ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលព្រហ្មទណ្ឌកម្រិតស្រាលក្រុង ឃាត់ខ្លួនមុខសញ្ញាចោរកាច់. កម៉ូតូ២នាក់

ចែករំលែក៖

ភ្នំពេញ ៖ មុខសញ្ញាកាច់. កម៉ូតូ យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ២នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយ នគរបាលប៉ុស្តិ៍ទំនប់ ខណ្ឌចំការមន ស្រាវជ្រាវឃាត់ខ្លួន កាលពីវេលាម៉ោង ៦និង៣០នាទីល្ងាច ថ្ងៃ អង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ចំណុចផ្លូវលេខ៤៣២កែងនឹងផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។

ជនសង្ស័យទាំង២នាក់នេះ ទី១មានឈ្មោះ ឆោម វាសនា ភេទប្រុស អាយុ ៣៩ ឆ្នាំ មុខរបប មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ១៨៥ ផ្លូវលេខ២១៥ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ; ទី២ មានឈ្មោះ ហេង ចំរើន ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបបមិនពិតប្រាកដ ស្នាក់នៅសង្កាត់-ខណ្ឌជ្រោយចង្វា ។ វត្ថុតាំងដកហូតបានពីជនសង្ស័យមាន៖ ម៉ូតូមួយគ្រឿងម៉ាកឌ្រី ម សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FR-2853 ជារបស់ជនសង្ស័យ និង គ្រឿងញៀនមួយកញ្ចប់ធំល្មម ។

មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា មុនពេលឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ គឺ កម្លាំងសមត្ថកិច្ច បានធ្វើការល្បាតក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗដែលអាចកើតមានឡើងជាយាថាហេតុ ស្របពេលនោះដែរកម្លាំងសមត្ថកិច្ច ក៏ទទួលបានដំណឹងតាមការបោះដៃតាមវិទ្យុទាក់ទង របស់កម្លាំងនគបាលព្រហ្មទណ្ឌកម្រិតស្រាល ថាមានជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាកាច់. កម៉ូតូ ដែលសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួន ប៉ុន្តែនៅពេលដេញតាមចាប់នោះ ជនសង្ស័យទាំង២នាក់ កំពុងតែរត់គេច ខ្លួនចូលទៅទឹកដីខណ្ឌចំការមន ។

មន្រ្តីដដែរបន្តទៀតថា បន្ទាប់ពីទទួលព័ត៌មានភ្លាមនោះ កម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌចំការមន បាន ធ្វើការស្ទាក់គ្រប់ច្រកល្ហក ស្រាប់តែប្រទះឃើញក្រុមជនសង្ស័យ ដែលមានភិនភាគ ដូចគេប្រកាសតាមចាប់ខ្លួន ក៏ឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ និងដកហូតបាន ថ្នាំញៀនប្រភេទក្រាមពណ៍សថ្លាចំនួន ១កញ្ចប់ធំល្មម យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលទំនប់ទឹក តែម្តង ។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថាពួកគេពិតជាបាននិងធ្លាប់ធ្វើសកម្មភាព កាច់.កម៉ូតូ យ៉ាងសកម្មភាព ក្នុងរាជធានីភ្នំពេញ ពិតប្រាកដមែន ហើយក្នុងករណីនេះ សមត្ថកិច្ចក៏មានកាំមេរ៉ាសុវត្ថិភាព របស់ជនសង្ស័យធ្លាប់ធ្វើសកម្មភាពលួចផងដែរ ។

ក្រោយកើតហេតុ ជនសង្ស័យរួមនិងវត្ថុតាំង ត្រូវបានប្រគល់ឲ្យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលក្រុង យកទៅសាកសួរបន្ត ដើម្បីធ្វើការស្រាវជ្រាវស្វែងរកបក្ខពួកជនសង្ស័យផ្សេងទៀតយកមកដាក់ទោសតាមច្បាប់ ៕ស តារា


ចែករំលែក៖