ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីភ្នំពេញគ្រោងដាក់ឲ្យដំណើរការស្ថានីយបូមទឹកបឹងត្របែក ក្នុងសប្តាហ៍នេះ ដើម្បីរំដោះទឹកលិចលង់ក្នុងខណ្ឌ៣ នៅរដូវវស្សា

ចែករំលែក៖

ភ្នំពេញ៖ ស្ថានីយបូមទឹកបឹងត្របែក ដែលមានម៉ូទ័រថ្មីចំនួន១១គ្រឿង ស្ថិតនៅលើកំណាត់ផ្លូវ២៧១ នឹងដាក់ឲ្យដំណើរការ នៅចុងក្នុងសប្តាហ៍នេះ ដែលមានសមត្ថភាពបូមទឹកចេញ កើនបាន៣ដង បើធៀបសមត្ថភាពបូមទឹកចាស់ ដើម្បី ត្រៀមរំដោះទឹកចេញពីភាគខាងត្បូងរាជធានីភ្នំពេញ ឲ្យបានទាន់ពេល នៅក្នុងរដូវវស្សានេះ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ ឲ្យដឹងនៅថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ សព្វថ្ងៃ ការដ្ឋានសាងសង់ស្ថានីយបូមទឹកបឹងត្របែកថ្មី ស្ថិតនៅលើកំណាត់ផ្លូវ ២៧១ ជិតច្រមុះជ្រូក ក្បាលថ្នល់ នៅក្នុងខណ្ឌចំការមន មកដល់ពេលនេះ ការដ្ឋានសាងសង់ស្ថានីយទាំងមូលសម្រេចបាន ៩៨ ភាគរយហើយ។ ស្ថានីយនេះ នឹងដាក់ឲ្យដំណើរការ នៅដើម សប្តាហ៍នេះ ទាំងម៉ូទ័រថ្មី ចំនួន១១គ្រឿង ដែលមានសមត្ថភាពបូមទឹកកើនឡើងបាន ៣ដង បើប្រៀបធៀបសមត្ថភាពស្ថានីយបូមទឹកចាស់កន្លងមក ដើម្បី ត្រៀមរំដោះទឹកចេញតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ឲ្យបានទាន់ពេល នៅក្នុងរដូវវស្សានេះ។

លោកបន្តថា៖ នៅពេលនេះ ក្រុមការងារជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កំពុងសាកល្បងម៉ូទ័របូមទឹកថ្មីចំនួន៥គ្រឿង នៅស្ថានីយបឹងត្របែកនេះ ហើយក្នុងសប្តាហ៍បន្ទាប់មក ម៉ូទ័រថ្មីចំនួន១១គ្រឿង នឹងដាក់ឲ្យដំណើរការទាំងអស់ ដែលមានសមត្ថភាពបូមទឹក ២៣,៣ម៉ែត្រគូប ក្នុង១វិនាទី ដែលកើនបាន ៣ដង លើសសមត្ថភាពស្ថានីយបូមទឹកចាស់។ នៅពេលនេះសម្រេចបាន ៩៨ ភាគរយហើយ ហើយទាំងអស់នេះ នឹងដាក់ឲ្យដំណើរការ នៅចុងសប្តាហ៍នេះ ដែលវាបានកាត់បន្ថយបានច្រើននៅក្នុងខណ្ឌ៣ គឺខណ្ឌចំការមន ដូន ពេញនិងខណ្ឌ ៧មករា ដើម្បី ចូលរួមដោះស្រាយបញ្ហាទឹកលិចនៅរដូវវស្សានេះឯង ។

លោក បញ្ជាក់ថា ៖ ស្ថានីយបូមទឹកបឹងត្របែកនេះ បានបំពាក់ម៉ូទរ័ថ្មីខ្នាតធំចំនួន១១គ្រឿង ម៉ូដែលមានសមត្ថភាពបូមទឹកបាន ២៣,៣ម៉ែត្រគូប ដោយធានាបានការលិចលង់ដោយជំនន់ទឹកភ្លៀង។ ក្រៅពីកសាងស្ថានីយនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានដំណើរការស្តារនិងបុកស៊ីផាយអមប្រឡាយបឹងត្របែកផងដែរ ដើម្បី បើកមុខទឹក ឲ្យចរន្តទឹកហូរបានលឿន មកស្ថានីយ។

សូមបញ្ជាក់ថា៖ បច្ចុប្បន្នរាជធានីភ្នំពេញ មានស្ថានីយបូមទឹកចំនួន១៤កន្លែង គឺស្ថានីយបូមទឹកបឹងត្របែក បឹងទំពន់ បឹងសាឡាង ទួលគោក១ត្រឡោកបែក ទួលគោក២ផ្លូវលេខ ៧០ ទំនប់ ទួលគោក ព្រះគន្លង់១ ព្រះគន្លង់២ ស្ថានីយផ្សារ ចាស់ស្ថានីយចាក់តុមុខ ស្ថានីយស្វាយប៉ាកគីឡូ៩ស្ថានីយ កប់ស្រូវ ស្ថានីយទួលសំពៅ ស្ថានីយបូមទឹកបុរី ១០០ខ្នង និងស្ថានីយលូ៥ ស្ទឹងមានជ័យ ៕ សំរិត


ចែករំលែក៖