ព័ត៌មានទាន់ហេតុការណ៍៖

លោក គន់ គីម សមាជិកគណៈកម្មការអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ប្រជុំដាក់ផែនការដល់ថ្នាក់ដឹកនាំខេត្តឧត្តរមានជ័យ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ លោក គន់ គីម សមាជិកគណៈកម្មការអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈពង្រឹងការងារខេត្តឧត្តរមានជ័យ បានប្រជុំដាក់ចេញផែនការយុទ្ធសាស្ត្រមួយចំនួនដល់ថ្នាក់ដឹកនាំបក្សក្នុងខេត្ត ដើម្បីឈានទៅដណ្តើមជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ ដែលនឹងចូលមកដល់នៅថ្ងៃទី២៩​ ខែកក្កដា ឆ្នាំ២០១៨ខាងមុខដ៏ខ្លីនេះ។

ក្នុងកិច្ចប្រជុំនោះ លោក គន់ គីម បានលើកឡើងថា បើទោះបីគណបក្សប្រជាជនកម្ពុជា បានសាងគុណសម្បត្តិច្រើនឥតគណនាសម្រាប់ជាតិមាតុភូមិ ជាពិសេសការកសាងបានសន្តិភាពសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេសយ៉ាងណាក្តី តែទំនួលខុសត្រូវចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋត្រូវតែបន្តជាប់ជាប្រចាំមិនអាចខកខានបានក្នុងមួយវិនាទីណាមួយនោះឡើយ។

ក្នុងន័យនេះ ​លោក គន់ គីម បានណែនាំថ្នាក់​ដឹក​នាំបក្ស​ខេត្តឧត្តរមានជ័យ និងក្រុម​ការងារត្រូវចុះឲ្យដល់ខ្នងផ្ទះ​របស់ប្រជាពលរដ្ឋ ក៏ដូចជាសមាជិក ដើម្បីដោះស្រាយបញ្ហាកំពុងជួបប្រទះ។

លោក គន់ គីម ជឿជាក់ថា ការបន្តសាងអំពើល្អសម្រាប់ប្រជាជន កាប្រឹងប្រែងដោះស្រាយទុក្ខលំបាករបស់ប្រជាជន ជួយឲ្យប្រជាជនមានជីវភាពកាន់តែល្អប្រសើរ គណបក្សប្រជាជនកម្ពុជា នឹងនៅតែបន្តទទួលបានការគោរពស្រឡាញ់ពីប្រជាពលរដ្ឋឆ្ពោះដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតនេះ។

ជាមួយគ្នានេះមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជារូបនេះ ក៏បានណែនាំថ្នាក់ដឹកនាំក្នុងខេត្តឲ្យបន្តពន្យល់ប្រជាពលរដ្ឋពីរបៀសគូសសន្លឹកឆ្នោត សារៈសំខាន់នៃការបោះឆ្នោត និងណែនាំឲ្យពួកគាត់ចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។

សូមបញ្ជាក់ថា ខេត្តឧត្តរមានជ័យ ដែលជាខេត្តសមរភូមិប្រយុទ្ធដ៏ស្រួចស្រាវមួយពីអតីតកាលនោះ មានអាសនៈរដ្ឋសភាតែមួយអាសនៈតែប៉ុណ្ណោះ ហើយគណបក្សប្រជាជនកម្ពុជាតែងគ្រប់គ្រងអាសនៈនៅក្នុងខេត្តមួយនេះ៕


ចែករំលែក៖