ភ្នំពេញ: បុរស២នាក់ឡើងរបងផ្ទះប្រជាពលរដ្ឋក្នុងបំណងលួចទ្រព្យសម្បត្តិ តែអ្នកជិតខាងឃើញក៏ស្រែកឆោរឡោឡើងធ្វើឲ្យជនសង្ស័យភ័យ ផ្លោះរបងរត់បានចម្ងាយប្រហែល១០០ម៉ែត្រ ត្រូវបានប្រជាពលរដ្ឋចាប់បាន។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោងជាង៣ទាបភ្លឺ ឈានចូលថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចមាត់ទន្លេជិតបន្ទាយកងទ័ពជើងទឹក ក្នុងភូមិ៣ សង្កាត់-ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ទូច ធី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើសំណង់ ពោះម៉ាយប្រពន្ធរត់ចោល រស់នៅសព្វថ្ងៃព្រៃនប់ ក្រុងព្រះសីហនុ ធ្លាប់ប្រើគ្រឿងញៀនកន្លងមក ចំណែកជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនបាត់។
ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេឃើញជនសង្ស័យ២នាក់បានបណ្តែតពោងតាមទឹកទន្លេក្នុងគោលបំណងចង់លួចទូកដែលមានម៉ាសុីន តែដោយម្ចាស់គេដេកនៅលើទូក ជនសង្ស័យក៏ឡើងលើគោកដើរលួចតាមផ្ទះម្តង ហើយក៏ឃើញឡើងរបងផ្ទះដែលម្ចាស់មិននៅចូលទៅក្នុង ពេលនោះក៏មានអ្នកជិតខាងឃើញ ស្រែកថាចោរៗ ជនសង្ស័យភ័យពេកក៏បានផ្លោះរបងចេញមកវិញរត់បានប្រហែល១០០ម៉ែត្រទើបប្រជាពលរដ្ឋចាប់បានម្នាក់រត់រួចម្នាក់ហើយប្រជាពលរដ្ឋបានទាក់ទងហៅសមត្ថកិច្ចឲ្យមកយកជនសង្ស័យទៅប៉ុស្តិ៍ ។
ក្រោយមកសមត្ថកិច្ចបានមកដល់ក៏វាយខ្នោះដឹកតាមម៉ូតូយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វា ដើម្បីសួរនាំ និងបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ចាត់ការបន្ត ៕ ជ្រោយពេជ្រ