ព័ត៌មានទាន់ហេតុការណ៍៖

លោកផ្កាយ២ ឃិន ម៉េងស្រេង សង្ស័យជាមេខ្លោងឲ្យវៀតណាមចូលមកកាប់​ឈើ​នៅតំបន់អូររលៀ និងប្រមូលឈើ​ដឹកតាមក្បូនត្រឡប់ទៅវិញ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ សកម្មភាពជនជាតិវៀតណាមចូលមកកាប់ឈើក្នុងទឹកដីខ្មែរ កើតមានប្រមាណជាង១ខែមកហើយ នៅតំបន់អូររលៀ ស្ថិតក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដែលជា​ទីតាំង​ជនជាប់ចោទឈ្មោះ ផល ពេញ បាញ់សម្លាប់មន្ត្រីកងរាជអាវុធហត្ថ និងមន្ត្រីបរិស្ថានកាលពីប៉ុន្មានខែមុននេះ ។

លោកផ្កាយ២ឃិន ម៉េងស្រេង នាយរងការិយាល័យទី២កងទ័ពជើងគោក ដែលមានតួនាទីទទួលទិស​មណ្ឌលភូមិភាគទី១ និងកូនប្រុសរបស់គាត់ឈ្មោះ ឃិន បញ្ញា មេយោធាសឹករង​ស្រុកអូររាំង ត្រូវបានគេសង្ស័យថា ជាមេខ្លោងអនុញ្ញាតឲ្យជនជាតិវៀតណាមចូលមកកាប់ឈើ​ក្នុងទឹកដីខ្មែរនៅតំបន់នោះ និងជាអ្នកយកប្រាក់ពីឈ្មួញវៀតណាម មកបែងចែក​ដល់អាជ្ញាធរ សមត្ថកិច្ច ជំនាញជាច្រើនស្ថាប័ន ដើម្បី​ជាប្រយោជន៍លាក់បាំងចំពោះសកម្មភាពវៀតណាមកាប់ឈើ និង​ប្រមូល​ដឹកជញ្ជូនទៅវៀតណាមវិញ ។

គេបានរាយការណ៍មកថា ការកាប់បំផ្លាញឈើ​និងដឹកជញ្ជូនឈើ នៅតំបន់អូររលៀ មានសកម្មភាពលក្ខណៈទ្រង់ទ្រាយធំ បើទោះជាគេមិនអាចប្រើ​រថយន្តកែច្នៃ ត្រាក់ទ័រ ឡានបាកុង ដឹកជញ្ជូនឆ្លងទៅវៀតណាម តាម​ច្រក​អូររលៀនេះក៏ដោយ ជាទម្លាប់​ ក្រុមវៀតណាមបានប្រើប្រាស់ក្បូន ដែលមានទទឹងប្រមាណ៣០ម៉ែត្រ និងបណ្តោយ​៤០ម៉ែត្រ សម្រាប់ដឹកឈើ​ចេញពី​អូររលៀ ឆ្ពោះទៅ​ចំណុចច្រកអូរហុច ដើម្បីឆ្លងទៅវៀតណាម នៅចំណុចសុងបៀរ ដែលមានដីចម្ងាយ ប្រមាណជា២០គីឡូម៉ែត្រ ក្នុងនោះ វៀតណាមបានកាប់ឈើ​និងប្រមូលក្នុងរយៈពេល៤ទៅ៥ថ្ងៃ ទើបដឹកឈើចេញពីតំបន់អូររលៀ ឆ្លងទៅវៀតណាម ដែលក្បូននីមួយៗត្រូវផ្ទុកឈើបាន​មិនតិចជាង៤០ម៉ែត្រគូប ។

