ខេត្តបន្ទាយមានជ័យ៖ នគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ និងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិត ស្រាលខេត្តសហការជាមួយ និងនគរបាល ក្រុងសិរីសោភ័ណ បានបំបែកសំណុំរឿងឃាតកម្ម ឃាត់ខ្លួនជនសង្ស័យជាឃាតករ២នាក់ក្នុងចំណោមបក្ខពួក៤នាក់ ដែលបានវាយសម្លាប់ជនរងគ្រោះជាងកាត់សក់ប្លន់ យកម៉ូតូ នៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ នៅរសៀលថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងនគរបាលការិយាល័យជំនាញបាននាំជនសង្ស័យទាំង២នាក់ទៅធ្វើតម្រាប់ឡើងវិញពីសកម្មភាពជនស្ស័យ និងបក្ខពួកបានធ្វើសកម្មភាពវាយសម្លាប់ជនរងគ្រោះកាលពីយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចខាងក្រោយវិទ្យាល័យខ្លាកូនប្រហែល៧០០ម៉ែត្រ ជើងភ្នំខ្លាកូន ស្ថិតនៅភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
ប្រតិបត្តិការស្វែងរកចាប់ខ្លួនជនសង្ស័យជាឃាតករសមត្ថកិច្ចចំណាយពេលមួយសប្តាហ៍ស្រាវជ្រាវស៊ើបអង្កេតទើបឈានទៅរកកំណត់មុខសញ្ញាជនសង្ស័យ និងចាប់ខ្លួនជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៤នាក់ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ ក្រោមការដឹកនាំកម្លាំងផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងលោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាល ក្រុងសិរីសោភ័ណ ក្រោមការអនុវត្តតាមបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់លោកឧត្តមសេនីយ៍ទោ អាត់ ខែមស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងនោះមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងទទួលផែនព្រហ្មទណ្ឌប្រាប់ឱ្យដឹងថាៈ បើតាមការស្រាវជ្រាវស៊ើបអង្កេតរបស់សមត្ថកិច្ចគឺនៅយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ជនសង្ស័យរងការចាប់ខ្លួន២នាក់មានឈ្មោះលុញ សុគា ហៅខ្មៅ ភេទប្រុស អាយុ២ឆ្នាំ ប្រមុខរបរដើរវាយសារ៉ាស្បែកជើង និងជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនជនដៃដល់ រស់នៅភូមិសូភី ស្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ និងឈ្មោះ ស៊ុន សុះ ភេទប្រុស ក្លែងជាស្រ្តី អាយុ៣៧ឆ្នាំ គ្មានមុខរបរពិតប្រាកដ រស់នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ និងបក្ខពួក២នាក់ទៀត បាននាំជនរងគ្រោះ ឈ្មោះ ភឿន ស៊ីមឿន ភេទប្រុស ក្លែងខ្លួនជាស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ចេញពីកន្លែងផឹកស៊ី ម្តុំវេទិកាខេត្ត (សួនមានជ័យ) ជិះម៉ូតូ២គ្រឿង សរុបគ្នា៥នាក់ និងជនរងគ្រោះ ក្នុងនោះមានម៉ូតូជនរងគ្រោះ១គ្រឿងម៉ាកហុងដា ឌ្រីម ស៊េរីឆ្នាំ២០០៤។ដើម្បីល្បួងជនរងគ្រោះទៅជក់គ្រឿងញៀន ផឹកស្រា និងរួមភេទប្រុសដូចគ្នា នៅចំណុចកើតេតុខាងលើ ដែលជាទីកន្លែងពួកគេធ្លាប់ទៅជក់គ្រឿងញៀនដើម្បីប្លន់យកម៉ូតូជនរងគ្រោះ។
លោកស្នងការរងបានឱ្យដឹងទៀតថា បន្ទាប់ទៅដល់កន្លែងកើតហេតុជនសង្ស័យឈ្មោះស៊ុន សុះ ប្រុសក្លែងជាស្រី បានរួមភេទតាមមាត់លឹង្គជនរងគ្រោះ ខណៈនោះស្រាប់តែជនសង្ស័យឈ្មោះលុញ សុគា ហៅខ្មៅ បានយកដបស្រាវាយក្បាលជនរងគ្រោះពីក្រោយ ហើយ និងយកដបស្រាចាក់ចំមុខជនរងគ្រោះ នៅពេលនោះបក្ខពួក២នាក់ទៀត ក៏យកដុំថ្មវាយទៅលើជនរងគ្រោះបណ្តាលឱ្យស្លាប់តែម្តង។បន្ទាប់មកពួកគេទាំង៤នាក់ក៏រត់គេចខ្លួនបាត់ យកទាំងម៉ូតូជនរងគ្រោះទៅជាមួយផងដែរ។
លោកស្នងការរងបានឱ្យដឹងទៀតថា ក្រោយពីកើតហេតុនោះហើយ រំលងដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ទើបកម្មករធ្វើសាលារៀននៃវិទ្យាល័យខ្លាកូនប្រទះឃើញសពជនរងគ្រោះ មានភាពហើមស្អុយ អាក្រាតកាយខាងក្រោម បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២នាក់ឆ្លើយសារភាពថារូបគេពិតជាបានសម្លាប់ជនរងគ្រោះ ដោយប្រើវិធី ល្បួងទៅផឹកស្រា និងជក់គ្រឿងញៀន ហើយនាំរួមភេទ ដើម្បីប្លន់យកម៉ូតូ។ម៉ូតូរបស់ជនរងគ្រោះនោះត្រូវបានបក្ខពួកគេ២នាក់ទៀតជិះយកទៅបាត់នោះហើយ។
លោកស្នងការរងបានបញ្ជាក់ឱ្យដឹងទៀតថាជនសង្ស័យរងការចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន បើតុលាការរកឃើញមានកំហុសអាច និងប្រឈមជាប់ពន្ធនាគារអស់មូយជីវិត។ចំណែកបក្ខពួក២នាក់ទៀតដែលកំពុងរត់គេចខ្លួនសមត្ថកិច្ចបន្តស្រាវជ្រាវតាមស្វែងរកចាប់ខ្លួនដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕ សំ វិច្ឆិកា