ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃសៅរ៍ ៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២ ខែមិថុនាឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធអគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្ថិតក្នុងឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជានេះ ជាអំណោយដ៍ថ្លៃថ្លា របស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលដឹកនាំកសាងដោយឯកឧត្តម ទេសរដ្ឋមន្ត្រី ជា សុផារ៉ា។ អគារនេះមានបណ្តោយ៨០ម៉ែត្រ ទទឹង៥៤ម៉ែត្រ កម្ពស់២ជាន់ រួមទាំងជាន់ផ្ទាល់ដីមានផ្ទៃក្រឡា៥,០២៣ម៉ែត្រការេ លើផ្ទៃដីសរុប១,៥ហិកតា ដោយមានសាលប្រជុំ បន្ទប់ទទួលភ្ញៀវ និងបន្ទប់ការយាល័យមួយចំនួនទៀត។

សម្តេចតេជោ ហ៊ុន សែន ត្រូវបានទទួលស្វាគមន៍ពីបងប្អូនប្រជាពលរដ្ឋ យុវជន និងកូនក្មួយសិស្សានុសិស្សយ៉ាងច្រើនកុះករ ដោយមានការថតរូបអនុស្សាវរីយ៍យ៉ាងស្និទ្ធស្នាលជាទីបំផុតដែលបង្ហាញនូវក្តីអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅរបស់សម្តេចចំពោះកូនចៅខ្មែរ។ ក្រោយពីអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់អោយប្រើប្រាស់នូវអគារស្នាក់ការគណបក្សប្រជាជនកម្ពុជារួចហើយ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋដែលជាសមាជិកសមាជិកាគណៈបក្សប្រជាជនកម្ពុជាប្រមាណជាង២ពាន់នាក់ផងដែរ។

សម្តេចតេជោ ហ៊ុន សែន មានសេចក្តីរីករាយប្រកបដោយមោទនភាពចំពោះសមិទ្ធផលអគារស្នាក់ការគណបក្សប្រជាជនកម្ពុជាក្នុងទឹកដីនៃខេត្តត្បូងឃ្មុំនេះ។ សមិទ្ធផលថ្មីរបស់គណបក្សប្រជាជនកម្ពុជាគឺនឹងបានបំរើប្រយោជន៍យ៉ាងសំខាន់ដល់កិច្ចការទូទៅរបស់មន្ត្រីរបស់គណៈបក្សប្រជាជននៅទីនេះ។

នៅក្នុងឱកាសនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកពីប្រវត្តិខ្លះៗនៃតំបន់នៃខេត្តត្បូងឃ្មុំ នេះ ជាពិសេសនៅចំកន្លែងដែលសាងសង់អគារស្នាក់ការគណៈបក្សនេះតែម្តង គឺជាកន្លែងដែលរូបសម្តេចផ្ទាល់ធ្លាប់រត់លូនដោយសង្គ្រាមក៏ក្តៅគគុកក្នុងពេលស្រុកមានសង្រ្គាម ជាពិសេសខេត្តនេះក៏ជាតំបន់ដែលសម្តេចតេជោត្រូវធ្វើដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិក្នុងតំបន់ព្រំដែនកម្ពុជា-វៀតណាមផងដែរ ទើបឈានដល់ការរំដោះប្រទេជាតិទាំងមូលអោយរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត ។

សម្តេចតេជោនាយករដ្ឋមន្ត្រីមានមោទភាពយ៉ាងខ្លាំងចំពោះការវិវឌ្ឍរបស់ខេត្តត្បូងឃ្មុំជាខេត្តដែលត្រូវបានបំបែកចេញពីខេត្តកំពង់ចាម ហើយពេលនេះកំពុងតែមានការអភិវឌ្ឍរីកចម្រើនទៅមុខ។

ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍បញ្ជាក់ថាបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានខិតខំលើការធ្វើការកំណែទម្រង់នៃបញ្ហាសំខាន់ជាច្រើន ដើម្បីអោយការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាយើងកាន់តែសុខស្រួលនិងមានជីវភាពល្អប្រសើរ ដូចជាថ្មីៗនេះដែលរាជរដ្ឋាភិបាលបានធ្វើការតំឡើងប្រាក់ខែដល់មន្ត្រីរាជការជាបន្តបន្ទាប់។ ចាប់ពីឆ្នាំ២០១៩ទៅប្រាក់ខែមន្ត្រីរាជការមិនតិចជាង១លានរៀលនោះទេ។ ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលក៏បានខិតខំធ្វើការកំណែទម្រង់ទាំ ថ្នាក់ក្រោម និងថ្នាក់លើ ទាក់ទងទៅនឹងបញ្ហាសំខាន់ៗមួយចំនួនទៀតដូចជាប្រព័ន្ធហិញ្ញវត្ថុ, កំណែទម្រង់សេវាសាធារណៈ និងកំណែទម្រង់លើវិស័យផ្សេងៗជាច្រើនទៀត។ លើសពីនេះទៅទៀត​ សម្ដេចតេជោ​ បានសង្កត់ធ្ងន់ថា​ សមាជិក​ សមាជិកា​ គណបក្សប្រជាជនកម្ពុជាទាំងអស់​ ត្រូវកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋអោយបានល្អ។

ក្រោយពីបានពិនិត្យ និងបានឃើញនូវកង្វះខាតចាំបាច់សម្រាប់កូនក្មួយនិស្សិតនៃសាកលវិទ្យាល័យហេង សំរិនត្បូងឃ្មុំ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អំណោយនូវអគារស្នាក់នៅបន្តការសិក្សាចំនួន៣ខ្នង កម្ពស់២ជាន់ មាន៦០បន្ទប់ ដែលមួយអគារមាន២០ បន្ទប់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាជិក សមាជិកា គណៈប្រជាជនកម្ពុជាទាំងអស់ ដែលកន្លែងមកតែងតែគោរពស្រលាញ់ចំពោះសម្តេចផ្ទាល់ និងតែងតែបោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់រហូតមក។ សម្តេចតេជោ ក៏បានជូនពរដល់សមាជិក សមាជិការទាំងអស់ សូមជួបតែសេចក្តីសុខសេចក្តី សេចក្តីចម្រើនគ្រប់ៗគ្នា។ ដើម្បីធានានូវសន្តិភាពនិងនិរន្តរភាពនៃការអភិវឌ្ឍន៍ សូមបងប្អូនបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី ២០ នៅថ្ងៃទី ២៩ កក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