ប្រភពគួរឲ្យជឿទុកចិត្តបានបង្ហើបថា មុននឹងមានឱកាស​ឲ្យវៀតណាមចូលក្នុងទឹកដីខ្មែរ ហើយដឹកជញ្ជូនទៅវៀតណាម​តាម​ក្បូននៅតំបន់អូររលៀនេះ គឺលោកផ្កាយ២ ឃិន ម៉េងស្រេង និងកូនប្រុសរបស់គាត់លោកឃិន បញ្ញា ជាអ្នកយកកញ្ចប់ពីឈ្មួញវៀតណាម ដើម្បីចាត់ចែង ឲ្យសមត្ថកិច្ចអាជ្ញាធរ ជំនាញគ្រប់ស្ថាប័ន ក្នុងនោះ គេហ៊ានទាំងបង្ហើបថា ពេលកំពុងរត់ការ លោកផ្កាយ២ឃិន ម៉េងស្រេង និងកូនប្រុស បានចាត់ចែងកញ្ចប់ទាំងនេះ ទៅកាន់អាជ្ញាធរ សមត្ថកិច្ច និងជំនាញគ្រប់ស្ថាប័ន តែចុងក្រោយអ្វីដែល ឃិន ម៉េងស្រេង និងកូន ពិបាកជាងគេបំផុតនោះ គឺឈ្មោះ ឡេង សោភ័ណ មេបញ្ជាការ នគរបាលវរៈការពារព្រំដែនលេខ៦២១ ព្យាយាមគេចវេះ មិនយកកញ្ចប់ថវិកានេះ ដោយសារខ្លួន បានជាប់ពាក់ព័ន្ធទៅនឹងសកម្មភាពកាប់បំផ្លាញព្រៃឈើ​នៅតំបន់អូរហុច ហើយ​កំពុង​មានសំណុំរឿងដោះស្រាយមិនទាន់ចប់នៅសាលាដំបូងរាជធានីភ្នំពេញនោះ ។

ទោះជាលោកឡេង សោភ័ណ មិនទទួលកញ្ចប់ ក៏លោកផ្កាយ២ ឃិន ម៉េងស្រេង ព្យាយាមគ្រប់មធ្យោបាយដើម្បីជួប និង​ទទួលកញ្ចប់ពីគាត់រួចជាស្រេច ទើប​លោកឃិន ម៉េងស្រេង ឲ្យវៀតណាមកាប់បំផ្លាញព្រៃឈើនៅតំបន់អូររលៀបានជោគជ័យយ៉ាងរលូនមកទល់នឹងពេលនេះ មានរយៈពេល​ជាង១ខែមកហើយ ។

គួររំលឹកថា លោកផ្កាយ២ ឃិន ម៉េងស្រេង ក៏បានពាក់ព័ន្ធទៅនឹងសកម្មភាពកាប់បំផ្លាញព្រៃឈើនៅតំបន់អូរហុច ហើយត្រូវបានបង្ក្រាបដោយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងនោះគាត់ត្រូវបាន​ស្ថិតក្នុងបញ្ជីខ្មៅនៃបទល្មើសនេះ ហើយសំណុំរឿងត្រូវបានសាលាដំបូងរាជធានីភ្នំពេញកំពុងដំណើរការនីតិវិធីនៅឡើយ ហើយគាត់ក៏ត្រូវបានផ្លាស់ប្តូរតំណែងពីមេបញ្ជាការ​តំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគិរី មកបម្រើការ​នៅ​ការិយាល័យទី២ កងទ័ពជើងគោក ទើបតែថ្មីៗនេះ នៅថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ លោកឃិន ម៉េងស្រេង ត្រូវបាននាយឧត្តមសេនីយ៍មាស សុភា មេបញ្ជាការកងទ័ពជើងគោកចេញសេចក្តីសម្រេច ប្រគល់ភារកិច្ច ជានាយរងការិយាល័យទី២កងទ័ពជើងគោក ទទួលទិស​មណ្ឌលភូមិភាគទី១ និង​មានអំណាចប្រព្រឹត្តបទល្មើសព្រៃឈើឡើងវិញ ។

