ខេត្តកំពត ៖ ទីតាំងធ្វើអាជីវកម្មបោចរោមទាជាច្រើនកន្លែង ស្ថិតនៅក្នុងភូមិក្រសាំង ឃុំឈូក ស្រុកឈូក បានប្រើកាវម្យ៉ាង មានពណ៌ក្រហមក្រម៉ៅ ដើម្បីបោចសម្អាតរោមទា ជាយូរមកហើយនោះ ត្រូវមន្រ្តីមន្ទីរកសិកម្មខេត្តក៏ដូចជាមន្ត្រីកាំកុងត្រូលពុំដែលដឹង និងពុំដែលស្គាល់នោះចុះផ្អាកធ្វើអាជីវកម្មបណ្តោះអាសន្ន និងដកហូតកាវនោះយកទៅពិសោធន៍សិន បន្ទាប់ពី កាវដែលអ្នកស៊ីឈ្នួលបោចរោមទាយកមកប្រើប្រាស់នេះ គ្មានស្លាកសញ្ញាទីតាំងកន្លែងផលិត និងកាលបរិច្ឆេទអ្វីច្បាស់លាស់នោះទេ ធ្វើឲ្យសមត្ថកិច្ច សង្ស័យថា ផលិតផលកាវបោចរោមទាខាងលើ អាចមានសារធាតុគីមី ដែលបង្កឱ្យមានហានិភ័យប៉ះពាល់ដល់សុខភាពអ្នកហូបសាច់ទា។
សកម្មភាពចុះទៅផ្អាកទីតាំងបោចទាមិនប្រក្រតីនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃថ្ងៃ ពុធ ១ រោច ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងទី៣០ ខែឧសភា ឆ្នាំ២០១៨ ធ្វើឡើងដោយ មន្ត្រីពេទ្យសត្វនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត សហការជាមួយមន្ត្រីសាខាកាំកុងត្រូលកំពត-កែប រួមនឹងមន្ត្រីការិយាល័យកសិកម្មស្រុកឈូក ដឹកនាំដោយលោក ម៉េង សន្តិភាព ប្រធានការិយាល័យបសុព្យាបាលនៃមន្ទីរកសិកម្មខេត្ត។ ក្រុមចម្រុះបានចុះទៅពិនិត្យដល់ភូមិដែលធ្វើអាជីវកម្មបោចរោមទា និងឃើញកាវដែលពួកគេយកមកប្រើប្រាស់ក្នុងការបោចរោមទា ។
យ៉ាងណាមន្ត្រីកាំកុងត្រូលបានយកគំរូកាវដែលប្រើប្រាស់នោះ ទៅធ្វើតេស្តនៅអគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីស្រាវជ្រាវរកប្រភពសារធាតុគីមីដែលច្បាប់ហាមឃាត់ និងការពារក្រែងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ។
ប្រភពព័ត៌មានពីអ្នកប្រើកាវបានឲ្យអ្នកយកព័ត៌មានដឹងថា ពីដំបូងឡើយពួកគាត់បោចរោមទាធម្មតាៗទេ ក្រោយមកមុននឹងបែករឿងយកជ័រកាវប្រភេទខាងលើមកប្រើប្រាស់ គឺកើតឡើងពីអ្នកដើរទិញរោមទាដែលបោចហើយជាជនជាតិវៀតណាម ដោយគេទិញរោមស្ងួត១គីឡូក្រាមតម្លៃ១ម៉ឺនរៀលសម្រាប់យកទៅកែច្នៃជាឧបករណ៍ប្រើប្រាស់ ។ ពេលនោះអ្នកទិញរោមទានោះប្រាប់ពួកគាត់ថា បោចរោមទាបែបនេះមិនស្អាតហើយយឺតពេលរកស៊ីមិនទាន់គេទេ ត្រូវធ្វើតាមពួកគេវិញ គឺប្រើជ័រកាវម្យ៉ាងសម្រាប់បោចរោមទារហ័សហើយស្អាតវិញ។ រួចហើយ ជនជាតិវៀតណាមរូបនោះ បានយកជរ័កាវនេះមកបង្រៀនឲ្យពួកគាត់ចេះប្រើគឺរហ័សហើយស្អាតដូចគេថាមែន ។ ចាប់ពីពេលនោះមកពួកគាត់ប្រើជ័រកាវនោះរហូតមកដល់សព្វថ្ងៃអស់រយៈពេលជិតមួយឆ្នាំហើយ ។
ចំណែកអ្នកស៊ីឈ្នួលបោចរោមទាដូចគ្នានៅក្នុងភូមិនេះ មានផ្ទះខ្លះបោចជាងមួយឆ្នាំហើយ ។ បញ្ហាការប្រើប្រាស់ជ័រកាវបោចរោមទានេះដែរ ពួកគាត់ពុំបានគិតពីផលប៉ះពាល់ដល់អ្នកប្រើប្រាស់សាច់ទាទេ គឺគិតតែធ្វើយ៉ាងណាបោចឲ្យបានច្រើននិងចំណេញពេលវេលានិងស្អាតប៉ុណ្ណោះ ខណៈកាលពីមិនទាន់ប្រើជ័រកាវនេះគឺបោចទាមិនបានលឿននិងច្រើនទេ ហើយកម្រៃស៊ីឈ្នួលបោចក្នុងទាមួយក្បាលបាន៦៥០រៀល ។
យ៉ាងណា លោក ម៉េង សន្តិភាព បានមានប្រសាសន៍ប្រាប់អ្នកកាសែតថា ជុំវិញការសង្ស័យជ័រកាវខាងលើនេះ ប៉ះពាល់ហានិភ័យដល់សុខភាព ហើយត្រូវមន្ត្រីកាំកុងត្រូលយកទៅធ្វើតេស្តនៅអគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីរកសារធាតុគីមីដែលច្បាប់ហាមឃាត់នេះ នៅពេលចេញជាលទ្ឋផលយ៉ាងណានោះយើងនឹងដាក់ឲ្យសារព័ត៌មានចុះផ្សាយជាសាធារណៈ ៕ សហការី