ភ្នំពេញ៖ ជនជាតិបរទេសប្រុសស្រី២នាក់ បើកបររថយន្តមួយគ្រឿង ហើយបានបត់ឆ្វេងមិនបានស៊ីញ៉ូ បានជ្រុលចង្កូតកៀរម៉ូតូមួយគ្រឿងដួលបណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសស្រាល ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៩ និង៣០នាទីយប់ ថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលេខ៦០៨ កែង និងផ្លូវលេខ៣០៧ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនជាតិបរទេសប្រុសស្រី២នាក់ បើកបររថយន្តមួយគ្រឿងម៉ាក Ford ESCAPE ពណ៌ខ្មៅ ពាក់ស្លាកលេខ ONG202. 2-519 ដោយធ្វើដំណើរតាមបណ្តោយផ្លូវលេខ៦០៨ ក្នុងទិសដៅពីលិចទៅកើត និងមានម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដាស្កុបភី ស៊េរី០១៨ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1GZ-6562 ដែលបើកបរដោយប្តីប្រពន្ធ តាមពីក្រោយ និងទន្ទឹមខាងឆ្វេងរថយន្តខាងលើ ។ ខណៈមកដល់ចំណុចកើតហេតុរថយន្តបានបត់ឆ្វេងទៅផ្លូវលេខ៣០៧មិនបានស៊ីញ៉ូជ្រុលចង្កូតកៀរម៉ូតូមួយគ្រឿងដួលបណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសស្រាល ចំណែកឯរថយន្តពុំមានរងការខូចខាតអ្វីនោះទេ ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញបានចុះមកដល់ចំណុចកើតហេតុឲ្យភាគីទាំង២និយាយចរចាដោះស្រាយគ្នាដោយភាគីខាងម៉ូតូបានទាមទារសំណងចំនួន២៥០ដុល្លារ តែភាគីខាងរថយន្តបានសូមបញ្ចុះថ្លៃមក៣០ដុល្លារ ហើយភាគីខាងម៉ូតូក៏ព្រមទទួលយកសំណងត្រឹម២៣០ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕ ជ្រោយពេជ្រ