លោកឃិន ម៉េងស្រេង ក្រោយពីបាន​សេចក្តីសម្រេចនេះ​ និងលិខិតបេសកកម្ម ទទួលទិសមណ្ឌលភូមិទី១ លោកឃិន ម៉េងស្រេង មិនត្រឹមតែឲ្យវៀតណាមចូលមកបំផ្លាញឈើ និងប្រមូលដឹកជញ្ជូនទៅវៀតណាមវិញ តាមតំបន់អូររលៀ ប៉ុណ្ណោះទេ ​គឺគាត់បាន​យក​មន្ត្រីយោធារបស់គាត់ពីការិយាល័យទី២នៃកងទ័ពជើងគោក និងយោធា​ ដឺបេ មកធ្វើសកម្មភាព​ដាក់ឡានតាមបណ្តោយផ្លូវដែលមានបទល្មើសឈើឆ្លងកាត់ ជាការបន្លាច ដើម្បីឲ្យឈ្មួញឈើទាំងនោះ​ចូលមកចរចាបង់ប្រាក់ប្រចាំខែ និងក្បាលឡានជាដើម ។ គេបានទម្លាយថា កន្លងទៅ​ ខាង ដឺបេ ក៏ដូចជាខាង ទាហាន​ទទួលទិសមណ្ឌលភូមិភាគទី១ បានទទួលកញ្ចប់ពីឈ្មួញ និងក្រុមហ៊ុន​ក្នុងមួយខែត្រឹមតែ២០០ដុល្លារ ឬ៣០០ដុល្លារ ខ្លះទៀត៥០០ដុល្លារក្នុងមួយខែ ប៉ុន្តែដល់លោកឃិន ម៉េងស្រេង មានសេចក្តីសម្រេច និងលិខិតបេសកកម្ម គឺ​កូនប្រុសរបស់លោក គឺលោកឃិន បញ្ញា មេយោធាសឹករងស្រុកអូររាំង ចេញមុខជាអ្នកប្រមូលកញ្ចប់ពីឈ្មួញឈើ និងក្រុមហ៊ុន ដោយឡែកចំពោះឈ្មួញធំៗ ឬក្រុមហ៊ុនត្រូវតែមកជួបផ្ទាល់ជាមួយលោកឃិន ម៉េងស្រេង តាមរយៈប្រើប្រាស់កម្លាំងយោធា ដាក់តាមដងផ្លូវ និងមានឡានជាមធ្យោបាយជាដើម ដើម្បីឲ្យឈ្មួញ និងក្រុមហ៊ុនខ្លះភ័យខ្លាចបង្ខំចិត្តចូលមកចរចា ចាត់ចែងកញ្ចប់ជូន ។

ពាក់ព័ន្ធនឹងសកម្មភាពខាងលើនេះ អង្គភាពនគរវត្តមិនអាចទាក់ទងបានទេពីលោក ឃិន ម៉េងស្រេង នាយរងការិយាល័យទី២ កងទ័ពជើងគោកទទួលទិស​មណ្ឌលភូមិភាគទី១ កាលពីព្រឹកថ្ងៃសៅរ៍ ៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ ដោយទូរស័ព្ទរបស់គាត់ត្រូវបានបិទ ដោយឡែក លោក ឃិន បញ្ញា ក៏មិនអាចទាក់ទងសុំការបំភ្លឺបានដោយគ្មានលេខទូរស័ព្ទ ។ ប៉ុន្តែចំពោះបុគ្គល ឃិន បញ្ញា កូនលោកឃិន ម៉េងស្រេង មិនត្រឹមតែយកចំហាយអំណាចរបស់ឪពុក​ប្រមូលលុយពីឈ្មួញគាបឈ្មួញប៉ុណ្ណោះទេ មួយរយៈនេះ នាយ នាយរង និងពលទាហាននៅក្នុងអង្គភាពសឹករង​ស្រុកអូររាំង មិនពេញចិត្ត​ចំពោះការដឹកនាំរបស់បុគ្គលនេះ ជាមួយនឹងការបញ្ចេញប្រតិកម្ម មិនទៅធ្វើការ​ និងនាំគ្នាផ្តិតមេដៃមិនទទួលយកលោកឃិន បញ្ញា ជាមេដឹកនាំអង្គភាពនោះឡើយ ប៉ុន្តែលោកឃិន បញ្ញា បានព្រមាននៅក្នុងអង្គប្រជុំដោយពាក្យសម្តីមិនសមរម្យ ដូចជាពាក្យថា បើអស់លោកមិនពេញចិត្ត មិនបាច់សរសេរក៏បាន គ្រាន់តែផ្តិតមេដៃលើក្រដាសស ហើយចេញទៅ ខ្លួនថែមទាំងឧបត្ថម្ភថវិកា២០ម៉ឺនរៀល និងអង្ករ១បេជូនថែមទៀត ។

