ភ្នំពេញ៖ ផលិតកម្ម LD Picture បានប្រកាសចាត់វិធានការក្តៅ លើតារាសម្ដែងសិចស៊ីវ័យក្មេងកញ្ញា វណ្ណ វលក្ខណ៍ ទៅលើទង្វើ ដែលគេចវេះមិនទទួលខុសត្រូវចំពោះការងាររបស់ខ្លួន។ ការប្រកាសនេះ ធ្វើឡើងក្រោយពីក្រុមការងាររួមទាំងតារាសម្តែងក្នុងរឿង មួយខកពេលវេលាច្រើន ព្រោះតែបាត់តួសម្តែងម្នាក់នេះ។
ប្រធានគ្រប់គ្រងការផលិតកម្មរបស់ផលិតកម្ម LD Picture លោក លៀក លីណា បានលើកឡើងថា តារាសម្ដែងរូបនេះ បានគេចវេះមិនទទួលខុសត្រូវលើការថតខ្សែភាពយន្តរឿង “គូស្នេហ៍បម្រុង” នាពេលកន្លងមក ខណៈខ្សែភាពយន្តនេះថតបានប្រមាណ ៧០ភាគរយមកហើយ ព្រមទាំងកំពុងចាក់ផ្សាយជារៀងរាល់ថ្ងៃ។
លោកបន្តថា ក្រុមការងាររបស់លោក បានទាក់ទងទៅកាន់កញ្ញាជាញឹកញាប់ ក៏ប៉ុន្តែមិនមានការឆ្លើយតប ដែលជាហេតុធ្វើឱ្យការងារថតខ្សែភាពយន្តទាំងមូលកំពុងរាំងស្ទះខ្លាំង។ មិនត្រឹមតែរាំងស្ទះសម្រាប់ការផលិតប៉ុណ្ណោះទេ តារាសម្ដែងទាំងអស់ក្នុងខ្សែភាពយន្តភាគនេះ បានរអ៊ូរទាំគ្រប់គ្នាចំពោះការមិនទទួលខុសត្រូវចំពោះការងារខ្លួនក្នុងនាមជាតារាគំរូម្នាក់ សម្រាប់មហាជនយកតម្រាប់តាម ។
លោកបន្តថា ប្រសិនបើ វណ្ណ វលក្ខណ៍ នៅតែមិនចេញមុខបកស្រាយ និងថតបញ្ចប់សាច់រឿង គូស្នេហ៍បម្រុង នេះទេ ផលិតកម្ម នឹងមានវិធានការផ្លូវច្បាប់ ដោយពេលនេះ ផលិតកម្មបានត្រៀមមេធាវីរួចជាស្រេចហើយ ដើម្បីចាត់ការលើតារាសម្ដែងរូបនេះ ។
ក្រៅពីការមានវិធានការផ្លូវច្បាប់ទេលោក លៀក លីណា ក៏គ្រោងនឹងពិភាក្សាជាមួយសមាគមភាពយន្ត និងផលិតកម្មធំៗនានា ដើម្បីបិទទីផ្សារតារាសម្ដែងមួយនេះ ប្រសិនបើកញ្ញានៅតែប្រកាន់ឥរិយាបទមិនទទួលខុសត្រូវ លើការងារខ្លួនបែបនេះ ។
ក្នុងនោះផលិតកម្ម បានពិភាក្សាជាមួយទូរទស្សន៍ក្នុងស្រុកធំ២រួចហើយ ដើម្បីមិនឱ្យមានវត្តមានរឿងណាមួយរបស់ វណ្ណ វលក្ខណ៍។
ជុំវិញបញ្ហាខាងលើក នេះតារាសម្ដែងកញ្ញា វណ្ណ វលក្ខណ៍ មិនអាចទាក់ទងសុំការបកស្រាយបានទេ ដោយទូរសព្ទតេចូលច្រើនលើក តែគ្មានអ្នកទទួល។
គួរបញ្ជាក់ដែរថា ខ្សែភាពយន្តរឿង គូស្នេហ៍បម្រុង ដែលមានវត្តមានតារាសម្តែង វណ្ណ វលក្ខណ៍ កំពុងចាក់បញ្ចាំងរៀងរាល់ថ្ងៃលើកញ្ចក់ទូរទស្សន៍ CTN នាពេលបច្ចុប្បន្ន។ រឿងនេះមិនទាន់ថតបញ្ចប់នៅឡើយទេ ព្រោះតារារូបនេះ បានធ្វើឱ្យរាំងស្ទះសម្រាប់ការផលិតនោះ។ គេសង្កេតឃើញមានសិល្បករជាច្រើនបានបង្ហាញសារមិនពេញចិត្តនឹងទង្វើមិនទទួលខុសត្រូវរបស់នាង ដែលនាំឲ្យសិល្បករ និងផលិតករជាច្រើនត្រូវច្របូកច្របល់ការងារ ព្រោះតែនាងម្នាក់ ៕ ដោយ វឌ្ឍនា