ព័ត៌មានទាន់ហេតុការណ៍៖

បែកធ្លាយរឿងមន្រ្ដីមន្ទីរ​ប្រៃសណីយ៍​និង​ទូរ​គម​នាគ​មន៍​ថាមាន​​ភាពមិន​​ប្រក្រតី​ជុំវិញគម្រោង​តែងតាំង​ប្រធាន​មន្ទីរថ្មី ខាងមុខ ​

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ ការ​តែងតាំង​ប្រធាន​មន្ទីរ​ប្រៃសណីយ៍​ និង​ទូរ​គម​នាគ​មន៍​ ខេត្តសៀមរាប​ ថ្មី​ នា​ពេល​ខាង​មុខ​ ហាក់​មាន​​ភាព​មិន​ប្រក្រតី​ក្នុង​មុខ​ដំណែង​ដ៏​ធំ​មួយ​នេះ​ ហើយ​ករណី​នេះ​ បាន​ធ្វើ​ឲ្យ​មហាជន​រិះគន់​យ៉ាង​ចាស់ដៃ​ថា​ ជា​រឿង​បក្ខពួក​និយម​ អាច​នាំ​ឲ្យ​មាន​អំពើ​ពុករ​លូ​យ​។​

​ប្រភព បាន​បង្ហើប​ឲ្យ​ដឹង​ថា​ ការ​តែងតាំង​ប្រធាន​មន្ទីរ​ប្រៃសណីយ៍​ និង​ទូរ​គម​នាគ​ន៍​ ខេត្តសៀមរាប​ ថ្មី​នេះ​ដោយសារ​ប្រធាន​មន្ទីរ​ចាស់​ បាន​ចូល​និវត្តន៍​ កាលពី​ខែមីនា​ កន្លង​ទៅ​នេះ​ ឥឡូវ​សមាសភាព​ប្រធាន​មន្ទីរ​ថ្មី​ ត្រូវ​គេ​ទម្លាយ​ពីគំគ្រោង​នឹង​តែងតាំង​ប្រធាន​ការិយាល័យ ​ដែល​ទើប​​​ចូល​ថ្មី​ឈ្មោះ​ សុខ​ សីហា​ ជា​មន្ត្រី​ដែល​ផ្ទេរ​ក្រប​ខណ្ឌ​ពី​គ្រូបង្រៀន ​នៅ​សាលា​បឋម​សិក្សា​វត្ត​បូព៌​ កាលពី​ឆ្នាំ​២០១៤​ ក្នុង​តួនាទី​ជា​មន្ត្រី​ក្រមការ​ លុះ​មួយរ​យៈមក​ លោក​ក៏​ត្រូវ​បាន​គេ​តែងតាំង​ជា​ប្រធាន​ការិយាល័យ​នៅ​ឆ្នាំ​២០១៦​។​

ប្រភព​បាន​បន្ថែម​ថា​ ក្នុង​តួនាទី​ជា​ប្រធាន​ការិយាល័យ​ ក្រោម​ការ​ជ្រោ​ម​​ជ្រែង​របស់​លោក​ ហុង​ ប៊ុ​ន​ធ្វី​ ដែល​នៅ​ជា​ប្រធាន​ចាស់​នោះ​ លោក​ សុខ​ សីហា​ បាន​បំពេញការងារ​មិនជា​ជាប់លាប់​នោះ​ទេ​ ដោយ​ម្តង​ឃើញ​ ម្តង​បាត់​ ព្រោះតែ​លោក​ជាប់​បំពេញការងារ​ផ្ទាល់ខ្លួន​របស់​លោក​ ពោល​គឺ​លោក​ជាម​គ្គុ​ទេស​ទេសចរណ៍​ផង​ដែរ​។​ តែ​នៅ​ពេល​ដែល​លោក​ ហុង​ ប៊ុ​ន​ធ្វី​ ចូល​និវត្តន៍​នៅ​ដើមឆ្នាំ​២០១៨​នេះ​ ស្រាប់តែ​លេចលឺ​ព័ត៌មាន​មក​ថា​ លោក​ប្រធាន​មន្ទីរ​ចាស់​ បាន​ស្នើ​ទៅ​អភិបាលខេត្ត​សៀមរាប​ ដើម្បី​ដាក់​លោក​ សុខ​ សីហា​ ឲ្យ​មក​កាន់​តំណែង​ជា​ប្រធាន​ជំនួស​លោក​ ដែល​វា​បាន​ធ្វើ​ឲ្យ​មន្ត្រីរាជការ​ក្នុង​មន្ទីរ​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ខេត្តសៀមរាប ​មួយ​ចំនួន ​មិន​ពេញចិត្ត​ ដោយ​ពួក​គេ​គិត​ថា​ ការ​ឡើង​តំណែង​ដ៏​លឿន​នេះ​ គឺ​បាន​មក​ពី​លុយកាក់​ និង​ខ្សែ​បក្ខពួក​។​

