ប៉ោយប៉ែត ៖ ជនរងគ្រោះម្នាក់ដែលជាកម្មករខ្មែរធ្វើការនៅក្នុងខេត្តឈុនបុរី ប្រទេសថៃ បានស្លាប់ភ្លាមៗក្រោយពីបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈដែលជនរងគ្រោះរូបនេះកំពុងអង្គុយធ្វើការសុខៗ ស្រាប់តែមានជនជាតិខ្មែរដូចគ្នាបានលបវាយនឹងដំបងឈើជ្រុងចំក្បាលពីក្រោយ ព្រមទាំងបានវាយបន្ថែមទើបរត់គេចខ្លួន។
ហេតុការណ៍ដែលយើងទទួលបានពីសារព័ត៌មានថៃនេះ គឺបានកើតឡើងកាលពីថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១២ ថ្ងៃត្រង់ នៅត្រង់ចំណុចទីតាំងកន្លែងបាញ់ថ្នាំរថយន្ត មួយកន្លែង លេខ ១៩/១ ស្ថិតក្នុងភូមិ១ ឃុំណងរី ស្រុកមឿង ខេត្តឈុនបុរី ប្រទេសថៃ ដោយជនរងគ្រោះមានឈ្មោះ វ៉ា គឹមសេង ភេទប្រុស អាយុ៣៧ឆ្នាំ ប៉ុន្តែគេមិនទាន់ដឹងថាជនរងគ្រោះរស់នៅក្នុងខេត្តណានៃប្រទេសកម្ពុជា នោះឡើយ ។
បើតាមការអះអាងពីសាក្សីឈ្មោះ ស៊ុំ សក្តិ ភេទប្រុស អាយុ៤៧ឆ្នាំ ជាជនជាតិថៃធ្វើការនៅកន្លែងជាមួយគ្នា បាននិយាយថា នៅមុនពេលកើតហេតុ គឺជនរងគ្រោះ កំពុងអង្គុយធ្វើការជាធម្មតា ឯខ្លួនក៏នៅធ្វើការមិនឆ្ងាយពីគ្នាប៉ុន្មានដែរ ។
ភ្លាមនោះក៏ស្រាប់តែឮដូចជាសម្លេងគេវ៉ៃមនុស្ស លុះពេលក្រលេកមើលទៅម្តងទៀត គឺឃើញ ជនរងគ្រោះដួលដេកទៅលើធរណី ពោរពេញដោយឈាមទៅហើយ ដោយនៅពីក្រោយខ្នង ឃើញឈ្មោះ ផេក លៀប ភេទប្រុស អាយុ២៧ឆ្នាំ ត្រូវជាក្មួយ កំពុងឈរកាន់ដំបងឈើជ្រុងវាយបន្ថែមទៀត ទើបខ្លួនបានលោតទៅស្រែឃាត់ ហើយជនសង្ស័យក៏បានរត់គេចខ្លួនបាត់តែម្តង ។
ដោយឡែកអ្នកស្រី ថុនឌី សកល អាយុ៣៧ឆ្នាំ ជាថៅកែនៅកន្លែងកើតហេតុនេះ បានលើកឡើង និងសរសើរថា ជនសង្ស័យខាងលើ គេគឺជាមនុស្សរាបសារណាស់ ដោយមិនដែលចេះកោងកាចដាក់អ្នកណាម្នាក់ឡើយ ដោយគ្រាន់តែកន្លងមក គេធ្លាប់មានរោគសសៃប្រសាទហើយសង្ស័យថា អាចខានលេបថ្នាំយូរពេកទើបរោគសញ្ញានេះរើឡើងវិញ ។
នៅក្នុងពេលនោះ ក្រុមតម្រួតបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យខេត្តឈុនបុរី ព្រមទាំងបានជួយធ្វើចលនាបេះដូងផង ប៉ុន្តែជនរងគ្រោះបានស្លាប់ដោយមិនទាន់បានទៅដល់មន្ទីរពេទ្យផង ។
ឯជនសង្ស័យត្រូវបានសមត្ថកិច្ចថៃ តាមប្រមាញ់នឹងចាប់ខ្លួនបាននៅត្រង់ចំណុចឃុំបាងប្លា៉សយក្នុងស្រុកមឿង ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕ វណ្ណា