ខេត្តកណ្ដាល ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពឆក់យកទ្រព្យសម្បត្តិពីស្ត្រីម្នាក់ បានសម្រេច ហើយគេចខ្លួនដោយសុវត្ថិភាព ខណៈស្ត្រីរងគ្រោះជិះម៉ូតូឌុបកូនទៅរៀន ហើយទុកដាក់អីវ៉ាន់ដោយធ្វេសប្រហែស តែចាត់ទុកជាសំណាងល្អផងដែរ ដែលជនរងគ្រោះស្គាល់ជនសង្ស័យ ហើយប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួនយកមកចាត់ការតាមច្បាប់ទាល់តែបាន ។
ក្រោយទទួលបានពាក្យបណ្តឹងភ្លាម នគរបាលមូលដ្ឋានបានតាមជនសង្ស័យបានទាំងពីរនាក់ នា៖ នៅថ្ងៃច័ន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិជ័យឧត្តម ស្រុកកៀនស្វាយ ខេត្តកណ្តាល។
នគរបាលប៉ុស្តិ៍ ឃុំបន្ទាយដែក បានឲ្យដឹងថា ជនរងគ្រោះភេទស្រី អាយុ២៩ឆ្នាំ មានទីលំនៅស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកម្មករ បានបាត់បង់ខ្សែកចំនួន៥ខ្សែ, ខ្សែដៃ១ខ្សែ, ចិញ្ចៀនត្រា១វង់, កងដៃ៧កង, ប្រាក់ដុល្លារ២៥០ដុល្លារ និងប្រាក់រៀល១.០០០.០០០៛(មួយលានរៀល)។ ចំណែកជនសង្ស័យទាំង២នាក់ដែលឃាត់ខ្លួនបាន ទី១-ឈ្មោះ សុខ ភី ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកម្មរកំពង់ផែភ្នំពេញ ជាអ្នកបើកម៉ូតូ និងទី២-ឈ្មោះ ស៊ិម ពិសិដ្ឋ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ ជាអ្នកដៃដល់ធ្វើសកម្មភាពឆក់។
ប្រភពដដែលបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះឌុបកូនទៅសាលារៀនជ័យឧត្តម ដោយដាក់ស្បោងសម្ភារៈមានតម្លៃខាងលើនៅជាប់ដៃម៉ូតូខាងឆ្វេង។ ពេលនោះ ជនសង្ស័យបានជិះម៉ូតូមកពីក្រោយធ្វើសកម្មភាពឆក់យកស្បោងដាក់សម្ភារៈរបស់ជនរងគ្រោះ រួចជិះម៉ូតូមកទិសខាងភ្នំពេញ គេចខ្លួនបាត់ស្រមោល។ បន្ទាប់មក ដោយជនរងគ្រោះស្គាល់ជនសង្ស័យឈ្មោះ សុខ ភី ក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែក និងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ។ ក្រោយមកកម្លាំងជំនាញនគរបាលប៉ុស្តិ៍ទាំងពីរបាន ចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ និងដកហូតវត្ថុតាងមួយចំនួន រួមមាន ខ្សែកចំនួន៥ខ្សែ, ខ្សែដៃ១ខ្សែ, ចិញ្ចៀនត្រា១វង់, កងដៃ៧កង, ប្រាក់ដុល្លារ១៥០ដុល្លារ, ប្រាក់រៀល១៤០.០០០៛(ដប់បួនម៉ឺនរៀល), ម៉ូតូ១គ្រឿងម៉ាក SUZUKI nex ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BO-7563 និងថង់ផ្លាស្ទិកមានដៃយួរពណ៌លឿង១ ហើយក៏បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយចាត់ការតាមច្បាប់ ៕ ប្រាថ្នា