ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបអាជីវកម្មរ៉ែមាស៥ទីតាំងនៅស្រុកភ្នំព្រឹករកឃើញ៤ទីតាំងគ្មានច្បាប់

ចែករំលែក៖

ខេត្តបាត់ដំបង៖ កម្លាំងចម្រុះអន្តក្រសួងបានបង្រ្កាប និងឈូសឆាយកម្ទេចចោលនូវទីតាំងនៃការដ្ឋានលួចធ្វើអាជីវកម្មរ៉ែមាសជាច្រើនកន្លែងដែលគ្មានច្បាប់អនុញ្ញាត ខណៈដែលកន្លែងនោះស្ទើអស់រ៉ែមាសទៅហើយ។

ប្រតិបត្តិការនេះបានប្រព្រឹត្តឡើង តាំងពី ថ្ងៃទី១ ខែមិថុនា រហូតដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ ដោយកម្លាំងកងរាជអាវុធហត្ថស្រុកភ្នំព្រឹក សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងអាវុធហត្ថខេត្ត មន្ត្រីជំនាញរបស់ក្រសួងរ៉ែ និងថាមពល ក្រសួងបរិស្ថាន និងកម្លាំងនគរបាលខេត្ត បាត់ដំបង។

កម្លាំងចម្រុះអន្តក្រសួងនេះ បានបង្រ្កាបទីតាំងការដ្ឋានរ៉ែមាស០៥គោលដៅ មាន៤គោលដៅគ្មានអាជ្ញាប័ណ្ណ​និង១គោលដៅមានអាជ្ញាប័ណ្ណ។ ជាមួយគ្នានេះ កម្លាំងចម្រុះបានបំផ្លាញចោលនូវទីតាំងមួយពោលដៅផងដែរ។

ម្ចាស់ទីតាំងដែលលួចប្រព្រឹត្តគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវនោះរួមមាន៖

១-ឈ្មោះ ខេង សុវណ្ណ ទីតាំងក្នុងភូមិបារាំងធ្លាក់ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក

២-ឈ្មោះ បូ ខៀវ ទីតាំងនៅ ភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក៣-ឈ្មោះ កាំង តាំង ទីតាំង នៅភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក

៤-ឈ្មោះ ខូវ ចិត្រា ទីតាំងនៅភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក។

ទាំង៤ទីតាំងខាងលើនេះសុទ្ធតែគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវឡើយ។ ឯទីតាំង ឬគោលដៅទី៥ មានឈ្មោះ ឡាយ ស្រីពៅ ទីតាំងនៅ ភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (មានអជ្ញាប័ណ្ណ )។

នៅក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចចម្រុះ បានដកហូតនូវសំភារៈ នឹងវត្ថុតាងមួយចំនួនរួមមាន ៖ ១. ម៉ាស៊ីនកិនកំទេចថ្មរ៉ែ ៨ គ្រឿង, ២. ម៉ាស៊ីនអុកបំបែកថ្ម រ៉ែ ១គ្រឿង, ៣. សារធាតុគីមីមួយចំនួន, ៤. គីបខ្យល់ (បំពង់ជ័រ) ១០៧០ គីប, ៥. គីបអគ្គីសនី ២០៣០ គីប, ៦,ក្បាលកិន ចំនួន ៤ គ្រឿង, ៧. ម្សៅ Amoni Nitrat hat. (24 បាវ × 25. Kg), ៨. Sodium Cyanide ចំនួន២០ ធុង និងសារធាតុគីមីមួយចំនួនទៀត ។

បច្ចុប្បន្នសម្ភារ និងវត្ថុតាង ទាំងអស់នេះ ត្រូវបានប្រគល់ឲ្យមន្រ្តីជំនាញ ដើម្បីរៀបចំឯកសារ តាមនិតិវិធីច្បាប់ ៕ សំ វិច្ឆិកា


ចែករំលែក៖