ភ្នំពេញ៖ បុរសម្នាក់បានរងរបួសបាក់ដៃឆ្វេង២កំណាត់ និង សន្លប់ស្ដូកស្ដឹង នៅនឹងកន្លែង ហើយត្រូវបានប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវជួយសង្គ្រោះ ដោយសារតែការបើកបរគ្មានការប្រុងប្រយ័ត្ន ខណៈដែលរូបគេកំពុងបើកម៉ូតូ រវល់ដកទូរស័ព្ទយកមកចុច អត់បានមើលផ្លូវ ក៏ជ្រុលចង្កូតទៅបុកខឿនចិញ្ចើមផ្លូវក្បែរវិមានឯករាជ្យ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចជិតរង្វង់មូលវិមានឯករាជ្យ តាមបណ្ដោយផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះ មិនស្គាល់អត្តសញ្ញាណ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា PCX ពណ៌ស ពាក់ ស្លាក លេខ ភ្នំពេញ 1CF-4949 ធ្វើដំណើរ ពី ត្បូង ទៅ ជើងក្នុង ល្បឿនលឿនគួរសម ។ លុះ មក ដល់ ចំណុច កើតហេតុ ខណៈពេលកំពុងបើកម៉ូតូ តែឆ្លៀតដកទូរស័ព្ទយកមកចុចទាំងមិនបានមើលទៅមុខ ក៏ជ្រុល ចង្កូត ទៅ បុកខឿនចិញ្ចើមផ្លូវ បណ្តាល ឲ្យ ដួលម៉ូតូ រង ការ ខូចខាត បន្តិចបន្តួច ។ ចំណែកអ្នកបើកបរ បានរងរបួសធ្ងន់រហូតដល់ បាក់ដៃឆ្វេង២កំណាត់ សន្លប់ស្ដូកស្ដឹង នៅលើផ្លូវកន្លែងកើតហេតុ ត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ ។
ក្រោយកើតហេតុម៉ូតូជនរងគ្រោះ ត្រូវបានក្រុមគ្រួសារមកយក ហើយទៅមន្ទីរពេទ្យជាមួយគ្នាផងដែរ ៕ស តារា