ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពាក់ស្លាកលេខរដ្ឋនិងរថយន្តក្រុងបើកខុសផ្លូវ អ្នករួមដំណើរព្រលឹងចុងសក់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ សេចក្ដីរាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី២ ទី៣ ខែមិថុនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ពីរផ្សេងគ្នាពីលើកបានកើតឡើង បង្កឡើងអ្នកបើកបររថយន្តពាក់ស្លាកលេខរដ្ឋ និងអ្នកបើកបររថយន្តដឹកអ្នកដំណើរ ប៉ុន្តែពុំមានបង្កការរងរបួសធ្ងន់ធ្ងរឬស្លាប់ដល់មនុស្សនោះឡើយ គ្រាន់តែព្រលឹងចុងសក់ប៉ុណ្ណោះ។

សេចក្ដីរាយការណ៍ខាងលើបន្តថា ហេតុការណ៍ទី១បានកើតឡើង នៅលើកំណាត់កៅស៊ូមាត់ស្ទឹងពោធិ៍សាត់ត្រើយខាងកើត ស្ថិតក្នុងភូមិអូរបាក្រង សង្កាត់បន្ទាយដី ក្រុង-ខេត្តពោធិ៍សាត់ នៅគ្រាដែលគេឃើញអ្នកបើកបររថយន្តពាក់ស្លាកលេខ ១គ្រឿងក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុស្ថានភាពផ្លូវកោង សង្ស័យបាត់បង់តម្លាភាពក្នុងការបើកបរក៍ឃើញរថយន្តរេចង្កូតក្រឡាប់ចូលស្ទឹង ប៉ុន្តែសំណាងល្អក្រឡាប់អត់ដល់ទឹកទើបមិនរងរបួសធ្ងន់ធ្ងរដល់អ្នកបើកបរ និងអ្នករួមដំណើរ។

សេចក្ដីរាយការណ៍ដដែលបន្តទៀតថា លើកទី២បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៦៣.១៦៤ ស្ថិតក្នុងភូមិក្រាំងធំ ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍ម្តងទៀត បង្កឡើងដោយអ្នកបើកបររថយន្តក្រុងដឹកអ្នកដំណើរ ផ្ទុះកងមុខផ្នែកខាងឆ្វេងរេចង្កូតចូលស្រែ ប៉ុន្តែពុំមានបង្កការរងរបួសដល់អ្នករួមដំណើរនោះឡើយ គ្រាន់តែព្រលឹងចុងសក់ប៉ុណ្ណោះ៕ ប៉ឹម ពិន


ចែករំលែក៖