​លោក​ ហុង​ ប៊ុ​ន​ធ្វី​ បាន​ថ្លែង​ថា​ ចំពោះ​សំណើរ​ឲ្យ​មានការ​តែងតាំង​លោក​ សុខ​ សីហា​ ​​កាន់​តំណែង​ជា​ប្រធាន​មន្ទីរ​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​នេះ​ លោក​មិន​បានដឹង​ពី​រឿង​នេះ​ទេ​ វា​គឺជា​ការ​ចាត់ចែង​របស់​រដ្ឋបាល​ខេត្ត​ ហើយ​បើ​តាម​លោក​ដឹង​ សំណើរ​នោះ​ គឺ​នឹង​ត្រូវ​សម្រេច​ដោយ​ក្រសួង​។​

​ដោយឡែក​លោក​ លីវ​ គី​ម​ហេង​ ប្រធាន​នាយកដ្ឋាន​បុគ្គលិក​ នៃ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ បាន​មាន​ប្រសាសន៍​ថា​ លោក​ សុខ​ សីហា​ ពិតជា​ត្រូវ​បាន​ក្រសួង​ សម្រេច​ឲ្យ​ធ្វើ​ជា​ប្រធាន​មន្ទីរ​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ តាម​សំណើរ​របស់​សាលាខេត្ត​សៀមរាប​ ហើយ​ក្រសួង​ គ្រោង​នឹង​​ប្រកាស​នៅ​ពេល​សម​ស្រប​ណាមួយ​។​

​ទោះជា​យ៉ាងណា​ក៏​ដោយ​ បើសិនជា​លោក​ សុខ​ សីហា​ ដែល​ឡើង​តួនាទី​ដូច​ផ្លេកបន្ទោ​ ត្រូវ​បាន​គេ​តែងតាំង​ជា​ប្រធាន​មន្ទីរ​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ ​ខេត្តសៀមរាប​ មែន​ ច្បាស់​ជា​ធ្វើ​ឲ្យ​មន្ត្រីរាជការ​មួយ​ចំនួន​ធំ​ នៅ​ក្នុង​មន្ទីរ​នេះ​ មិន​សប្បាយចិត្ត​ឡើយ​ ដែល​ពួក​គាត់​គិត​ថា​ មិនបាច់​ប្រឹង​ធ្វើការ​អ្វី​ទេ​ គឺ​ចាំតែ​អែប​មេ​ និង​ចេះ​សែន​​ទៅ ​ជា​ការ​ស្រេច​ហើយ​។​

​គួរ​បញ្ជាក់​ដែរ​ថា​ កាលពីដើម​ខែឧសភា​នេះ​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ប្រកាស​ថា​ សម្តេច​នឹង​ពិនិត្យ​ឡើង​វិញ​ នូវ​ការ​ដំឡើង​ឋានន្តរស័ក្តិ​ និង​ថ្នាក់ដឹកនាំ​​នៅ​ក្នុង​ក្រសួង​ មន្ទីរ​ ស្ថាប័ន​ទាំងអស់​ថា​ តើ​បាន​ដំឡើង​ឲ្យ​មន្ត្រី​ និង​កងកម្លាំង​ក្នុង​ក្រសួង​របស់​ខ្លួន​ បាន​ត្រឹមត្រូវ​ទៅ​តាម​ការ​កំណត់​ក្នុង​ច្បាប់​ហើយ​ ឬ​នៅ​។​

ជាមួយ​គ្នា​នោះ សម្តេច​ក៏​បាន​ស្នើ​ដល់​រដ្ឋមន្ត្រី​ ដែល​គ្រប់គ្រង​ក្រសួង​ទាំងអស់​ ត្រូវ​យកចិត្ត​ទក​ដាក់​លើ​រឿង​នេះ​ គឺ​ត្រូវ​ដំឡើង​ឋានន្តរស័ក្តិ​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​ច្បាប់​ កុំ​ធ្វើ​តាមតែ​បទបញ្ជា​ ហើយ​កុំ​គិតតែ​ដំឡើង​ឋានន្តរស័ក្តិ​ និង​តួនាទី​របស់​ខ្លួន​ ឬ​បក្ខពួក​ខ្លួន ​មិន​បាន​គិតដល់​មន្ត្រី​នៅ​ក្រោម​ឱវាទ​ ដោយ​តាម​ច្បាប់ ​នៅ​ក្នុង​ក្រប​ខណ្ឌ​មន្ត្រីរាជការ​ស៊ី​វិល​ គឺ​ក្រោយ​រយៈពេល ​២​ឆ្នាំ​ ទើបត្រូវ​ស្នើ​សុំ​តម្លើង​ឋា​នន្ត​រ​ស័ក្តិ​ចំនួន ​១​ដង​។​

មហាជន​ បាន​ធ្វើការ​កត់​សម្គាល់ថា​ មួយ​រយៈ​ចុង​ក្រោយ​នេះ​ ការ​តែងតាំង​មន្ត្រីរាជការ​មួយ​ចំនួន ​ហាក់​មាន​ភាព​មិន​ប្រក្រតី ​គឺ​ខ្លះ​ជា​មន្ត្រី​លោត​ផ្លោះ​តែ​ម្តង​ សង្ស័យ​តែ​គាត់​ អាង​មាន​ខ្សែ​ធំ និងមាន​ទឹកប្រាក់​សំរាប់​យឺតយោង៕​ ប៊ុនរិទ្ធី


ចែករំលែក៖