ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ម្នាក់ត្រូវ​នគរបាលឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​រំលោភ​លើ​ទំនុកចិត្ត​

ចែករំលែក៖

ខេត្តព្រះ​សីហ​នុ​៖​ ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ម្នាក់​ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​រំលោភ​លើ​ទំនុកចិត្ត​ (​លួច​លុយ​របស់​ក្រុមហ៊ុន​តាម​ប្រព័ន្ធ​អន​ឡាញ​ )​។​ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​កាលពី​ថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨​ វេលា​ម៉ោង​១៦​និង​២០​នាទី​។​

លោក​ឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិ​ន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ LAV​ HAN​ NUNG​ ភេទ​ប្រុស​ អាយុ​ ៤៣​ឆ្នាំ​ សញ្ជាតិ​ឥណ្ឌូ​នេ​ស៊ី​ មុខរបរ​អ្នក​ តំណាង​ឲ្យ​ក្រុមហ៊ុន​កាស៊ីណូ​ ឌឹ​រី​ច​ មាន​ទីលំនៅ​ភូមិ​៣​ សង្កាត់​៣​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។​ ចំណែក​ជនសង្ស័យ​ឈ្មោះ​ WILLIAM​ WIJAYA​ ភេទ​ប្រុស​ អាយុ​ ២៣​ឆ្នាំ​ សញ្ជាតិ​ ឥណ្ឌូ​នេ​ស៊ី​ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ​ ឌឹ​រី​ច​ ស្នាក់​នៅ​ភូមិ​៣​ សង្កាត់​៣​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។​

លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​បន្ត​ថា​ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ រំលោភ​លើ​ទំនុកចិត្ត​ (​លួច​លុយ​របស់​ក្រុមហ៊ុន​តាម​ប្រព័ន្ធ​អន​ឡាញ​ )​ ចាប់តាំងពី​ថ្ងៃ​ទី​២១​ ខែឧសភា​ ឆ្នាំ​២០១៨​ រហូត​ដល់​ថ្ងៃ​ទី​០២​ ខែមិថុនា​ ឆ្នាំ​២០១៨​ ដែល​សរុប​ជា​ទឹកប្រាក់​ចំនួន​១១,៩៤៧​ដុល្លារ​។​ ​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​នេះ​កម្លាំង​ជំនាញ​កំពុង​សាកសួរ​យក​ចម្លើយ​ និង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