ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់គប់កញ្ចក់រថយន្តគេតាមផ្លូវត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់បានយកដុំថ្មគប់កញ្ចក់រថយន្តហុីណូ មួយគ្រឿងបណ្តាលឲ្យរងការខូចខាតហើយ ត្រូវបាននគរបាលចរាចរណ៍ក្រុង ប្រចាំគោលដៅរង្វង់មូលចោមចៅ ឃាត់ខ្លួនបានភ្លាមៗ ប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅ៣ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចរង្វង់មូលចោមចៅ ជ្រុងខាងកើត ភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

យុវជនបង្កខាងលើ មិនប្រាប់ឲ្យស្គាល់ឈ្មោះ មានអាយុជាង២០ឆ្នាំ ជិះកង់ មួយគ្រឿងពណ៌ខ្មៅ ជាមធ្យោបាយ ។

តាមសម្តីអ្នកបើកបររថយន្តបានឲ្យដឹងថា មុនកើតហេតុ រថយន្តម៉ាក ហុីណូ ពណ៌ស ទ្រុង ពាក់ស្លាកលេខ បាត់ដំបង 3A-1040 ជារថយន្ត ដឹកជញ្ជូនម៉ូតូ របស់ក្រុមហ៊ុនហុងដា ជិះគ្នា២នាក់ បើកតាមបណ្តោយផ្លូវជាតិលេខ៤ ពីលិចទៅកើត បត់ត្រង់ចំណុចរង្វង់មូល បំណង់ឆ្ពោះទៅក្រុមហ៊ុនហុងដា នៅផ្លូវវេងស្រេង ទើបតែដល់ជ្រុងខាងកើតរង្វង់មូល ស្រាប់តែយុវជនខាងលើ ប្រដាប់ដោយដុំថ្ម ឈប់កង់រងចាំជាស្រេច គប់ដុំថ្មចូលតាមប្រឡោះទ្វារចំហៀងស្តាំ ខ្ទាតត្រូវកញ្ចក់ផ្ទាំងមុខ បណ្តាលឲ្យបែក ។ ភ្លាមៗ ស្រែកឆោឡោ ផ្អើលសមត្ថកិច្ច ប្រចាំការគោលដៅក្បែរនោះស្រាប់ចាប់ឃាត់ខ្លួនបានជនបង្កបានភ្លាមៗ ប្រគល់ឲ្យនគរបាលប៉ុស្តិ៍នាំខ្លួនទៅសាកសួរ ។

តែបើតាមសម្តីយុវជនខាងលើវិញ ឆ្លើយប្រាប់នៅកន្លែងកើតហេតុ បានឲ្យដឹងថា រូបគេខឹងនឹងរថយន្តខាងលើ បើកកៀរកង់របស់គេ តាមផ្លូវជាតិលេខ៤ ខាងលិចសាលាសង្កាត់ចោមចៅ ហើយព្យាយាមបើករត់ធ្វើតែមិនដឹង ធ្វើឲ្យគេខឹងខ្លាំងពេក ទ្រាំលែងបាន រើសបានដុំថ្ម ជិះកង់ប្រដេញតាមរថយន្ត រហូតដល់ចំណុចខាងលើ តាមទាន់គប់មួយដុំថ្មតែម្តង ។

ក្រោយពីឃាត់ខ្លួនបានជនបង្ក សមត្ថកិច្ចនាំខ្លួន ចូលប៉ុស្តិ៍ចោមចៅ៣ ហើយឲ្យភាគីសងខាងសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តមិនប្តឹងផ្តល់អ្វីដែរ គ្រាន់តែសូមឲ្យយុវជនខាងលើជួយចេញថ្លៃកញ្ចក់ផ្ទាំងមុខ ដើម្បីបញ្ចប់រឿង ៕ សុខាសែនជ័យ


ចែករំលែក៖