ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរីឆ្លាមលោកឆត្របុករថយន្តបាឡែនពីក្រោយក្អួតធ្លាក់ឈើដុំ

ចែករំលែក៖

ខេត្តបាត់ដំបង៖ តាមសេចក្តីរាយការណ៍ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត ម៉ាកកាមរីឆ្លាមមានដឹកបទល្មើស បានបើកលោតឆត្រទៅបុករថយន្តបាឡែនពីក្រោយពេញទំហឹង និងហោះទើលើឃឿនរបងវត្តក្អួតធ្លាក់ឈើដុំ។ ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១៧-៤០នាទីថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចខាងមុខវត្តរំជៃ ស្ថិតក្នុងភូមិរំជៃ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

របាយការណ៍ដដែលបន្តថា រថយន្តបង្កម៉ាកកាមរីឆ្លាម ពណ៌ឆ្លូញ ស៊េរីឆ្នាំ១៩៩៧ ពាក់ស្លាកលេខកំពង់ចាម ២A-៣២២៥ បើកបរដោយឈ្មោះ ប៉ាល់ សុភឿន ភេទប្រុស អាយុ២៨ឆ្នាំ រងរបួសធ្ងន់ និងអ្នករួមដំណើរម្នាក់រងរបួសស្រាល ទាំងពីរនាក់រស់នៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។

រថយន្តម្ខាងទៀតម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០០២ ពាក់ស្លាកលេខបាត់ដំបង ២A7០១១៥ បើកបរដោយឈ្មោះ កូយ សុខឆេង ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិអង្គ សង្កាត់អូរចារ ក្រុងបាត់ដំបង ។

លោក កូយ សុខឆេង ម្ចាស់រថយន្តបាឡែន បានឲ្យដឹងថា នៅមុនពេលកើតហេតុបានបើករថយន្តគោលដៅពីទិសប៉ៃលិនមកបាត់ដំបង លុះមកចំណុចកើតហេតុស្រាប់តែមានសត្វគោមួយហ្វូងដើរឆ្លងកាត់ថ្នល់ និងមានរថយន្តធំមួយគ្រឿងផ្សេងទៀតនៅខាងមុខផងដែរ ខណះនោះលោកក៏បានបន្ថយល្បឿនភ្លាមនោះ ស្រាប់តែរថយន្តម៉ាកកាមរីឆ្លាមខាងលើបានបើកក្នុងល្បឿនលឿនមកបុកពីក្រោយ និងហោះឡើងប្រហែល២០ម៉ែត្រទៅទើលើឃឿនរបងវត្តក្អួតធ្លាក់ឈើដុំដុំ និងបណ្តាលអោយតៃកុងរថយន្ត និងអ្នករួមដំណើរម្នាក់រងរបួសធ្ងន់ស្រាលតែម្តង។

ក្រោយកើតហេតុភាគីខាងរថយន្តបង្ក បានព្យាយាមសម្របសម្រួលសុំឲ្យគាត់ចំនួន២០០ដុល្លារ តែគាត់មិនព្រម ព្រោះរថយន្តរបស់គាត់ខូចខាតច្រើនភ្លាមៗនោះខាងរថយន្តបង្កព្យាយាមយកឈើ ទៅដាក់លើរថយន្តម៉ាក(វីហ្គោ)មួយគ្រឿងផ្សេងទៀត ប៉ុន្តែត្រូវសមត្ថកិច្ចចុះមកដល់ត្រួតពិនិត្យទើបដឹងថាជារថយន្តដឹករកសុីបទល្មើស ។

ភ្លាមនោះលោកវរះសេនីយ៍ត្រី ប៉ាល់ ពៅ មេបញ្ជារការ កងរាជអាវុធហត្ថស្រុកបាណន់បានសុំសហការណ៍ជាមួយរដ្ឋបាលព្រៃឈើខេត្តបាត់ដំបង ធ្វើការត្រួតពិនិត្យ និងហៅរថយន្តស្ទូចមកស្ទូចរថយន្តបាឡែនយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្ត។ ដោយឡែករថយន្តឆ្លាមដឹកឈើកំលាំងអាវុធហត្ថស្រុកបានធ្វើកំណត់ហេតុប្រគល់ឲ្យខាងរដ្ឋបាលព្រៃឈើខេត្តចាត់ការបន្តដោះស្រាយតាមនីតិវិធី ៕ សំ វិច្ឆិកា


ចែករំលែក៖