ខេត្តប៉ៃលិន៖ ស្ត្រីចំណាស់ម្នាក់បានរងរបួសបាក់ដៃខាងឆ្វេង ដោយសាររថយន្តមួយគ្រឿងបើកបត់ខ្វះការប្រុងប្រយ័ត្ន ក៏រេចង្កូតទៅកៀរម៉ូតូស្ត្រីម្នាក់កំពុងតែបើកបរម៉ូតូលើផ្លូវជាតិលេខ៥៧ បណ្ដាលឲ្យដួលរងរបួសចំដៃខាងឆ្វេង បាក់តែម្ដង ។
តាមប្រភពព័ត៌មានពីនគរបាលជំនាញផ្នែកចរាចរណ៍ស្រុកសាលាក្រៅបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងកាលពីវេលាម៉ោង ០៩និង១៤ នាទីព្រឹក ថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូបើកបរបញ្ច្រាសទិសគ្នានៅចំណុចជិតវត្តព្រំគីរីម៌ត ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
នគរបាលជំនាញផ្នែកចរាចរណ៍ស្រុកបានបន្តថា ស្ត្រីរងគ្រោះគេស្គាល់ ឈ្មោះ សិទ្ធិ ពៅ ភេទស្រី អាយុ ៥៤ឆ្នាំ មុខរបបលក់ដូរ មានទីលំនៅក្នុងភូមិអូប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកម៉ូតូម៉ាក Honda Dream ឆ្នាំ២០១៨ ពណ៌ខ្មៅ គ្មានស្លាកលេខ ដែលមានលេខម៉ាស៊ីន ៥២៣៧៤០៥ បើកបបរពីកើតទៅលិច រងរបួសបាក់ដៃឆ្វេង ។ ចំណែកអ្នកបើកបររថយន្តមានឈ្មោះ ប្រាក់ កាត់ ភេទប្រុស អាយុ ៥៩ឆ្នាំ ជនជាតិថៃ មុខរបរអាជីវករ (ចូលដីថ្មី)បើកបបររថយន្តម៉ាក Mazda ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ចាន់បូរី ៤០៦៥ បើកបរពីលិចទៅកើតរួចបត់មកខាងឆ្វេង ក្នុងរថយន្តនោះមានអ្នករួមដំណើរគឺប្រពន្ធឈ្មោះ ជិត សុខគុណ ភេទស្រី អាយុ ៤២ឆ្នាំ មុខរបបមេផ្ទះ អ្នកទាំងពីររស់នៅភូមិ ឃុំកើតហេតុខាងលើ ។
បច្ចុប្បន្នរថយន្ដ និងម៉ូតូអ្នកបើកបបរត្រូវបានសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ផ្លូវគោកប្រចាំការនៅគោលដៅព្រំបានបញ្ជូនយកទៅអធិការស្រុកសាលាក្រៅដើម្បីរង់ចាំដោះស្រាយ រីឯអ្នករងរបួសត្រូវបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនដើម្បីព្យាបាល ៕ ស សារ៉េត