ពាក់ព័ន្ធទៅនឹងសកម្មភាពវៀតណាមចូលមកកាប់ឈើក្នុងទឹកដីខ្មែរនៅតំបន់អូររលៀ លោកកែវ សុភ័ក្រ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានទទួលស្គាល់ក្នុងករណីនេះ តាមទូរស័ព្ទ លោកបានបញ្ជាក់យ៉ាងដូច្នេះថា តាមពិតនៅតំបន់នោះ ខ្ញុំបានឲ្យមន្ត្រីជំនាញចុះទៅ​ដើម្បីវិធានការបង្ក្រាប ប៉ុន្តែពួកយើងខ្វះមធ្យោបាយ និងពិបាកធ្វើដំណើរ និយាយរួមទៅ​មធ្យោបាយខាងសមត្ថកិច្ចយើងវាមិនឈ្នះមធ្យោបាយក្រុម​ឈ្មួញបំផ្លាញព្រៃឈើ ដូច្នេះពេលទៅម្តងៗ បានត្រឹមតែឃើញដាននៃការដឹកឈើចេញតែប៉ុណ្ណោះ ។ លោកប្រធានមន្ទីរបន្តថា បើទោះជាលំបាកយ៉ាងណាក៏ដោយ ខ្ញុំនៅតែមានផែនការ​ដើម្បីឲ្យមន្ត្រីចុះ​ទៅកាន់ទីនោះឲ្យបានជាប់លាប់ ។

លោកអ៊ុំ វណ្ណសុភៈ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី មិនអាចសុំការបំភ្លឺក្នុងករណីនេះបានទេ ដោយទូរស័ព្ទចូល​គាត់ចុចបិទ ក្រោយមកក៏បិទទូរស័ព្ទតែម្តង ។ លោកឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានប្រាប់អង្គភាពនគរវត្តថា ខ្ញុំមិនទាន់បានទទួលព័ត៌មាននេះនៅឡើយទេ ប៉ុន្តែខ្ញុំសូមជម្រាបថា គ្រប់បណ្តាច្រកទាំងអស់ ទីណាក៏ដោយនៅក្នុងខេត្តមណ្ឌលគិរី ខ្ញុំបានចេញបទបញ្ជាឲ្យបិទទាំងអស់ មិនឲ្យមានទេ ការដឹកជញ្ជូនឈើ គឺធ្វើឲ្យស្ងាត់តែម្តង តែបើលេចឮព័ត៌មានបែបនេះ ខ្ញុំនឹងហៅលោក ឡេង សោភ័ណ មេបញ្ជាការ​នគរបាលវរៈការពារព្រំដែនលេខ៦២១ គ្រប់គ្រងនៅតំបន់នោះមកសួរនាំឲ្យបានច្បាស់ ព្រោះនេះជាបទល្មើស ដែលខ្ញុំត្រូវទទួលខុសត្រូវ និងចាត់វិធានការ បើសិនជាមាន ។ ដោយឡែកលោក ឡុង ហុកម៉េង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរីបានប្រាប់នគរវត្តយ៉ាងដូច្នេះថា ខ្ញុំមិនទាន់បានដឹងថា មាន​វៀតណាមចូលមកកាប់ឈើនៅទីនោះនៅឡើយទេ តែ​បើដំណឹងនេះមានពិត មិនមែនជារឿងធម្មតា ហើយបើមាន​មូលដ្ឋាននិងសកម្មភាព​នេះជាក់ស្តែង ខ្ញុំត្រូវ​ហៅអ្នកដែលពាក់ព័ន្ធមកសួរនាំ ប៉ុន្តែ​បើមិនទាន់មានរូបភាពទាំងនោះទេ ខាងសារព័ត៌មានគួរតែសួរនាំអ្នកនាំពាក្យ​គឺលោក ម៉ម វណ្ណដា ។

