ព័ត៌មានទាន់ហេតុការណ៍៖

អធិការរងស្រុកអង្គរបុរី​ហៅជនពាក់ព័ន្ធគ្រឿងញៀនផ្តិតមេដៃថាមិនផ្តល់លុយ

ចែករំលែក៖

ខេត្តតាកែវ៖ ព័ត៌មានខ្សឹបខ្សៀវពីមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុក​អង្គរបុរី ខេត្តតាកែវ​បានឲ្យដឹងថា បន្ទាប់ពី​បណ្តាញផ្សព្វផ្សាយព័ត៌មាននានាចុះផ្សាយអំពីករណីលោកអធិការរង​ម្នាក់ចាប់យុវជនពាក់ព័ន្ធ​ប្រើប្រាស់គ្រឿងញៀនរួច​ដោះលែងវិញជាថ្នូរនឹងប្រាក់៤០០ដុល្លារនោះ លោកអធិការ​រងដែលមាន​ខ្លួនក្នុងរឿងនេះ​បាននិង​កំពុង​ទាក់ទងក្រុម​គ្រួសារ​ជនដែលខ្លួនបានគាបសង្កត់យកប្រាក់នាពេលកន្លងមក ឲ្យផ្តិតមេដៃថាមិនបានចំណាយប្រាក់​ឲ្យនគរបាលនោះទេ ។ នោះគឺក្នុងបំណងបញ្ជាក់អំពីភាពស្អាតស្អំរបស់ខ្លួន ។​

ប្រភពពីម្តាយ​យុវជនម្នាក់ដែល​ធ្លាប់ចំណាយប្រាក់ឲ្យលោកអធិការរង ឡេង ផារិន្ទ អធិការរងទទួលបន្ទុក​បញ្ហាគ្រឿងញៀន បានឲ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុន លោកអធិការរងបានចាត់មន្ត្រីឲ្យមកសួរនាំអំពីការប៉ុនប៉ងហៅទៅផ្តិតមេដៃដើម្បីបញ្ជាក់ថា គ្មានរឿង​ចាប់ជំរិត​ ឬដោះលែងជាថ្នូរនឹងប្រាក់អ្វីនោះឡើយ ។ ប៉ុន្តែយ៉ាងណាក៏ដោយ មិនទាន់ឃើញមានលិខិតស្នាម ឬការយកក្រដាសឲ្យមកផ្តិតមេដៃនោះនៅឡើយទេ ។ ប្រភពពីស្ត្រីម្នាក់នេះបានបន្ថែមថា កូនប្រុសរបស់ខ្លួនដែលនៅវ័យក្មេងហើយពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនត្រូវបានលោកអធិការរង ឡេង ផារិន្ទ ឃាត់ខ្លួននាំយកទៅអធិការ ហើយទារប្រាក់៤០០ដុល្លារជាថ្នូរនឹងការដោះលែង ។

លោកភី ឆុនអធិការនគរបាលស្រុកអង្គរបុរីបដិសេធន៍ចំពោះបញ្ហានេះ ហើយថា អ្នកណាដែលធ្វើរឿងនេះទទួលខុសត្រូវដោយខ្លួនឯង លោកមិនពាក់ព័ន្ធនោះទេ ។ មន្ត្រីនគរបាល​ស្រុកអង្គរបុរី​ទទួលស្គាល់ថា លោកអធិការរងឡេង ផារិន្ទ ពិតជាធ្លាប់បានចាប់មនុស្ស​ពាក់ព័ន្ធនឹងគ្រឿងញៀនជាច្រើននាក់ ហើយដោះលែងទៅវិញជាថ្នូរនឹងប្រាក់ ដូចការលើកឡើងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះមែន ។ ករណីខ្លះ អ្នកប្រើប្រាស់គ្រឿងញៀនត្រូវចំណាយលុយតិចតួច ប៉ុន្តែបើអ្នកពាក់ព័ន្ធនឹងការជួញដូរត្រូវចំណាយលុយច្រើន ។

លោកឡេង ផារិន្ទ មិនឆ្លើយតប​នឹងសំណួររបស់អ្នកកាសែតនោះទេ ដោយលោកបានបិទទូរស័ព្ទនៅពេលដែលដឹងថា អ្នកកាសែតសួរនាំរឿងនេះ ។

ប្រជាពលរដ្ឋក្នុងមូលដ្ឋាននិយាយថា មានរឿងជាច្រើ​នករណីមកហើយ ដែល​លោកអធិការរងប្រើវិធីរកលុយតាមរយៈការចាប់អ្នកប្រើប្រាស់គ្រឿងញៀនគំរាមទារប្រាក់ ។ តាមពិតអ្នកប្រើប្រាស់​គ្រឿងញៀនគឺជាជនរងគ្រោះ ដែល​អាជ្ញាធរមានសមត្ថកិច្ចត្រូវជួយ​ពួកគេឲ្យផុតពីការប្រើប្រាស់គ្រឿងញៀន ប៉ុន្តែសម្រាប់លោកឡេង ផារិន្ទ បណ្តាជនដែលប្រើប្រាស់គ្រឿងញៀនគឺជាមុខសញ្ញានៃការចាប់ជំរិតទារប្រាក់ ។ ជាក់ស្តែងករណីក្មេងប្រុស ឈ្មោះ ផាន អាយុត្រឹមតែ១៤ឆ្នាំ រស់នៅភូមិ-ឃុំ-ស្រុកអង្គរបុរី ត្រូវចំណាយប្រាក់៤០០ដុល្លារជូនលោកឡេង ផារិន្ទ នៅគ្រាដែលក្មេងប្រុសម្នាក់នេះ ជាជនរងគ្រោះក្នុងការប្រើប្រាស់គ្រឿងញៀន ៕ ហេង សូរិយា


ចែករំលែក៖