ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មួញបម្រុងដឹកឈើទៅវៀតណាមតាមច្រកទ្វេភាគីប៉ុស្តិ៍៧-ណាំលៀ ដូចហែកឋិន

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ សកម្មភាពដឹកជញ្ជូនឈើឆ្លងទភប្រទេសវៀតណាមតាមច្រកប៉ុស្តិ៍៧-ណាំលៀ ស្ថិតក្នុងស្រុកពេជ្ជតា ខេត្តមណ្ឌលគិរី កាន់តែមានទ្រង់ទ្រាយធំឡើងៗ ឈ្មួញ ដឹកមិនខ្វល់ខ្វាយពីការបង្ក្រាបណាមួយ ដោយសមត្ថកិច្ច អាជ្ញាធរ ជំនាញពាក់ព័ន្ធសូម្បីតែបន្តិចសោះ ។

យ៉ាងហោចណាស់ក៏មានរថយន្តពី៥០-៦០គ្រឿង ប្រភេទឡានឡង់គ្រីស័រកែច្នៃដឹកឈើទៅវៀតណាមតាមច្រកខាងលើនេះ ម្តងៗក្នុងមួយយប់ៗ ក្នុងនោះគេបានរាយការណ៍មកថា អ្នក ដឹកជញ្ជូនបទល្មើសឈើទាំងនេះភាគច្រើនគឺជាសមត្ថកិច្ចតែម្តង មានដូចជាយោធា បរិស្ថាន និងអាជ្ញាធរថ្នាក់ស្រុកផងដែរ ។ ដូច្នេះ ប៉ុស្តិ៍៧-ណាំលៀ ជាទីតាំងចរាចរណ៍ឆ្លងទៅ វៀតណាម កើតឡើងដោយអំពើពុករលួយលក្ខណៈប្រព័ន្ធ ។

ឈើទាំងនោះភាគច្រើន ប្រមូលមកពីស្រុកកោះញែក យកមកគរទុកនៅជិតចម្ការកៅស៊ូ បារាំង និងដាក់ឡាក់ ចម្ការម្រេច ស្ថិតក្នុងស្រុកប៊ូស្រា ស្រុកពេជ្ជតា ខេត្តមណ្ឌលគិរី ដើម្បី លើកដាក់ឡានឡង់គ្រីស័រកែច្នៃ ដឹកទៅប្រទេសវៀតណាម ។ បើតាមគម្រោងយប់នេះតែ ម្តង ឈ្មួញត្រៀមចេញឈើរួចជាស្រេច ខណៈមួយរយៈនេះ ការចេញទៅវៀតណាមម្តង ៥០-៦០គ្រឿងបានជោគជ័យ ទើបសកម្មភាពបទល្មើសនេះកាន់តែសម្រុក ហើយសមត្ថ កិច្ចច្រកនេះតែម្តងយកចិត្តទុកដាក់បំផុតរាល់បទល្មើសព្រៃឈើឆ្លងកាត់ គឺរាប់ក្បាលឡាន យកប្រាក់ ។

ពាក់ព័ន្ធនឹងបទល្មើសដឹកជញ្ជូនឈើនេះ លោក ផូ សំអន ប្រធានស្នាក់ការប៉ុស្តិ៍៧-ណាំ លៀ បានបដិសេធថាគ្មានសកម្មភាពនេះទេ តាមទូរស័ព្ទលោកបញ្ជាក់យ៉ាងដូច្នេះថា «មាន ការដឹកជញ្ជូនឈើឯណា….គ្មានទេ កុំមានទម្លាប់ឮគេថា….ឮគេថាវាជារឿងមិនពិត…លោក សើចក៏បិទទូរស័ព្ទ ។ ដោយឡែកលោក សំរិទ្ធ ណយ មេប៉ុស្តិ៍៧ ដែលគេទទួលស្គាល់ថា ជាមេក្លោងយូរឆ្នាំមកហើយជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ តាមរយៈបើកបារ៉ាសឲ្យ ឈ្មួញដឹកជញ្ជូនឈើទាំងយប់ទាំងថ្ងៃទៅវៀតណាមតាមប៉ុស្តិ៍៧នេះ មិនអាចសុំការបំភ្លឺបានទេ ដោយទូរស័ព្ទចូល គាត់ចុចទទួល តែមិននិយាយឆ្លើយតប ។

បើទោះជាសកម្មភាពឈើនេះ នៅតែកើតមានក៏ដោយ ក៏លោក ឡោ សុខា ស្នងការនគរ បាលខេត្តបានប្រាប់ ថា «សកម្មភាពបទល្មើសដឹកជញ្ជូនឈើ ខ្ញុំឲ្យបិទអស់ហើយគ្រប់ច្រក និយាយរួមធ្វើឲ្យស្ងាត់តែម្តង» ។ ដោយឡែកលោក «ទៀង សៅរ័ត្ន ស្នងការរងទទួលបន្ទុក គ្រប់គ្រងទ្វេភាគី និងច្រកអន្តរជាតិ មិនអាចទាក់ទងបានទេ ដោយទូរស័ព្ទចូលច្រើនលើក គ្មានអ្នកទទួល »។

ប្រធានស្នាក់ការប៉ុស្តិ៍៧-ណាំលៀ បានបដិសេធថាគ្មានសកម្មភាពដឹកជញ្ជូនឈើតាមច្រក ដែលខ្លួនគ្រប់គ្រងបែបនេះ ក៏មានក្រុមឈ្មួញ ក៏ដូចជាសមត្ថកិច្ចមួយចំនួននិយាយបែប ចំអកថា ប្រសិនបើប្រធានស្នាក់ការ ក៏ដូចជានគរបាលប៉ុស្តិ៍ជាដើម…មានន័យថាពួកគាត់ ពាក់ព័ន្ធនឹងផលប្រយោជន៍បទល្មើសនេះ ខណៈឡានឈើចេញម្តងៗដូចហែកឋិន ចត យ៉ាងប្រសេចប្រសាចពេញផ្លូវតាមមាត់ច្រក ដូចរូបភាពឃើញជាក់ស្តែងនៅមាត់ច្រកនេះតែម្តង ៕ សុខខេមរា


ចែករំលែក៖