ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយឡែនឌ័របើកបត់មិនប្រយ័ត្នត្រូវម៉ូតូអាយខុនបុកបណ្តាលឲ្យស្លាប់ម្នាក់របួស២នាក់

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង២នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈពួកគេជិះម៉ូតូលឿនជ្រុលបុកជាមួយរថយន្តហាយឡែនឌ័រដែលបត់មិនប្រយ័ត្ន ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨នៅចំណុចគល់ស្ពានអាកាស៧មករាខាងកើត តាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកល្អក១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះឈួនវិសាល ភេទប្រុសអាយុ១៨ ឆ្នាំមុខរបរកាត់ដេ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ មានស្រុកកំណើតនៅភូមិធំ ឃុំកំពែង ស្រុកគីវង់ ខេត្តតាកែវ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាកអាយខុន ពណ៌ទឹកក្រូចលាយស ពាក់ស្លាកលេខភ្នំពេញ1AV 8036 ជិះគ្នា៣នាក់ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាប់មិនចាំស្លាកលេខ ធ្វើដំណើរចុះពីស្ពានអាកាស៧មករាក្នុងទិសដៅពីលិចទៅកើត ហើយបានបតទៅលិចវិញដោយមិនបានប្រុងប្រយ័ត្ន ក៏ត្រូវម៉ូតូបុកពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមម្នាក់ និង២នាក់ទៀតរងរបួសធ្ងន់ស្រាល ។

ភ្លាមៗនោះរថយន្តបានបើកគេចខ្លួនបាត់ ចំណែកអ្នករងរបួសត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ និងប្រគល់សពទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករង់ចាំបងប្អូនយកឯកសារមកទទួលវិញ ៕ សុខាសែនជ័យ


ចែករំលែក៖