ភ្នំពេញ៖ ជនជាតិវៀតណាមប្រុសស្រី ១៦នាក់ ដែលលួចចូលមកស្នាក់នៅ និងធ្វើការងារដោយខុសច្បាប់ នៅប្រទេសកម្ពុជា ត្រូវបានក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលដឹកនាំដោយលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី បានសហកាជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះត្រួតពិនិត្យគោលដៅ ចំនួន ៣ទីតាំង ក្នុងខណ្ឌចំការមន ; ខណ្ឌឫស្សីកែវ និង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
មន្រ្តីនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ក្នុងការចុះត្រួតពិនិត្យនោះរួមមាន៖
១-សិប្បកម្មឈើ ផ្លូវលេខ១០៣, ១០៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ឃាត់បានជនជាតិវៀតណាមចំនួន៨នាក់ ស្រីម្នាក់។
២-ផ្លូវជាតិលេខ៥ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឃាត់បានជនជាតិវៀតណាមចំនួន៣នាក់ (ស្រី)
៣-តាមហាងកាហ្វេ(ក្បែរវត្តភ្នំ) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឃាត់បានជនជាតិវៀតណាមចំនួន៥នាក់ ស្រីម្នាក់ ។
មន្រ្តីដដែរបន្តទៀតថា ប្រតិបត្តិការនេះ បានធ្វើឡើងរយះពេល២ថ្ងៃជាប់គ្នា គឺនៅថ្ងៃទី៣១ ខែឧសភា និងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ ជាលិទ្ធផលឃាត់ខ្លួនបានជនជាតិវៀតណាមចំនួន ១៦នាក់ ក្នុងនោះស្រី៥នាក់ ដែលបានលួចចូលមកស្នាក់នៅ និងប្រកបមុខរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ បានបញ្ជូនមកកាន់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីពិនិត្យឯកសារនិងសាកសួរតាមនីតិវិធី ៕ ស តារា