ខេត្តព្រះសីហនុ៖ មនុស្សប្រុសស្រីចំនួន៤នាក់បានរងរបួសធ្ងន់ និងម្នាក់រងរបួសស្រាល ក្នុងហេតុការណ៍រថយន្តដឹកត្រីធន់ធំ បុកបះនិងរថយន្តសាំយ៉ុងក្នុងទិសដៅបញ្ច្រាសគ្នា ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង៤០នាទីព្រឹក ថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូ២០៧/២០៨ ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ។
តាមប្រភពពីសមត្តិកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់នេះបង្កឡើងដោយរថយន្ត១គ្រឿងម៉ាកហុិនដាយក្បាលពណ៌ ស ពាក់ស្លាកលេខកំពត ៣A ០៧៨៦ ទិសដៅពីភ្នំពេញមក ខេត្តព្រះសីហនុ អ្នកបើកបរគេចខ្លួន មកដល់ចំណុចខាងលើរថយន្តហុិនដាយបើកវ៉ារថយន្តមួយគ្រឿងក៏ចង្កូតទៅបុករថយន្តមួយគ្រឿងទៀតក្នុងទិសដៅផ្ទុយគ្នាម៉ាកសាំយ៉ុង ពណ៌ សំបកឪឡឹកពាក់ស្លាកលេខភ្នំពេញ ២L ៣១៨៩(រថយន្តឈ្នួល) បណ្តាលឲ្យមនុស្សក្នុងរថយន្តឈ្នួលរងរបួសធ្ងន់ចំនួន៤នាក់(ស្រី២នាក់)និង រងរបួសស្រាលចំនួន១នាក់(ប្រុស) ៕ ឆ្លាម សមុទ្រ