវាង លោកត្រាំនឹង លោកគីម ជុងអ៊ុន។ នៅក្នុងអត្ថបទវិភាគ កន្លងមក បានបញ្ជាក់ថា មេដឹកនាំអាមេរិក និងកូរ៉េខាងជើងបែរជាផ្លាស់ប្តូរចិត្ត ដោយយល់ព្រមធ្វើកិច្ចជំនួបតាមការគ្រោងទុក ហើយអ្នកដែលត្រូវខកចិត្តគឺរដ្ឋាភិបាលទីក្រុងប៉េកាំង។ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង អាចនឹងមានក្តីបារម្ភចំពោះកិច្ច ចរចាសន្តិភាពរវាងកូរ៉េខាងជើង នឹងសហ រដ្ឋអាមេរិក ហើយមិនតែប៉ុណ្ណោះវានឹង អាចផ្ដល់ឱកាសដល់កូរ៉េខាងជើង ដែលធ្លាប់ជាសម្ពន្ធមិត្តរបស់ខ្លួន ងាកទៅជិតស្និទ្ធជាមួយអាមេរិកដែលជាសត្រូវរបស់ចិន ជា ពិសេសធ្វើឱ្យកូរ៉េខាងជើងអាចបោះជំហានទៅមុខដោយសេរី ដោយមិនចាំបាច់ពឹងផ្អែកលើប្រទេសចិន និងថែមទាំងទាត់ចិន ចោលក៏អាចថាបាន។
លោក Cheng Xiao-he អ្នកជំនាញផ្នែក កូរ៉េខាងជើង ប្រចាំនៅសាកលវិទ្យាល័យ Renmin ក្នុងរដ្ឋធានីប៉េកាំងបានលើកឡើង ថា សេចក្តីសម្រេចចិត្តពីដំបូងរបស់លោក ត្រាំ ក្នុងការលុបចោលកិច្ចជំនួប អាចជា ដំណឹងអាក្រក់មួយសម្រាប់មជ្ឈដ្ឋានខ្លះ ប៉ុន្តែវាផ្ដល់ឱកាសដល់លោក ស៊ី ក្នុងការ ទទួលបានតំណែងជាអ្នកសម្របសម្រួល។ លោក ត្រាំ មានភាពសង្ស័យថា លោក ស៊ី បានធ្វើអ្វីម្យ៉ាងដើម្បីអូសទាញកូរ៉េខាងជើង ក្នុងការធ្វើកំណែទម្រង់ដ៏លំបាកណាមួយ ដើម្បីបោះបង់កម្មវិធីនុយក្លេអ៊ែរ កាលពី ពេលថ្មីៗកន្លងទៅនេះ។
លោក ត្រាំ បានកត់សម្គាល់ថា ប្រទេសកូរ៉េខាងជើងបានបន្ទន់ឥរិយាបថចំពោះ សហរដ្ឋអាមេរិក បន្ទាប់ពីកិច្ចជំនួបដ៏គួរឱ្យភ្ញាក់ផ្អើលរវាងលោក គីម និងលោក ស៊ី ក្នុងទីក្រុងកំពង់ផែ Dalian កាលពីប៉ុន្មាន សប្តាហ៍កន្លងទៅនេះ។ ប្រធានាធិបតីរូប នេះយល់ថា ប្រធានាធិបតីចិនបានជំរុញមេដឹកនាំវ័យក្មេង និងខ្វះនូវបទពិសោធន៍ រូបនេះ ក្នុងការបោះជំហានដ៏លំបាកមួយ ដើម្បីបង្កើនអំណាចចិន ក្នុងការធ្វើកិច្ច ចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។
គោលបំណងរបស់លោក ស៊ី គឺអាច ពន្យារពេលនៃកិច្ចប្រជុំនេះ ឲ្យបានយូរបំផុតតាមដែលអាចធ្វើទៅបាននេះជាការលើកឡើងរបស់លោក James Mann អ្នកនិពន្ធសៀវភៅមួយដែលមានឈ្មោះថា” China Fantasy”។ លោកបន្តថា «ការរំពឹងចង់បាន កិច្ចព្រមព្រៀង តែអាមេរិកបែរជាមិនអាច គោរពខ្លួនឯង វាអាចផ្ដល់អានុភាពដល់ចិន លើសលុបលើអាមេរិក»។
អ្នកវិភាគមួយចំនួនបាននិយាយថា ប្រទេសចិនមានបំណងទប់ស្កាត់កិច្ចជំនួបរវាងអាមេរិក នឹងកូរ៉េខាងជើង។ កន្លង មកសហរដ្ឋអាមេរិក បានដាក់សម្ពាធ ពាណិជ្ជកម្មលើចិន ដើម្បីឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំងដាក់ទណ្ឌកម្មតឹងរ៉ឹងប្រឆាំង នឹងកូរ៉េខាងជើងបន្ថែមទៀត។ ដោយ ឡែកក្នុងស្ថានភាពនេះ ចិនក៏អាចប្រើ ប្រាស់ឱកាសនេះ ក្នុងការបង្ខំអាមេរិកឲ្យធ្វើសម្បទានសេដ្ឋកិច្ចសម្រាប់ខ្លួនវិញ ដើម្បីត្រួសត្រាយផ្លូវសម្រាប់កិច្ចជំនួបជាមួយ កូរ៉េខាងជើងដូចគ្នា។
ក្រុមអ្នកវិភាគចិនបានឱ្យដឹងថា ក្នុងកិច្ចជំនួបសន្តិភាពរវាងសហរដ្ឋអាមេរិក នឹង កូរ៉េខាងជើងត្រូវបានលុបចោល ប្រទេស ចិននឹងទាញបានប្រយោជន៍មួយចំនួន។ ដោយឡែកប្រសិនបើកិច្ចជំនួបនេះបានជោគជ័យនោះប្រទេសចិនក៏អាចទទួល បានផលចំណេញច្រើនពីកិច្ចព្រមព្រៀងសន្តិភាពនេះដូចគ្នា។ ក្នុងនោះដូចជា ការទប់ស្កាត់សង្គ្រាមមហន្តរាយរវាងសហរដ្ឋអាមេរិក នឹងកូរ៉េខាងជើង នៅតាមព្រំដែន របស់ខ្លួន និងការឈានទៅរកការដកទ័ព អាមេរិក ចេញពីទឹកដីកូរ៉េខាងត្បូងជាដើម ជាអ្វីដែលប្រទេសចិនរង់ចាំជាយូរណាស់មកហើយ។
បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុង Dalian មន្ត្រីចិនបានប្រាប់មន្ត្រីការបរទេសថា លោក ស៊ី ជីនពីង និងលោក គីម ជុងអ៊ុន បានពិភាក្សាគ្នាធ្វើយ៉ាងណាអាចឱ្យមេដឹកនាំវ័យក្មេង គីម ជុងអ៊ុន ក្នុងការដោះស្រាយ បញ្ហាជាមួយ លោក ដូណាល់ ត្រាំ។
លោក Shi Yinhong សាស្រ្តាចារ្យនៃ ទំនាក់ទំនងអន្ដរជាតិនៅសាកលវិទ្យាល័យ Renmin ក្នុងទីក្រុងប៉េកាំងបាននិយាយទៀតថា ប្រទេសចិនក៏អាចទាញយក ប្រយោជន៍ពីកិច្ចជំនួបសន្តិភាព ដើម្បីលុបបំបាត់ភាពតានតឹងនៅឧបទ្វីបកូរ៉េផងដែរ។ ជាក់ស្តែងបន្ទាប់ពីការដកទណ្ឌកម្មពីកូរ៉េខាងជើង អនុញ្ញាតឱ្យចិន និងកូរ៉េ ខាងជើង ចាប់ផ្ដើមធ្វើទំនាក់ទំនងពាណិជ្ជកម្មជាថ្មី នៅតាមបន្ទាត់ព្រំដែនជាមួយ ប្រទេស កូរ៉េខាងជើង។
ក្រៅពីនេះប្រទេសចិន នៅអាចស្រូបយកផលប្រយោជន៍ពីសហរដ្ឋអាមេរិក ដែលធ្លាប់បានសន្យា ក្នុងការបង្កើនទំនាក់ទំនងល្អជាងមុនជាមួយចិន ក្នុងករណីអាច លុបបំបាត់វិបត្តិ ដែលកើតមានក្នុងប្រទេស កូរ៉េខាងជើង នេះជាការលើកឡើងរបស់ លោក Bonnie Glaser អ្នកជំនាញ ប្រចាំ នៅមជ្ឈមណ្ឌលយុទ្ធសាស្ត្រ និងសិក្សាអន្តរជាតិក្នុងរដ្ឋធានីវ៉ាស៊ីនតោន៕ ម៉ែវ សាធី