ព័ត៌មានទាន់ហេតុការណ៍៖

កូនស្រីយុគ ចិន្តា ចង់ចាប់អាជីពជាតារាចម្រៀង

ចែករំលែក៖

ភ្នំពេញ៖ យុគ ដាពេជ្រ ហៅស្រីអម គឺជាកូនស្រីតែម្នាក់គត់របស់ពិធីការិនី យុគ្គ ចិន្តា ដែលកន្លងមកនាងធ្លាប់ធ្វើឲ្យគេភ្ញាក់ផ្អើលតាមរយៈសមត្ថភាពពិសេសលើផ្នែកសិល្បៈ។ ក្នុងជំនួបផ្ទាល់ កុមារីរូបនេះមានបំណងចង់ក្លាយជាអ្នកចម្រៀងអាជីពនៅថ្ងៃអនាគត។

ចូលដល់វ័យ១៥ឆ្នាំយុគ ដាពេជ្រ បានក្លាយជាក្មេងស្រីពេញរូបពេញរាង។ នាងធ្លាប់ឆ្លងកាត់ការហ្វឹកហាត់ជំនាញសិល្បៈជាច្រើនទម្រង់ទាំងរបាំបាឡេ ការលេងឧបករណ៍តន្ត្រីព្យាណូ ច្រៀង របាំបុរាណ ពីគ្រូជំនាញៗជាច្រើនរហូតកន្លងមកនាងទទួលបានពានមាសក្នុងព្រឹត្តិការណ៍ប្រកួតលក្ខណៈអន្តរជាតិថែមទៀតផង។

ដាពេជ្រ និយាយថា ក្នុងចំណោមជំនាញសិល្បៈទាំងអស់នាងចូលចិត្តវិស័យចម្រៀងខ្លាំងជាងគេហើយនាងពិតជាចង់ក្លាយជាអ្នកចម្រៀងអាជីពនៅថ្ងៃអនាគត។ នាងបញ្ជាក់ថា កន្លងមកនាងធ្លាប់ឆ្លងការងារហ្វឹកហាត់ និងចូលរួមបញ្ចេញសមត្ថភាពប្រកួតទ្រង់ទ្រាយអន្តរជាតិជាបន្តបន្ទាប់ដូចជានៅប្រទេសសិង្ហបុរីជាដើម ដែលនាងទទួលបានពានមាសផងដែរ។ ទោះជាយ៉ាងណានាងទទួលស្គាល់ថាទឹកដមសំឡេងរបស់នាងមិនទាន់ខ្លាំងនៅឡើយ ដែលទាមទារការហ្វឹកហាត់បន្ថែម។ នាងថាក្នុងចំណោមបទចម្រៀងដែលនាងចង់ច្រៀង និងគិតថាធ្វើបានល្អគឺបទចម្រៀងបែបClassicខាងបែប បស្ចឹមប្រទេស និងមានប្រភេទបទចម្រៀងខ្មែរមួយចំនួនផងដែរ។

អ្នកនាងយុគ ចិន្តា បញ្ជាក់ថា ដើមឡើយអ្នកនាងចង់ជំរុញឲ្យកូនស្រីចាប់យកអាជីពជាអ្នកសារព័ត៌មានដែលនាងស្រលាញ់ ប៉ុន្តែតាមចំណង់ចំណូលចិត្តកូនស្រី គឺចង់ផ្នែកសិល្បៈច្រើនជាង ហើយនាងនឹងធ្វើទៅតាមចំណង់ចំណូលចិត្តកូនស្រី។ អ្នកនាងបញ្ជាក់ថា ស្រីអម ចូលចិត្តសិល្បៈបែបសម័យទំនើបហើយនាងក៏មានជំនាញជាអ្នករចនាម៉ូតផងដែរ ដែលនាងមានគម្រោងបង្កើតហាងថ្មីមួយសម្រាប់កូនស្រីនៅថ្ងៃអនាគត។ នាងថាកូនស្រីនាងស្រលាញ់ការរចនាម៉ូតបែបសម័យដូចនេះនាងនឹងបំពេញបំណងកូនស្រីក្នុងការបើកហាងសម្លៀកបំពាក់រចនាម៉ូតសម័យទំនើបបន្ថែមពីលើហាងសម្លៀកបំពាក់អមដែលមានស្រាប់។សម្រាប់អាជីពជាអ្នកចម្រៀងអ្នកនាងបើកផ្លូវឲ្យកូនស្រីចាប់យកប៉ុន្តែពេលនេះអ្នកនាងមិនចង់ឲ្យកូនស្រីចូលរួមប្រកួតក្នុងកម្មវិធីក្នុងស្រុកនោះទេ។ អ្នកនាងថានឹងបន្តបញ្ជូនកូនស្រីឲ្យទៅបន្តការសិក្សានៅបរទេស ដើម្បីឲ្យកូនស្រីមានចំណេះជំនាញមួយច្បាស់លាស់សិនមុនពេលចាប់អាជីពជាអ្នកសិល្បៈ៕ វឌ្ឍនា


ចែករំលែក៖