ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ដឹកនាំបញ្ជាដោយលោក ប៉ុល ភិធេយ្យ ប្រធាននាយកដ្ឋាន និងការសម្របសម្រួលពីលោកសៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋានខេត្តកំពង់ស្ពឺ បានបង្ក្រាបមេខ្យល់ដែលបានធ្វើសកម្មភាពនាំនារីខ្មែរចំនួន៣នាក់ ចាប់តាំងពីឆ្នាំ២០១៤ដល់ខែឧសភាឆ្នាំ២០១៨ យកទៅលក់ឲ្យបុរសជនជាតិចិន នៅប្រទេសចិនធ្វើជាប្រពន្ធ។
លោក ប៉ុល ភិធេយ្យ បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះបានឃាត់ខ្លួនជនសង្ស័យ៤នាក់:
ទី១.ឈ្មោះស៊ូ សុភាព ហៅស្រីតា ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានតួនាទីជាមេខ្លោង
ទី២.ឈ្មោះ ឃួន សារ៉ាវុធ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ តួនាទីជាអ្នកសម្របសម្រួល
ទី៣.ឈ្មោះ សុខ សុទ្ធារក្ស ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានតួនាទីជាអ្នកនាំស្រ្តីខ្មែរទៅចិន
ទី៤.ឈ្មោះផល ផា ភេទប្រុស អាយុ៣៤ឆ្នាំជនជាតិខ្មែរ មានតួនាទីជាអ្នកដឹកជញ្ជូន។ អ្នកទាំង៤អ្នកនេះស្នាក់នៅផ្ទះជួលលេខ៩៤បេ ផ្លូវលេខ១៥០ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោក បានឲ្យដឹងទៀតថា តាមការស្រាវជ្រាវជនសង្ស័យខាងលើបានធ្វើសកម្មភាព ឃោសនា ជ្រើសរើស នាំនារីខ្មែរបានចំនួន៣០នាក់ ចេញពីប្រទេសកម្ពុជាឆ្លងដែរដោយខុសច្បាប់ទៅប្រទេសចិន ដើម្បីរៀបអាពាហ៍ពិពាហ៍ ផ្ទុយពីឆន្ទៈ ដោយបានតម្លៃក្នុងម្នាក់ៗចាប់ពី៥.០០០ដុល្លារ ដល់១០.០០០ដុល្លារ។
លោកបន្តថា ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចយើងដកហូតបានរថយន្តសម្រាប់ដឹកជញ្ជូនស្រ្តីខ្មែរ២គ្រឿង (១គ្រឿងម៉ាក Lexus RX300 ពណ៌ស្ករ ស្លាកលេចភ្នំពេញ 2AS-8028 និង១គ្រឿងទៀត១គ្រឿងម៉ាក Lexus RX300 ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ2N-6180) និងលុយ9.៥០០ដុល្លារ អាមេរិក និងទូរស័ព្ទដៃ០៨គ្រឿង។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទាំង៤នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ប៉ុន្តែសម្រាប់ករណីនេះមជ្ឈដ្ឋានមួយចំនួននឹងរង់ចាំចំណាត់ការរបស់តុលាការលើក្រុមមេខ្យល់ទាំងនេះ ៕ ជ្រោយពេជ្រ