ខេត្តតាកែវ៖ ប្រជាពលរដ្ឋនៅក្នុងភូមិព្រៃស្នួល ឃុំរវាង ស្រុកសំរោង ខេត្តតាកែវ បានខឹងសម្បារយ៉ាងខ្លាំងទៅលើអាជ្ញាធរ ភូមិ ឃុំ ដែលគ្មានវិធានការទប់ស្កាត់ ពីសកម្មភាពឈ្មួញដឹកជញ្ជូនដី ផ្ទុកធ្ងន់ បំផ្លាញផ្លូវនៅក្នុងភូមិ បំផ្លាញភ្លឺស្រែ និងស្រែរបស់ប្រជាពលរដ្ឋ យ៉ាងអនាធិបតេយ្យ ប៉ុន្តែអាជ្ញាធរធ្វើមើលមិនឃើញ ប៉ះពាល់ដល់ការរស់នៅដីស្រែប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ។
ការដឹកជញ្ជូនដីធ្វើអាជីវកម្មរបស់ឈ្មួញបំផ្លាញភ្លឺស្រែ បំផ្លាញដីស្រែ និងបំផ្លាញផ្លូវក្នុងភូមិរបស់ប្រជាពលរដ្ឋ គឺកើតមានជិត៦ខែមកហើយ ក្នុងនោះឈ្មួញថែមទាំងបានចាក់ដី ចូលដីស្រែប្រជាពលរដ្ឋយ៉ាងតិចត្រឹម១ម៉ែត្រ និងមានបណ្តោយជាច្រើនម៉ែត្រ ដើម្បីជាមធ្យោបាយរបស់ពួកគេដឹកជញ្ជូនដីធ្វើអាជីវកម្ម ដោយមិនបានគិតអំពីដីកម្មសិទ្ធិរបស់អ្នកដទៃ ដោយអំពើរំលោភបំពាន យ៉ាងធ្ងន់ធ្ងរ ។ ប្រជាពលរដ្ឋក្នុងភូមិស្នួលបានឲ្យដឹងថា ជុំវិញបញ្ហាទាំងអស់នេះ ពួកគាត់ បានសួរនាំទៅកាន់អាជ្ញាធរភូមិ ឃុំ ផងដែរ ប៉ុន្តែគាត់ហាក់ដូចជាគ្មានការទទួលខុសត្រូវ ហាមឃាត់ និងការពារសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋ ដូច្នេះ ការដឹកជញ្ជូនដីលក់ធ្វើអាជីវកម្មនេះ កាន់តែធ្វើឲ្យផ្លូវនៅក្នុងភូមិខូចខាត ភ្លឺស្រែត្រូវបានកម្ទេច ចាក់ដីរំលោភបំពានមកលើដីស្រែរបស់ប្រជាពលរដ្ឋ ដោយឡែកអាជ្ញាធរភូមិ ឃុំ ក៏ដូចជាថ្នាក់ស្រុកនេះជាដើម ពុំមានដំណោះស្រាយទាល់តែសោះ ។
ប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់ចាត់ទុកអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ដូចជាស្រុក ជាអ្នកការពារផលប្រយោជន៍ និងសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋ ហាក់ដូចជាឪពុកម្តាយ ប៉ុន្តែដល់ឈ្មួញធ្វើសកម្មភាពបំផ្លាញផ្លូវ បំផ្លាញភ្លឺ ចាក់ដីរំលោភមកលើដីស្រែប្រជាពលរដ្ឋ បែរជាគ្មានអាជ្ញាធរណាមួយយកចិត្តទុកដាក់ទាល់តែសោះ ។ ដូច្នេះប្រជាពលរដ្ឋ សំណុំពរដល់អាជ្ញាធរស្រុកសំរោង មន្ត្រីពាក់ព័ន្ធ និងអភិបាលនៃគណៈអភិបាលខេត្តដែលទើបនឹងកាន់តំណែងថ្មីថ្មោង មានវិធានការការពារ ដល់ប្រជាពលរដ្ឋ ដែលរងនូវការរំលោភបំពានពីក្រុមឈ្មួញរកស៊ីដឹកដី ហើយពួកគាត់សង្ស័យថា អាជ្ញាធរភូមិ ឃុំ ស្រុកអាចនឹងមានការឃុបឃិតគ្នាក្នុងផលប្រយោជន៍ណាមួយ ទើបអនុញ្ញាតឲ្យមានការដឹកជញ្ជូនបំផ្លាញផ្លូវ បំផ្លាញភ្លឺស្រែ ចាក់ដីរំលោភមកលើដីស្រែប្រជាពលរដ្ឋសម្រាប់ធ្វើជាផ្លូវក្នុងមធ្យោបាយដឹកជញ្ជូន ហើយមិនបានគិតដល់ផលប៉ះពាល់អ្នកដទៃនោះ ។ បើទោះជាមានការរិះគន់ដោយប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិព្រៃស្នួល ឃុំរវាង ស្រុកសំរោង ខេត្តតាកែវ ដូចខាងលើនេះក៏ដោយ នៅរសៀល ថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ អង្គភាពនគរវត្តមិនអាចសុំការបំភ្លឺបានទេពីអាជ្ញាធរ ភូមិ ឃុំ ស្រុក ដោយសារគ្មានលេខទូរស័ព្ទ ៕ សុខ ខេមរា