លោកម៉ម វណ្ណដា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានបញ្ជាក់ថា លោកក៏មិនទាន់បានទទួលដំណឹងថា មានបទល្មើសឈើនៅទីនោះ ជាធម្មតា ខ្ញុំដឹងលុះត្រាណាតែ ខាងសមត្ថកិច្ចចុះបង្ក្រាប ទើបមន្ត្រីនគរបាលយុត្តិធម៌គាត់ជូនដំណឹង តែពេលនេះ បើគ្មានការបង្ក្រាប ក៏ខ្ញុំមិនអាចដឹងក្នុងរឿងនេះដែរ ។ ដោយឡែកលោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី មិនអាចសុំការបំភ្លឺបានទេ ដោយទូរស័ព្ទចូលជាច្រើនលើកគ្មានអ្នកទទួល ។

សូមបញ្ជាក់ផងដែរថា ប៉ុន្មានថ្ងៃមុននេះ ស្របពេលដែលកម្លាំង​កងរាជអាវុធហត្ថលើផ្ទៃប្រទេសសហការជាមួយក្រសួង​រ៉ែ និងថាមពល សមត្ថកិច្ចអាជ្ញាធរខេត្តមណ្ឌលគិរីចុះបង្ក្រាបទីតាំងរ៉ែមាសចំនួន៤កន្លែងនៅចំណុចចុងផ្លាស សកម្មភាពកាប់ឈើនៅតំបន់អូររលៀ គឺលោក ឃិន ម៉េងស្រេង បានតាមដានព័ត៌មាននេះយ៉ាងយកចិត្តទុកដាក់ និងខ្លាច​បែកការណ៍ ដឹងពីទីតាំងសកម្មភាពកាប់ឈើរបស់ជនជាតិវៀតណាម ក្នុងនោះសូម្បីតែលោក ឡេង សោភ័ណ មេបញ្ជាការនគរបាលវរៈការពារព្រំដែនលេខ៦២១ ភ័យស្លន់ស្លោ ស្ទើរតែជ្រុះសក់ ខណៈខ្លួនមានដំបៅចំពោះបទល្មើសព្រៃឈើនេះម្តងរួចមកហើយនៅតំបន់អូរហុច ប៉ុន្តែសកម្មភាពទៅបង្ក្រាបរ៉ែមាស ទោះបីជាមិនឆ្ងាយពីទីតាំងកាប់បំផ្លាញព្រៃឈើនោះក៏ដោយ ក៏ត្រូវបានគេបិទបាំងយ៉ាងស្ងាត់ ក្នុងនោះសូម្បីតែសកម្មភាព របស់ដៃជើងរបស់លោកឃិន ម៉េងស្រេង ដឹកជញ្ជូនឈើចេញពីតំបន់ព្រំប្រទល់ខេត្តមណ្ឌលគិរី និងខេត្តក្រចេះរវាងស្រុកកែវសីមា និងស្រុកស្នួល ឆ្លងទៅវៀតណាមតាមច្រកង៉ាំដី ដែលដឹកឆ្លងកាត់​ចំពីខាងក្រោយផ្ទះលោក ឃិន ម៉េងស្រេង គីឡូម៉ែត្រលេខ៣៦ ក៏មិនបានបែកការណ៍ដូចគ្នា ខណៈអ្នកយកកញ្ចប់ថវិកាទាំងអស់ ទាំងអាជ្ញាធរ សមត្ថកិច្ច និងជំនាញ បានផ្តល់ដំណឹងនេះ ទៅកាន់ពួកគេគ្រប់គ្នា ដើម្បីលាក់បាំង ទើប​មកទល់ពេលនេះ លោក ឃិន ម៉េងស្រេង​ឲ្យវៀតណាមដំណើរការវិញដដែលដោយដឹកជញ្ជូនឈើតាមក្បូននៅតំបន់អូររលៀឆ្ពោះមកកាន់តំបន់អូរហុច និងឆ្លងទៅវៀតណាមតាមចំណុចសុងបៀរ និងដឹកជញ្ជូនតាមឡានទៅវៀតណាមតាមច្រកង៉ាំដី គ្មានវិធានការបង្ក្រាបពីអាជ្ញាធរ និងសមត្ថកិច្ច​ដែលមានតួនាទីបង្ក្រាបនោះឡើយ ៕ សុខ ខេមរា


ចែករំលែក៖