ខេត្តសៀមរាប៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ច អាវុធហត្ថ សហការជាមួយប៉ូលិស ស្រុកស្រីស្នំ ឃាត់ខ្លួន ក្រោយពីស្រវឹងស្រាធ្វើសកម្មភាព ដុតផ្ទះម្ដាយបង្កើត បណ្ដាលឲ្យឆាបឆេះស្ទើរទាំងស្រុង។
មន្ត្រីអាជ្ញាធរស្រុកស្រីស្នំបានរាយការណ៍ថា ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១៩និង២០នាទីថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ នៅភូមិកំបោរ ឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប ។
អគ្គិភ័យនេះ បង្កឡើងដោយជនសង្ស័យឈ្មោះទិត្យ តំ ហៅតឹម ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិកំបោរ ឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប ។ មុខរបរមិនពិតប្រាកដ (រស់នៅជាមួយម្តាយជាស្ត្រីមេម៉ាយ)។ ស្រវឹងស្រា ជាប្រចាំមិនដែលជួយការងារម្តាយឡើយ ។
ករណីនេះបណ្ដាលឲ្យខូចខាត និងបាត់បង់ ឆេះផ្ទះអស់១ខ្នងទំហំ ៩ម៉ែត្រគុណ៧ម៉ែត្រ អំពីឈើប្រក់សង្ក័សីជញ្ជាំងក្តារអស់៥០ភាគរយ និងសម្ភារៈមួយចំនួនធំ ។
ជនសង្ស័យ ជាកូនត្រូវបានឃាត់ខ្លួន បញ្ជូនមកកន្លែងអធិការ នគរបាល ស្រុកស្រីស្នំ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ប៊ុនធី