ព័ត៌មានទាន់ហេតុការណ៍៖

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំត្រងិល

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃសៅរ៍ ៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ នៅឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង​មានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការ​គណបក្សប្រជាជនកម្ពុជា​​ ក្រោមអធិបតីភាពលោកត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកំពង់លែង និងទឹកផុស មន្ត្រីគណបក្សប្រជាជនខេត្ត ស្រុក ឃុំ ជាច្រើននាក់ បានចូលរួម ។

បន្ទាប់ពីស្តាប់របាយការណ៍របស់គណបក្សឃុំរួចមក លោក សន វី អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកំពង់លែងទទួលបន្ទុកការងារបក្សក្នុងឃុំត្រងិល​បានឡើង​អានរបាយការណ៍ ស្តីពី​ការកសាងអគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រងិល ដោយបញ្ជាក់ថា អគារមួយនេះ​បានបញ្ចុះបឋមសិលា និងបានចាប់ផ្តើមដំណើរការសាងសង់​នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ និងរួចរាល់ជាស្ថាពរនៅថ្ងៃទី​២០ ខែមេសា ឆ្នាំ២០១៨ ដោយក្នុងនោះ ការចំណាយសាងសង់មានដូចខាងក្រោម៖

១ អគារស្នាក់ការគណបក្សឃុំត្រងិលមួយខ្នងមានទំហំ​៦.៥០ម៉ែត្រគុណនឹង៩ម៉ែត្រ ចំណាយការសាងសង់អស់ថវិកាចំនួន១៧.២០០ដុល្លារ ក្នុងនោះ​ចូលរួមឧបត្ថម្ភពីលោកត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកំពង់លែង និងទឹកផុស និងលោកស្រី ថវិកាចំនួន៥ពាន់ដុល្លារ, លោក ផែង សុវិជ្ជានោ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកំពង់លែង ជួយឧបត្ថម្ភថវិកា១ពាន់ដុល្លារ, ខ្លួនខ្ញុំផ្ទាល់ (សន វី) និងភរិយា និងក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំត្រងិលឧបត្ថម្ភថវិកា៧.៧០០ដុល្លារ និងលោក អូ គឹមធី ប្រធានក្រុមប្រឹក្សាឃុំត្រងិល និងជាប្រធានគណបក្សប្រជាជនឃុំ ឧបត្ថម្ភចំនួន៥០០ដុល្លារ ។

ការសាងសង់អគារនេះ​មានធ្វើរបង​ និងក្លោងទ្វារ មានប្រវែង៣៨ម៉ែត្រ អស់ថវិកា៤៥០០ដុល្លារ ឧបត្ថម្ភដោយរូបខ្ញុំ(សន វី) ផ្ទាល់, ធ្វើរបងបន្លលួសមានប្រវែង​១១៧ម៉ែត្រ អស់ថវិកា៨០០ដុល្លារ, បន្ទប់ទឹកទំហំ២.៥០ម៉ែត្រគុណ៣ម៉ែត្រ ចំណាយថវិកាអស់១៨០០ដុល្លារ និងដងទង់ជាតិមួយ អស់ថវិកា៥០០ដុល្លារ ដោយសរុបជារួមចំណាយអស់ថវិកា២៤.៨០០ដុល្លារ ។

លោកសន វី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដែលជានិច្ចកាលយកចិត្តទុកដាក់ចំពោះការរស់នៅរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈដោយមិនប្រកាន់និន្នាការនយោបាយឡើយ ។ សមិទ្ធផលថ្មីនេះនឹងជួយសម្រួលដល់ការងារគណបក្សឃុំ​លើការងាររដ្ឋបាល និងលិខិតស្នាមផ្សេងៗ ។

បន្ទាប់ពីស្តាប់របាយការណ៍ដ៏ពិស្តាររបស់លោកសន វី រួចមក លោកត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកំពង់លែង និងទឹកផុស បានមានប្រសាសន៍សំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា​ ដែលបានចូលរួមក្នុងពិធីនេះ ដោយថ្លែងថា ក្រោមការដឹកនាំ​របស់​សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានតស៊ូលះបង់​រាល់ការលំបាក​ដើម្បីដឹកនាំប្រទេសកម្ពុជាឈានទៅរកការរីកចម្រើន ដល់សព្វថ្ងៃនេះ គឺគណបក្សប្រជាជនកម្ពុជានេះហើយ ជាអ្នក​ជំរុញឲ្យនាវាកម្ពុជាទទួលបានសន្តិភាពពេញលេញ និងការអភិវឌ្ឍរីកចម្រើនជាលំដាប់ ។ ដូច្នេះ ក្នុងការបោះឆ្នោត​ជ្រើសរើសតំណាងរាស្ត្រអណត្តិទី៦ ខាងមុខនេះ សូមប្រជាពលរដ្ឋ ក៏ដូចជា​សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់មានជំនឿលើបក្ស និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា ៕ សុខ ខេមរា


ចែករំលែក៖