ព័ត៌មានទាន់ហេតុការណ៍៖

សមាគមរោងចក្រថា វិស័យកាត់ដេរបន្តមានភាពល្អប្រសើរនៅជិតការបោះឆ្នោត

ចែករំលែក៖

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់នៃសមាគម រោងចក្រកាត់ដេរកម្ពុជា (GMAC) មាន សុទិដ្ឋិនិយមថា វិស័យកាត់ដេរក្នុងប្រទេសកម្ពុជានៅបន្តមានភាពល្អប្រសើរនៅឡើយទោះបីជាជិតដល់ការបោះឆ្នោតជាតិមក ដល់ក៏ដោយ ។

លោក កាំង មូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរកម្ពុជាបានថ្លែងថា នៅដើមឆ្នាំ២០១៨ ឬពាក់កណ្តាលឆ្នាំ នេះវិស័យរោងចក្រកាត់ដេរកម្ពុជានៅតែមានភាពល្អប្រសើរ និងមានសកម្មភាពការផលិតពេញតាមរោងចក្រដោយសារតែ រយៈពេលចុងក្រោយនេះមានការបញ្ជាទិញច្រើនជាពិសេសនៅទីផ្សារអាមេរិកមាន កំណើនច្រើនជាងទីផ្សារសហគមន៍អឺរ៉ុប។

លោកបានបន្តថា ស្ថានភាពសេដ្ឋកិច្ច ក្នុងស្រុករបស់សហរដ្ឋអាមេរិកមានភាពល្អប្រសើរហើយរដ្ឋាភិបាលអាមេរិកក៏មានផែនការបញ្ចេញលុយបន្ថែមទៀតទៅ បណ្តាប្រទេសផ្សេងៗដើម្បីវិនិយោគ ហើយ ទាក់ទងនឹងការវិនិយោគនៅក្នុងប្រទេស កម្ពុជាវិញពាក់កណ្តាលឆ្នាំ២០១៨នេះមានគម្រោងជាច្រើនបានអនុម័តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងមានរោងចក្រជាង១០បានបើកថ្មីៗផងដែរ ។

លោកបានបន្ថែមថា ប្រទេសកម្ពុជាទោះជាជិតដល់ការបោះឆ្នោតជាតិក៏ពិត មែនហើយផ្អែកតាមបទពិសោធន៍កន្លង មករាជរដ្ឋាភិបាលកម្ពុជាអាចរក្សាសន្តិសុខ និងស្ថិរភាពជាកត្តាមូលដ្ឋានដ៏ធំ សម្រាប់អ្នកវិនិយោគចម្រុះជាតិសាសន៍ ។

លោក ជូន មុំថុល ប្រធានសហព័ន្ធ សហជីពកម្ពុជាបានថ្លែងថា ផលិតភាពក្នុងវិស័យរោងចក្រនៅកម្ពុជាមិនខ្សោយទេ ប៉ុន្តែទន្ទឹមនោះត្រូវទាមទារឲ្យមានការ ពង្រឹងបន្ថែមទៀត ហើយជាក់ស្តែងនៅឆ្នាំ ២០១៧នេះគោលដៅនៃផលិតកម្មរោង ចក្ររបស់កម្ពុជានៅតែមានភាពល្អប្រសើរ និងមានផលិតភាពធំជាងមុន ។

លោកបានបញ្ជាក់ថា សម្រាប់វិស័យ រោងចក្រកាត់ដេរកម្ពុជាឆ្នាំ២០១៧ និងឆ្នាំ ២០១៩ដែលនឹងធ្វើឲ្យសហគមន៍អន្តរជាតិមានទំនុកចិត្តលើផលិតកម្មរោងចក្រកាត់ដេរនៅកម្ពុជា ។

ថ្មីៗនេះមន្ត្រីជាន់ខ្ពស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនិងអ្នកជំនាញក្នុងវិស័យរោងចក្រកាត់ដេរកម្ពុជាសម្តែងសុទិដ្ឋិនិយមថា នៅឆ្នាំ២០១៧ និងឆ្នាំ២០១៨ នេះស្ថានភាពនៃវិស័យរោងចក្រកាត់ដេរនៅកម្ពុជានៅតែមានស្ថិរភាពល្អប្រសើរនិងអាចមានផលិតភាពខ្ពស់ជាងមុនផងដែរ៕ ហេង សូរិយា


ចែករំលែក៖