ព័ត៌មានទាន់ហេតុការណ៍៖

បែកធ្លាយល្បិចមន្រ្ដីជំនាញពេទ្យសត្វខេត្តកំពង់ធំចេញច្បាប់ក្លែងក្លាយឲ្យឈ្មួញដឹកសត្វឆ្លងខេត្ត

ចែករំលែក៖

ខេត្តកំពង់ធំ ៖ តាមប្រភពរិះគន់ពីមន្រ្ដីរាជការនិងប្រជាពលរដ្ឋបានឲ្យដឹងថា ការ ដឹកជញ្ជូនសត្វឆ្លងខេត្ត ឬចេញក្រៅខេត្តត្រូវបានមន្រ្ដីជំនាញពេទ្យសត្វនិងអនុប្រធាន មន្ទីរកសិកម្មខេត្តកំពង់ធំឃុបឃិតគ្នាជាមួយឈ្មួញប្រើល្បិចក្លែងបន្លំឯកសារក្នុងការ ចេញច្បាប់ឲ្យឈ្មួញដឹកជញ្ជូនសត្វ និងប្រព្រឹត្តអំពើពុករលួយកេងប្រវ័ញ្ចថវិការដ្ឋនិង ភូតភរថ្នាក់ដឹកនាំខេត្តឲ្យជឿស្លុង។ ទង្វើបែបនេះដើម្បីទុកឱកាសឲ្យមន្រ្ដីខិលខូចមួយចំនួនតូចនេះយកតួនាទីមុខតំណែងកេងប្រវ័ញ្ចរកផលចំណេញលើសលប់ជាច្រើនឆ្នាំមកហើយរហូតធ្វើជាអ្នកមានមានផ្ទះវីឡារហូតដល់សព្វថ្ងៃបានពីការចេះ ជំនាញពុករលួយកេងប្រវ័ញ្ចយកលុយលើសសៀវភៅបន្ទុកគាបសង្កត់លើអាជីវករលើគំនរទុក្ខប្រជាពលរដ្ឋ ។

តាមការឲ្យដឹងពីមន្រ្ដីនគរបាលសេដ្ឋ កិច្ចបានប្រាប់ថា ជាក់ស្ដែងកាលពីថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០១៨ ព្រះរាជអាជ្ញាខេត្តកំពង់ធំបាន បញ្ជាឲ្យមន្រ្ដីនគរបាលសេដ្ឋកិច្ចចុះចាប់ រថយន្ដមួយគ្រឿងដឹកជ្រូកមកពីប្រទេសថៃដែលឆ្លងកាត់ខេត្តកំពង់ធំ ហើយត្រូវ បានមន្រ្ដីជំនាញពេទ្យសត្វ និងអនុប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំក្លែងបន្ដំឯកសារ ដាក់ថា ជាជ្រូកខ្មែរទៅវិញ។ ពុំនោះសោត ច្បាប់ដែលជិតផុតកាលបរិច្ឆេទត្រូវបានគេ សុីញេ៉ទុក និងបោះត្រាទុកជាស្រេចដើម្បីងាយស្រួលកែដាក់ឲ្យមានសុពលភាព ឡើងវិញ ។

ពាក់ព័ន្ធនឹងរឿងមិនប្រក្រតីទាំងនេះ លោក ចាន់ បញ្ញាវ័ន្ដ ប្រធានពេទ្យសត្វខេត្ត កំពង់ធំ និងលោក ម៉ក យុទ្នា អនុប្រធាន មន្ទីរកសិកម្មខេត្តកំពង់ធំមិនហ៊ានលើក​ ទូរស័ព្ទដើម្បីសុំការបំភ្លឺនោះទេពេលដែលអ្នកកាសែតទូរស័ព្ទចង់សាកសួរព័ត៌មានពីបញ្ហានេះ ។

ជុំវិញរឿងរ៉ាវមិនប្រក្រតីនេះមហាជនរិះគន់ថា មិនគួរណាលោក សុខ លូ អភិ បាលខេត្តកំពង់ធំមើលរំលងដឹងហើយមិនដែលចាត់វិធានការទៅលើមន្រ្ដីខិលខូច ទាំងនេះសោះ និងសំណូមឲ្យដល់លោក វេង សុខុន រដ្នមន្រ្ដីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទមើលមន្រ្ដីគ្រាប់ស្ពៅស្ងោរទាំងនេះផងកុំជឿតែលើរបាយណ៍ភូតកុហកខ្លាំងពេកនិងបណ្ដោយឲ្យមន្រ្ដីខិលខូចទាំងនេះធ្វើអ្វីតាមអំពើចិត្ត ៕ ប៊ុន រិទ្ធី


ចែករំលែក៖