ខេត្តស្វាយរៀង៖លោក លឹម សៀងហេង អនុប្រធានក្រុមការងារចុះជួយ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ដែលគ្រប់អាយុចូលរួមទៅបោះឆ្នោត និងបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី២០ជាសម្គាល់គ្រប់គ្នា ។
ការថ្លែងបែបនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃសៅរ៍ ៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨នៅស្នាក់ការគណបក្សប្រជាជន សង្កាត់ព្រៃអង្គុញ ក្រុងបាវិតក្នុងពិធីជួបសំណេះសំណាលជាមួយគណៈកម្មាធិការបក្ស សង្កាត់ព្រៃអង្គុញ សាខា អនុសាខាបក្សភូមិ ដែលបានចូលរួមយ៉ាងច្រើនកុះករ ។
លោក លឹម សៀងហេង អនុប្រធានក្រុមការងារចុះជួយ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត បានបន្តទៀតថា ថ្ងៃបោះឆ្នោតប្រព្រឹត្តនៅខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដូច្នេះ សូមអោយបងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅចូលរួម បោះឆ្នោតទាំងអស់គ្នា ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីការអភិវឌ្ឍប្រទេស សុខសន្តិភាព សេរីភាពពេញលេញ ដែលស្ថិតក្រោមការដឹកនាំ របស់ដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រទេសជាតិរាល់ថ្ងៃ កំពុងមានភាពរីកចម្រើនលើគ្រប់វិស័យមិនតែប៉ុណ្ណោះ សម្តេចតេជោយើងស្ថិតនៅជាប់បងប្អូនជានិច្ច មិនទុកបងប្អូនចោលមួយនាទីណាឡើយ ។
លោកបន្តថាហេតុដូច្នេះ សូមឲ្យប្រជាពលរដ្ឋទាំងអស់ កុំជឿនូវពាក្យនៃការញុះញ៉ុង សម្តីពួកក្បត់ជាតិឡើយ ដែលនាំមកក្តីមហន្តរាយ ដល់ប្រទេសជាតិ ដូចរបបប្រល័យពូជសាសន៍ សម្លាប់មិនញញើតដៃឪពុកម្តាយមិនស្គាល់កូនៗមិនស្គាល់ឪពុកម្តាយ ហើយពួកក្បត់ជាតិទាំងនេះ បាននៅជាមួយបងប្អូនទេ នៅពេលបងប្អូនមានទុក្ខធុរៈ មានតែគណបក្សប្រជាជន កម្ពុជាតែមួយគត់ ដែលនៅជាប់ជាមួយបងប្អូន លុះគ្រាន់អវសាន្តនិងជាពិសេសបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ជាសម្គាល់ផងដែរ ។
ក្នុងឪកាសនោះដែរដើម្បីជារបស់កំដរដៃលោក លឹម សៀងហេង និងក្រុមការងារក៏បានឧបត្ថមសារ៉ុងដែលជាអំណោយរបស់លោក ជ័យ សុន ប្រធានក្រុមការងារ សង្កាត់ដល់សមាជិកសមាជិការសាខាអនុសាខាបក្សភូមិដែលបានចូលរួមម្នាក់មួយព្រមទាំងថវិកាម្នាក់មួយម៉ីនរៀលផងដែរ ៕ យឹម សុថាន