ព័ត៌មានទាន់ហេតុការណ៍៖

ចាប់យាយចងហើយចាប់រំលោភចៅរួចប្លន់លុយ និងគ្រឿងអលង្កាដូចក្នុងរឿងកុន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ចៅ និងយាយ២នាក់ ត្រូវបានក្រុមចោរចូលទៅចាប់ចងហើយប្លន់យកលុយ និងគ្រឿងអលង្កាអស់មួយចំនួន ព្រមទាំងចាប់រំលោភចៅស្រីទៀតផង តែការចាប់រំលោភនេះទំនងជាមិនបានសម្រេចឡើយដោយកុមារីរងគ្រោះស្រែកថាឈឺ ហើយក្រុមចោរគ្នាវាស្រែកហៅទៀតផង ។

ហេតុការណ៍ប្លន់ និងរំលោភនេះកើតឡើងកាលពីយប់ថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ នៅភូមិកណ្តាល ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ លោកយាយរងគ្រោះឈ្មោះងិន សុន អាយុ៦៩ឆ្នាំ និងចៅស្រីអាយុ១២ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ ។

នៅព្រឹកថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ ជួបជាមួយអ្នកយកព័ត៌មាន លោកយាយបានរៀបរាប់ថា មុនពេលកើតហេតុ គាត់ និងចៅបានរៀបចំចូលសំរាកនៅផ្ទះដូចសព្វដងរហូតដល់១១ និង៣០នាទីយប់ ស្រាប់តែមានមនុស្សបិទមុខ២នាក់មកចាប់គាត់ និងចៅទម្លាក់ពីលើគ្រែហើយយកខ្សែចងគាត់ និងចៅបំបែកចេញពីគ្នាហើយសួររកមាស និងលុយដែលកូនគាត់ផ្ញើទុក ។

លោកយាយបន្តថា ពេលនោះចោរបានវាយគាត់ឲ្យប្រាប់ពីកន្លែងលាក់លុយ និងមាស ដោយទ្រាំមិនបានគាត់ក៏ប្រាប់ពីកន្លែងលាក់ខ្សែក ដែលកូនស្រីគាត់ផ្ញើ និងលុយ១លានរៀល មិនតែប៉ុណ្ណោះក្រុមចោរបានដោះយកក្រវិលមាស១ជីពីចៅស្រីគាត់ ព្រមទាំងចិញ្ចៀនមាស១ជីពីគាត់ ហើយប្រមូលយកខ្សែកផ្លាកទិន៥ជី ដែលលាក់ទុកក្រោមខ្នើយទៀតផង ។

លោកយាយបន្តទៀតថា “ក្រោយប្រមូលយកលុយ និងគ្រឿងអលង្កាបានហើយ ពួកវាបានចាប់ចៅស្រីរបស់គាត់ទៅក្រោយផ្ទះហើយ ធ្វើសកម្មភាពរំលោភចៅរបស់គាត់ទៀត តែគាត់មិនអាចជួយអ្វីបានក្រៅពីអាណិតនាងឡើយ” ។

ចំណែកកុមារីរងគ្រោះបានរៀបរាប់ថា “នាងមានម្តាយអាយុ៣៧ឆ្នាំជាកម្មការិនីកាត់ដេរ ឱពុកអាយុ៣៩ឆ្នាំជាកម្មករសំណង់ រាល់ថ្ងៃនាងរស់នៅជាមួយជីដូន” ។

កុមាររីរងគ្រោះបានបន្តថា “មុនពេលកើតហេតុ នាងកំពុងដេកជាមួយជីដូន ស្រាប់តែមានមនុស្សមកចាប់អូសទម្លាក់ពីលើគ្រែហើយយកកាំបិតភ្ជង់មិនឲ្យស្រែក បើហ៊ានស្រែក ពួកវាសម្លាប់ចោល ពេលនោះពួកវាចាប់ចងនាង និងយាយ ហើយគ្នាវាម្នាក់បានអូសនាងទៅក្រៅផ្ទះ ដោយបានធ្វើសកម្មភាពរំលោភនាង តែនៅពេលនោះ ដោយទ្រាំពុំបាន និងឈឺផង នាងក៏ស្រែកហៅយាយឲ្យជួយ ទំនងខ្លាចបែកការណ៍ ដោយគ្នាវាហៅផងនោះ ទើបវានាំគ្នារត់គេចបាត់អស់ ទើបនាងបានរួចផតពីក្រញាំតណ្ហារបស់ក្រុមចោរនោះ” ។

ប្រជាពលរដ្ឋរស់នៅមូលដ្ឋានខាងលើ បានលើកឡើងថា ក្រុមចោរទាំងនេះអាចមិនមែនជាមនុស្សក្រៅភូមិនោះទេ ព្រោះពួកវាដឹងពីសកម្មភាពយាយចៅ ហើយដឹងថា ម្តាយកុមារីរងគ្រោះបានផ្ញើខ្សែកផ្លាកទីននៅនឹងលោកយាយទៀតផង ។

ចំពោះភាពអសកម្មរបស់មន្ត្រីនគរបាលប៉ុស្តិ៍នេះដែរ បន្ទាប់ពីដឹងដល់ថ្នាក់លើ ថ្នាក់លើបានស្តីបន្ទោសយ៉ាងខ្លាំងថា រឿងកើតឡើងដល់ថ្នាក់នេះទៅហើយ មិនគួរណាប៉ុស្តិ៍ចង់លាក់បាំងបែបនេះទេ ។

នគរបាល ខេត្តមួយរូបបានបង្ហើបថា “ក្រោយទទួលព័ត៌មានអំពីករណីនេះភ្លាម ថ្នាក់លើបានចាត់កម្លាំងព្រហ្មទណ្ឌ ខេត្តចុះមកអង្កេតស្រាវជ្រាវជាបន្ទាន់ផងដែរ” ៕ សេនាស័ក្តិ


ចែករំលែក៖