ភ្នំពេញ៖ ជនសង្ស័យមួយក្រុមដេញកាប់ប្លន់ម៉ូតូពីបុរសម្នាក់ ខណៈជិះម៉ូតូត្រឡប់មកពីទិញនំប៊័ងសាច់ជិះម៉ូតូបណ្តើរនិយាយទូរស័ព្ទបណ្តើរ ។
ករណីប្លន់ម៉ូតូនេះកើតឡើងកាលពីម៉ោងជាង១១ យប់ថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្តោផ្លូវលេខ៣១៣ ក្បែងហាង Street Food ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។
បើតាមសម្តីរបស់ជនរងគ្រោះបានឲ្យដឹងថា ខ្លួនមានឈ្មោះ យ៉េន មុំ អាយុ២២ឆ្នាំ មុខរបរ បុគ្គលិកភោជនីដ្ឋាន ស្ទួចបង្កង ស្នាក់នៅកន្លែងធ្វើការ ចំណែកម៉ូតូដែលក្រុមចោរប្លន់ម៉ាក ស៊ុយស៊ូគីនិច ពណ៍សលាយខៀវ ពាក់ស្លាក ភ្នំពេញ 1GX-3357។
ជនរងគ្រោះបានបន្តរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុ ក្រោយពេលបិទហាង ខ្លួនបានជិះទៅទិញនំបុ័ងនៅម្តុំផ្សាមាន់អាំង ខណៈត្រឡប់មកវិញជិះម៉ូតូបណ្តើរនិយាយទូរស័ព្ទបណ្តើរ ក៏មានជនសង្ស័យមួយក្រុមមានគ្នា ៨នាក់ ជិះម៉ូតូចំនួន៤គ្រឿងមាន ម៉ាកនិច និងម៉ាកហុងដារឌ្រីមសង់សេ១២៥ បានមកពីក្រោយទន្ទឹមម៉ូតូខ្លួន រួចជនសង្ស័យបានធាក់ម៉ូតូបណ្តាលឲដួល ភ្លាមនោះក្រុមចោរ បានដកដាវបំរ៉ុងកាប់មកលើខ្លួន ទើបខ្លួនភ័យបានរត់ចោលម៉ូតូ ហើយជនសង្ស័យបាន លើកម៉ូតូបើកគេចទៅបាត់ ។ ភ្លាមនោះជនរងគ្រោះបានទូរស័ព្ទហៅមិត្តភក្តិនៅហាងក្បែរ កន្លែងកើតហេតុឲ្យយកម៉ូតូមកដេញតាមជនសង្ស័យរហូតដល់រង្វង់មូលគួចកាណុងទើបបាត់ដានជនសង្ស័យទាំងនោះ ។
បន្ទាប់ពីកើតហេតុជនរងគ្រោះនិងមិត្តភក្តិបានឌុបគ្នា មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល បឹងកក់ទី២ដើម្បីសមត្ថកិច្ចស្វែងរកចាប់ខ្លួនជនសង្ស័យមកផ្តន្ទាទោសទៅតាមច្បាប់ ៕ ជ្រោយពេជ្រ